ភ្នំពេញៈ​ កម្ពុជា ​និង​ម៉ាឡេស៊ី​ រំពឹង​ថា​នឹង​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​ទៅ​វិញ​ទៅ​មក​កាន់​តែ​ច្រើន​បន្ថែម​ទៀត ខណៈ​ភាគី​ទាំង ២ បាន​ឯកភាព​គ្នា​ក្នុង​ការ​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការណ៍​ទេសចរណ៍​។ នេះ​បើ​តាម​ក្រសួង​ទេសចរណ៍​កម្ពុជា។

ភាគី​ទាំង ​២ នឹង​ចុះ​​អនុស្សរណៈ​ស្តីពី​វិស័យ​ទេសចរណ៍​ នៅ​​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​​កម្ពុជា ​នៅ​ក្នុង​អំឡុង​ខែ​កញ្ញា ឬ​ តុលា​ ខាង​មុខ​។

ក្នុង​ជំនួប​​កាល​ពី​ល្ងាច​ថ្ងៃ​ទី ​២៦ ​ខែ ​មិថុនា រវាង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​​ លោក​ ថោង​ ខុន ​និង​ លោក Eldeen Husaini Binmohdhashim ​ឯក​អគ្គរាជទូត​ម៉ាឡេស៊ី​ថ្មី​ប្រចាំ​កម្ពុជា​ ភាគី​ទាំង ២ បាន​​​បង្កើត​ក្រុម​ការងារ​ពិសេស​​មួយ​ដោយ​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍ ​ដែល​​មាន​ដូចជា​ ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន​ទេសចរណ៍ ការ​​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​ និង​ការ​ជំរុញ​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍។

លោក Eldeen Husaini Binmohdhashim ក៏​ស្នើសុំ​កិច្ច​សហការ​ពី​ភាគី​កម្ពុជា​ពិនិត្យ​ទៅ​លើ​ចំណុច​មួយ​ចំនួន​​ដែល​ម៉ាឡេស៊ី​មាន​ដូចជា​ ការ​ជំរុញ​វិស័យ​ទេសចរណ៍​សុខាភិបាល (ការ​ពិនិត្យ​ព្យាបាល​ជំងឺ​ភ្ជាប់​ជាមួយ​ដំណើរ​ទេសចរណ៍) ការ​ជំរុញ​ទេសចរណ៍​វាយ​កូន​គោល ​រៀបចំ​ពិធី​ពិព័រណ៍​ម្ហូប​អាហារ​បែប​មូស្លីម​នៅ​កម្ពុជា ​ស្នើ​ភាគី​កម្ពុជា​បង្កើន​ការ​បណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​ម៉ាឡេស៊ី ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ និង​ការ​រៀបចំ​សេវាកម្ម​ម្ហូប​អាហារ​ហាឡាល់។

លោក​ តុប ​សុភ័ក អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍ កាល​ពី​ម្សិលមិញ​បាន​និយាយ​ថា​ ម៉ាឡេស៊ី​ជា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ​និង​មាន​ប្រជាជន​ធ្វើ​ដំណើរ​កម្សាន្ត​ច្រើន ដូច្នេះ​​បើ​កម្ពុជា​អាច​ផ្លាស់​ប្តូរ​ព័ត៌មាន​ពី​​វិស័យ​ទេសចរណ៍​​ជាមួយ​ម៉ាឡេស៊ី​បាន​ច្រើន​​នោះ។ ​

លោក ​តុប ​សុភ័ក ​បាន​​ថ្លែង​ថា៖ «​យើង​​សង្ឃឹម​ថា នឹង​អាច​រៀបចំ​បាន​នូវ​អ្វី​​ដែល​ពួក​គេ​ត្រូវ​ការ​ ​បច្ចុប្បន្ន​នេះ​ក្រសួង​ទេសចរណ៍​ក៏​កំពុង​តែ​សិក្សា​ពី​ការ​បណ្តុះបណ្តាល​មគ្គុទ្ទេសក៍​ទេសចរណ៍​ជា​ភាសា​ម៉ាឡេស៊ី​ផង​ដែរ​»។​

ខណៈ​​បច្ចុប្បន្ន​ការ​ហោះហើរ​ត្រង់​រវាង​ប្រទេស កម្ពុជា និង​ម៉ាឡេស៊ី មាន​ចំនួន​រហូត​ដល់​ ​៤៩ ​ជើង ​ក្នុង ​១ ​សប្តាហ៍​​នោះ លោក ​សុភ័ក​ បាន​អះអាង​ថា៖ ​«​​នៅ​ពេល​មាន​អនុស្សរណៈ​ទាក់ទង​នឹង​​វិស័យ​ទេសចរណ៍​​រវាង​ប្រទេស​ទាំង​ ​២ ​កើត​ឡើង ​កម្ពុជា​មិន​ត្រឹមតែ​មាន​ឱកាស​ស្រូប​យក​ភ្ញៀវ​ទេសចរ​ពី​ម៉ាឡេស៊ី​ផ្ទាល់​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​អាច​ស្រូប​​យក​ភ្ញៀវ​បរទេស​ពី​ប្រទេស ​ម៉ាឡេស៊ី ​ផង​ដែរ​»។​

ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​ បាន​បង្ហាញ​ថា កាល​ពី​ឆ្នាំ ​២០១៨​ កម្ពុជា​ទទួល​បាន​ទេសចរ​ម៉ាឡេស៊ី​ជាង ​២០ ​ម៉ឺន​នាក់ ​កើន​ឡើង ១២,២ ​ភាគរយ​។

ទិន្នន័យ​បង្ហាញ​ថា សម្រាប់​រយៈពេល ​៤ ​ខែ​ដើម​ឆ្នាំ ​២០១៩ ​កម្ពុជា​ទទួល​ភ្ញៀវ​ទេសចរ​ម៉ាឡេស៊ី​​ប្រមាណ​ជាង ​៦,​៥ ម៉ឺន​នាក់៕ LA