ភ្នំពេញៈ ​កម្ពុជា​នៅ​បន្ត​ចំណាយ​លើ​ការ​នាំ​ចូល​ច្រើន​ជាង​ការ​នាំ​ចេញ ហើយ​បាន​ធ្វើ​ឲ្យ​ឱនភាព​ជញ្ជីង​ពាណិជ្ជកម្ម​រីក​កាន់​តែ​ធំ​ឡើង​គិត​ត្រឹម​ឆ្នាំ ២០១៨ ដែល​មាន​រហូត​ដល់ ៥,២ ពាន់​លាន​ដុល្លារ។ ​នេះ​​បើ​​​តាម​របាយ​​ការណ៍​ប្រចាំ​ឆ្នាំ​​​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​។

របាយ​ការណ៍​ស្ថាន​ភាព​ជញ្ជីង​ទូទាត់​របស់​ NBC បាន​បង្ហាញ​ថា​ កម្ពុជា​បាន​​នាំចូល​ទំនិញ​មាន​តម្លៃ​ជា​ទឹក​ប្រាក់​រហូត​ដល់​ ១៨,៨ ​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​ ២០១៨​ ខណៈ​បាន​នាំចេញ​ទំនិញ​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ត្រឹម​​តែ​ ​១៣,​៦​ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។​ យោង​តាម​ NBC ទាំង​ទឹក​ប្រាក់​នៃ​ការ​នាំចេញ ​និង​​នាំចូល​នៅ​ឆ្នាំ ២០១៨ ​សុទ្ធ​តែ​មាន​​កំណើន​ធៀប​​នឹង​ឆ្នាំ​ ២០១៧ គឺ​​ការ​នាំចូល​កើន​ឡើង​ ២១​,​៣ ភាគរយ​ និង​ការ​នាំចេញ​កើន​ ២១ ​ភាគរយ​។

របាយការណ៍ ​NBC ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍​បង្ហាញ​​ថា​៖​ ​«កំណើន​តម្រូវ​ការ​ក្នុង​ស្រុក​លើ​ទំនិញ​មួយ​ចំនួន​ ដូច​ជា​សម្ភារ​សំណង់​ យានយន្ត ​គ្រឿង​បរិភោគ គួប​ផ្សំ​នឹង​ការ​កើន​ឡើង​ថ្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​អន្តរ​ជាតិ និង​​កំណើន​តម្រូវ​ការ​វត្ថុ​ធាតុ​ដើម​ពី​បរទេស​សម្រាប់​ផលិត​ផល​នាំចេញ ជា​កត្តា​ចម្បង​ជំរុញ​កំណើន​ការ​នាំ​ចូល​​»​​។ ​

របាយ​ការណ៍​របស់​ NBC ​បង្ហាញ​ថា ​ខណៈ​​ឱនភាព​ពាណិជ្ជកម្ម​របស់​ប្រទេស ​កម្ពុជា ​មាន​ចំនួន​ ៥,២ ​ពាន់​លាន​​កាល​ពី​ឆ្នាំ​ ២០១៨ ​ទឹក​ប្រាក់​នៃ​ឱនភាព​ពាណិជ្ជកម្ម​នេះ​កើន​ឡើង​ ២២ ​ភាគរយ​​ធៀប​នឹង​ ៤,​២៧ ​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ​២០១៧។ ​ឱនភាព​ពាណិជ្ជកម្ម​របស់​កម្ពុជា​កាល​ពី​ឆ្នាំ​ ២០១៥ ​មាន​ចំនួន​ ៣,​៩៤ ​ពាន់​លាន​ដុល្លារ ​និង​ឆ្នាំ ​២០១៦ ​មាន​ចំនួន​ ៣,​៨៤ ​ពាន់​លាន​ដុល្លារ​។​

លោក ​Hiroshi Suzuki ​ប្រធាន​សេដ្ឋវិទូ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ពាណិជ្ជកម្ម​សម្រាប់​​ប្រទេស ​កម្ពុជា ​(BRIC​)​​ បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ឱនភាព​ពាណិជ្ជកម្ម​របស់​ប្រទេស កម្ពុជា ​គឺ​ជា​និន្នាការ​​​ធម្មតា​សម្រាប់​​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​។ ​កំណើន​ឱនភាព​ពាណិជ្ជកម្ម តែង​កើត​មាន​ក្នុង​អំឡុង​​ដំណាក់​កាល​កំណើន​ខ្ពស់ ​ព្រោះ​​​ដើម្បី​អាច​សម្រេច​បាន​កំណើន​ខ្ពស់​ វា​ចាំបាច់​ត្រូវ​នាំចូល​ឧបករណ៍​ថ្មី​ជា​ច្រើន​ប្រភេទ​ និង​វត្ថុ​ធាតុ​ដើម​សម្រាប់​ការ​ផលិត​។​

លោក​ Suzuki ឲ្យ​ដឹង​ថា សូម្បី​តែ​ប្រទេស ​ជប៉ុន ក៏​បាន​ឆ្លង​កាត់​ដំ​ណាក់​កាល​​​ឱនភាព​ពាណិជ្ជកម្ម​នេះ​ដូច​គ្នា​ដែរ​នៅ​ក្នុង​អំឡុង​សេដ្ឋកិច្ច​មាន​​កំណើន​ខ្ពស់​​ក្នុង​អំឡុង​ចាប់​ពី​ទសវត្សរ៍​ឆ្នាំ ១៩៥០ ​ដល់​ទសវត្សរ៍​ឆ្នាំ ១៩៦០។​

លោក​ Suzuki ​ពន្យល់​ថា ​ឱនភាព​ជញ្ជីង​​​ពាណិជ្ជកម្ម​របស់​​កម្ពុជា​ត្រូវ​បាន​​​ប៉ះប៉ូវ​ទាំង​ស្រុង​ដោយ​អតិរេក​គណនី​សេវាកម្ម​ (ភាគ​ច្រើន​ទេសចរណ៍​​) ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការ (ODA) និង​ការ​​វិនិយោគផ្ទាល់​​បរទេស​ (FDI)​។ កត្តា​សំខាន់​ៗ​ទាំង​នេះ​ បាន​ធ្វើ​ឲ្យ​ជញ្ជីង​ទូទាត់​កម្ពុជា​មាន​​​អតិរេក​ក្នុង​អំឡុង​ពេល​​ជា​ច្រើន​ឆ្នាំ​ និង​បាន​​ពូន​គរ​​ទុន​បម្រុង​​រូបិយ​ប័ណ្ណ​បរទេស​ឲ្យ​​​កើន​​ឡើង​ដល់​​​​ប្រហែល​ ​១០ ​ពាន់​លាន​ដុល្លារ​ ​កាល​ពី​ចុង​ឆ្នាំ​ ២០១៨ ដែល​អាច​រ៉ាប់រង​​​លើ​ការ​នាំចូល​​​ប្រហែល​ ៦ ខែ ​(ជា​ធម្មតា​ ៣ ខែ​គឺ​គ្រប់គ្រាន់)​។​

លោក​ថ្លែង​ថា​៖ «​ដូច្នេះ​ នៅ​ដំណាក់​កាល​​​នេះ​ ឱនភាព​​​ពាណិជ្ជកម្ម គឺ​​​មិនមែន​​ជា​និន្នាការ​​ធ្ងន់ធ្ងរ​ ឬក៏​ជា​ហានិភ័យ​​ធ្ងន់ធ្ងរ​សម្រាប់​សេដ្ឋកិច្ច​របស់​​កម្ពុជា​​នោះ​ទេ​»។

លោក​​បន្ថែម​ថា ​ដើម្បី​បន្ត​កំណើន​សេដ្ឋកិច្ច​ល្អ​ក្នុង​រយៈ​ពេល​វែង​ វា​ចាំ​បាច់​សម្រាប់​​កម្ពុជា​ក្នុង​ការ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​​សម្រាប់​ការ​បង្កើន​ការ​នាំចេញ​ឲ្យ​បាន​ច្រើន តាម​រយៈ​ការ​ពង្រឹង​សមត្ថភាព​ប្រកួត​​ប្រជែង​ និង​ការ​​ធ្វើ​ពិពិធកម្ម​ឧស្សាហកម្ម និង​ទិសដៅ​នាំចេញ​។​ ​​

លោក Suz​ki ថ្លែង​ថា​៖ «​មាន​ការ​​​រំពឹង​ថា កម្ពុជា​នឹង​បន្ត​​កិច្ច​ខិតខំ​ប្រឹងប្រែង​ ក្នុង​ការ​ទាក់ទាញ​​​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​មក​​កម្ពុជា​ និង​បន្ត​​ទាក់់ទាញ​​ FDI កាន់​តែ​ច្រើន​​តាម​រយៈ​ការ​កែ​លម្អ​បរិយាកាស​វិនិយោគ​»។​​

ក្រាហ្វិកព័ត៌មាន​បង្ហាញពីទំហំទឹកប្រាក់នាំចេញ និងនាំចូល​របស់​កម្ពុជា​កាលពីឆ្នាំ​២០១៨។ភ្នំពេញ ប៉ុស្តិ៍

របាយ​ការណ៍​របស់​ NBC ​បង្ហាញ​ថា សហភាព​អឺរ៉ុប​ គឺ​ជា​ទីផ្សារ​មួយ​​របស់​​​កម្ពុជា ដែល​មាន​ ២៩​ ភាគរយ​នៃ​តម្លៃ​នាំចេញ​សរុប​របស់​កម្ពុជា​​កាល​ពី​ឆ្នាំ​មុន​។ អាមេរិក គឺ​ជា​ទិសដៅ​នាំចេញ​​ឈាន​មុខ​គេ​ទី២​ ដែល​មាន​ ២៤​ ភាគរយ​ បន្ទាប់​មក​ចក្រភព​អង់គ្លេស​មាន ​៩ ភាគរយ​ និង​ជប៉ុន ​៨ ​ភាគរយ​។​

ប្រទេស​ដែល​កម្ពុជា​នាំចូល​ឈាន​មុខ​គេ​គឺ​​ចិន ​ដែល​មាន ​៤០ ​ភាគរយ​នៃ​ការ​នាំចូល​សរុប​កាល​ពី​ឆ្នាំ​មុន ​តាម​ពី​ក្រោយ​​ដោយ​ប្រទេស ​ថៃ ១៥,​៥ ​ភាគរយ​ វៀតណាម ១១,​៧ ភាគរយ​ និង​ជប៉ុន​ ៤ ​ភាគរយ​។

លោក​ លឹម​ ហេង​ អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ការ​ជំរុញ​​​ឧស្សាហកម្ម​​តម្រង់​ទិស​ដៅ​នាំចេញ​​ និង​វិស័យ​សំណង់​ បាន​ជំរុញ​តម្រូវ​ការ​វត្ថុ​ធាតុ​ដើម​ និង​​ផលិតផល​ពាក់​កណ្ដាល​សម្រច​​ពី​​បរទេស ដើម្បី​គាំទ្រ​ដល់​​ការ​ផលិត ខណៈ​​មាន​ការ​ផ្គត់ផ្គង់​បន្តិច​បន្តួច​ពី​ការ​ផលិត​ក្នុង​ស្រុក​។​

លោក​​​ឲ្យ​ដឹង​ថា វា​ជា​​និន្នាការ​ធម្មតា​ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​ តែងតែ​​មាន​តម្លៃ​នាំចូល​​ធំ​ជាង​​ការ​នាំចេញ​ ​ហើយ​លោក​សង្ឃឹម​ថា ​គម្លាត​នេះ​នឹង​រួមតូច ​នៅ​ពេល​ការ​ផលិតផល​​កសិកម្ម​នឹង​​កាន់​​តែ​​ប្រសើរ​ឡើង ​និង​ការ​អភិវឌ្ឍ​វិស័យ​​​រ៉ែ​។​ ​​

លោក​បាន​​ថ្លែង​ថា​៖ «​យើង​​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​អភិវឌ្ឍន៍​ដូច្នេះ​យើង​​មាន​តម្រូវ​ការ​ធំ​សម្រាប់​សម្ភារ​គ្រឿង​យន្ត ​ឬ​ឧបករណ៍​​ដើម្បី​គាំទ្រ​កំណើន​​នៃ​ការ​​ផលិត​ជា​ច្រើន​​ប្រភេទ​»។​

លោក​បញ្ជាក់​ថា​៖ «​ប្រទេស​មួយ​ចំនួន​​ដូច​ជា ថៃ ​និង​វៀតណាម ធ្លាប់​មាន​​ឱនភាព​ពាណិជ្ជកម្ម​ ​ពេល​​​ប្រទេស​ទាំង​នេះ​កំពុង​ស្ថិត​ក្នុង​​ដំណាក់​កាល​រីក​ចម្រើន​​ដំបូង​ ហើយ​បន្ទាប់​​​មក​គម្លាត​នេះ​​​រួម​តូច​បន្តិច​ម្ដង​ៗ នៅ​ពេល​​ការ​ផលិត​​ក្នុង​ស្រុក​របស់​​គេ​កាន់​តែ​ខ្លាំង​ឡើង​ៗ​»៕​ LA