ភ្នំពេញ: កម្ពុជា និង​ម៉ាឡេស៊ី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ពន្ធ​ត្រួតគ្នា (DTA) និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ ២​។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​រួម​កាលពី​ថ្ងៃ​ម្សិលមិញ​។

កិច្ចព្រមព្រៀង​ទាំង​ ២ ​នេះ​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ម្សិលមិញ​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Mahathir Mohamad មក​កម្ពុជា​។

កិច្ចព្រមព្រៀង​ការចៀស​វាង​យកពន្ធ​ត្រួតគ្នា និង​ការ​ទប់ស្កាត់​ការ​គេចវេះ​ពន្ធ​លើ​ប្រាក់ចំណូល​រវាង​ប្រទេស​ទាំង​ ២ និង​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ជាមួយ​នឹង​លោក Saifuddin Abdullah រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ម៉ាឡេស៊ី​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក Mahathir Mohamad បាន​ធ្វើជា​សាក្សី​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ​យោគយល់​គ្នា​ចំនួន​ ២ ​នេះ​។

នៅក្នុង​ជំនួប​កាលពី​ថ្ងៃ​ម្សិលមិញ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ប្រទេស​ទាំង​​ ២ ​បាន​ប្តេជ្ញា​សម្របសម្រួល​វិធានការ​ចាំបាច់​នានា​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​។ លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​ធុរជន​ម៉ាឡេស៊ី​មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​នៅក្នុង​វិស័យ​កសិកម្ម អប់រំ និង​ទេសចរណ៍​»​។

តាម​លោកនាយក​រដ្ឋមន្ត្រី រដ្ឋាភិបាល​ម៉ាឡេស៊ី​ក៏​ប្ដេជ្ញាចិត្ត​បង្កើន​ល្បឿន​ពាណិជ្ជកម្ម​តាមរយៈ​គំនិត​ផ្ដួចផ្ដើម​ដែល​មាន​វិសាលភាព​ឆ្លងកាត់​ព្រំដែន​នៅក្នុង​អាស៊ាន និង​វេទិកា​ឌីជីថល​ដូចជា​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ផងដែរ​។

ដោយឡែក​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី Mahathir Mohamad បាន​ថ្លែងថា ប្រទេស ​ម៉ាឡេស៊ី ​នឹង​ជួយ​ជំរុញ​ឲ្យ​មាន​ការបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា​បន្ថែមទៀត​។

លោក​ថ្លែង​ថា​៖ «​នៅពេល​ត្រឡប់​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​វិញ ខ្ញុំ​នឹង​ប្រាប់​ទៅ​ប្រជាជន​យើង​ពិនិត្យ​មើលថា​អ្វី​ដែល​អាច​ទិញ​ពី​កម្ពុជា​បាន​ថែមទៀត ពិតណាស់​ប្រហែល​ជា​ទិញ​អង្ករ​ហើយ​កម្ពុជា​មាន​ផ្លែឈើ​ល្អៗ និង​ផលិតផល​ផ្សេងទៀត​»​។

លោក​បន្តថា​៖ «​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន យើង​ចង់ឃើញ​ភ្ញៀវទេសចរ​មក​ទស្សនា​នៅ​កម្ពុជា​កាន់តែ​ច្រើន ហើយ​សង្ឃឹមថា ភ្ញៀវទេសចរ​កម្ពុជា​ទៅ​ម៉ាឡេស៊ី​ក៏​កើនឡើង​ដែរ​»​។

លោក Eldeen Husaini Mohd Hashim អគ្គរដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា បាន​ប្រាប់​កាសែត BERNAMA ថា កិច្ចព្រមព្រៀង DTA នឹង​ជួយ​បង្កើន​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២​។

លោក​ថ្លែង​​ថា​៖ « DTA បាន​រារាំង​វិនិយោគ​ម៉ាឡេស៊ី​មិន​ឲ្យ​មក​កម្ពុជា​។ ការមាន DTA នឹង​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ម៉ាឡេស៊ី​កាន់តែច្រើន​មក​ស្វែងយល់​ពី​ឱកាស​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​»​។

លោក Eldeen Husaini បាន​ឲ្យ​ដឹងថា​ក្នុង​រយៈពេល​ ៣ ​ខែ ឆ្នាំ​​ ២០១៩​ ​នេះ​ស្ថានទូត​ទទួល​បាន​ពាក្យស្នើសុំ​ចំនួន ២០ ពី​ក្រុមហ៊ុន​ម៉ាឡេស៊ី​ដែល​ចង់​មក​ស្វែងយល់​ពី​ឱកាស​ធុរកិច្ច​និង​វិនិយោគ​នៅ​កម្ពុជា​រួមមាន ទាំង​គម្រោង​សណ្ឋាគារ​ ២០០០ ​បន្ទប់​ដែល​មាន​តម្លៃ ៤ ​ពាន់​លាន​ដុល្លារ​។

អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​លោក ជុក ជំនោរ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ ថា MoU ស្តីពី​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ ២ នឹង​ផ្លាស់ប្តូរ​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ជំរុញ​ផលិតផល និង​ផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ​ពី​វិស័យ​ទេសចរណ៍​។ លោក​បាន​ថ្លែង​ថា​៖ «​គោលបំណង​ចុះ​អនុស្សរណៈ​នេះ​ធ្វើ​យ៉ាងណា​ជំរុញ​ការ​ចរាចរ​ភ្ញៀវទេសចរ​ទាំង​ម៉ាឡេស៊ី និង​កម្ពុជា កាន់តែ​ច្រើន​ថែមទៀត​»​។

លោក​បន្តថា​បច្ចុប្បន្ន​នេះ​ការហោះហើរ​ត្រង់​ពី​ម៉ាឡេស៊ី មក​កម្ពុជា​មាន​ប្រមាណ ៥៨ ​ជើង​ក្នុង​មួយ​សប្តាហ៍​ដែល​ចុះចត​នៅ​អាកាសយាន​អន្តរជាតិ​ទាំង​ ៣ គឺ​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ​។

លោក​បន្ថែម​ថា​នៅក្នុង​រយៈពេល​ ៦ ​ខែ ឆ្នាំ​ ២០១៩ នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ ម៉ាឡេស៊ី​ជាង ៩០ ០០០ ​នាក់ ​ក្នុងចំណោម​ទេសចរ​បរទេស​សរុប ៣,៣ ​លាន​នាក់​។

ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​ម៉ាឡេស៊ី​នៅតែ​មាន​គម្លាត​ធំ​ដោយ​ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា ទៅ​ម៉ាឡេស៊ី​ក្នុង​រយៈពេល ៤ ​ឆ្នាំ​ចុង​ក្រោយ​សម្រេចបាន ៥៧១ ​លាន​ដុល្លារ ខណៈ​ការនាំចេញ​របស់​ម៉ាឡេស៊ី​មក​កម្ពុជា​មាន​រហូត​ ១,៣៦ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​។

របាយការណ៍​ដដែល​បង្ហាញ​ថា​នៅ​ឆ្នាំ​ ២០១៨ ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ម៉ាឡេស៊ី​មាន​តម្លៃ​ជាង​ ៥១៤ លាន​ដុល្លារ​ ក្នុង​នោះ​កម្ពុជា​នាំចេញ​ជាង​ ១២៩ ​លាន​ដុល្លារ ចំណែក​ការនាំចូល​មាន​តម្លៃ​ជាង ៣៨៥ ​លាន​ដុល្លារ​។ រយៈពេល​ ៦ ​ខែ ឆ្នាំ​ ២០១៩ ​ការនាំ​ចេញ​ពី​កម្ពុជា​មាន​តម្លៃ ៦០,៦៤ ​លាន​ដុល្លារ ខណៈ​ការ​នាំចូល​មាន​រហូត ២៥៥ ​លាន​ដុល្លារ​៕