The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​-រុស្ស៊ី​​​ នឹង​សិក្សា​លើ​លទ្ធភាព​​បង្កើត ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី

កម្ពុជា​-រុស្ស៊ី​​​ នឹង​សិក្សា​លើ​លទ្ធភាព​​បង្កើត ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី

Content image - Phnom Penh Post
លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម។ រូបថត ក្រសួង​ពាណិជ្ជកម្ម

កម្ពុជា​-រុស្ស៊ី​​​ នឹង​សិក្សា​លើ​លទ្ធភាព​​បង្កើត ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី

ភ្នំពេញៈ ​កម្ពុជា-រុស្សី​ គ្រោង​នឹង​​បើក​ការសិក្សា​ពី​លទ្ធភាព​ក្នុង​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី (FTA) ក្នុង​​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំង ២ ​ខណៈ​ពេល​ដែល​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សកម្មភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២។

ការលើក​ឡើង​នេះ​ត្រូវ​ធ្វើឡើង​ដោយ​លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​នៅ​ថ្ងៃ​ទី ១ ខែ​ធ្នូ ឆ្នាំ​ ២០២០ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ពាណិជ្ជកម្ម​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​សហព័ន្ធ​រុស្សី​ប្រចាំ​កម្ពុជា តាមរយៈ​ប្រព័ន្ធ​វីដេអូ​។

កិច្ចពិភាក្សា​នេះ​ផ្តោត​សំខាន់​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​​ និង​វិនិយោគ​ទ្វេភាគី និង​ការពិនិត្យ​លទ្ធភាព​ក្នុង​ការសិក្សា​បង្កើត​កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​សេរី​កម្ពុជា-រុស្ស៊ី នា​ពេល​អនាគត​។ នេះ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម។

លោក អាណាតូលី បូរ៉ូវីក បាន​សង្កត់ធ្ងន់​ថា​ ការរីករាល​​ដាលវីរុស​កូរ៉ូណា​បាន​និង​កំពុង​បង្ក​ការរាំងស្ទះ​ដល់​ការប្រើប្រាស់​ ការបញ្ជា​ទិញ និង​ការ​ដឹក​ជញ្ជូន​ទំនិញ​​ទូទាំង​សកលលោក និង​បាន​ចូលរួម​ចំណែក​យ៉ាងធំ​ក្នុង​ការធ្វើឲ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-រុស្សី មាន​សម្ទុះ​កើនឡើង​តិចតួច​ក្នុង​រយៈពេល​ ១០ ​ខែ​ដើម​ឆ្នាំ​ ២០២០ ​នេះ​។

តាមរយៈ​ការជជែក​ទ្វេភាគី​នោះ​ប្រមុខ​ការទូត​រុស្ស៊ីរូប​នេះ ក៏​បាន​សម្តែង​ការកោតសរសើរ​​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​​កម្ពុជា​ក្នុង​ការដាក់​វិធានការ​ទប់ស្កាត់​មេរោគ​កូវីដ១៩​ ប្រកប​ដោយ​ប្រសិទ្ធភាព​​ខ្ពស់​ដែល​មក​ទល់ពេល​នេះ​គ្មាន​ជនរងគ្រោះ​ណា​ម្នាក់​នៅ​កម្ពុជា​បាន​បាត់បង់​ជីវិត​ដោយសារ​មេរោគ​នេះ​ទេ​។

លោក សុខ សុភ័ក្ត្រ បាន​លើក​ឡើង​ពី​អ្វី​ដែល​កម្ពុជា​ទើប​សម្រេច​បាន​ដូចជា ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន (CCFTA) កាលពី​ថ្ងៃ​ទី​ ១២ ខែ​តុលា ​ឆ្នាំ ២០២០​ កន្លង​ទៅ និង​ដំណើរការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-សាធារណរដ្ឋ​កូរ៉េ (CKFTA) ទើប​បញ្ចប់។

លោក​បន្ថែម​ថា​ មិន​តែ​ប៉ុណ្ណោះ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ១៥ ​ខែ​វិច្ឆិកា​ឆ្នាំ​ ២០២០ ​កន្លង​ទៅ​នេះ​កំពុង​រួមចំណែក​​បន្ថែម​​លើ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ក្នុង​ក្រប​ខ័ណ្ឌ​អាស៊ាន​ +១​ (ជាមួយ​ចិន​ ឥណ្ឌា ជប៉ុន កូរ៉េ​ខាងត្បូង អូស្ត្រាលី​ និង​នូវែលសេឡង់ និង​ហុងកុង) ដែល​​នឹង​ផ្តល់​ទីផ្សារ​​យ៉ាង​ធំទូលាយ​ដល់​ផលិតផល​កម្ពុជា​។

លោកថា​៖ «ក្នុង​បរិការណ៍​នេះ កម្ពុជា​​ត្រូវការ​ការវិនិយោគ​បន្ថែម​ទៀត​ពី​សហព័ន្ធ​រុស្ស៊ី ពិសេស​ផ្នែក​ម៉ាស៊ីន​ធុនស្រាល​​ និង​មធ្យម ដើម្បី​ពង្រឹង​វិស័យ​ឧស្សាហកម្ម​កម្ពុជា សម្រាប់​បង្កើន​ការប្រកួត​ប្រជែង​ក្នុង​ការនាំចេញ​។ ក្នុង​ស្មារតី​នេះ កម្ពុជា​បង្ហាញ​បំណង​សិក្សា​ពី​លទ្ធភាព​ក្នុង​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា-រុស្សី ឲ្យ​បាន​​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន​»។

លោក សុខ សុភ័ក្ត្រ ក៏​បាន​ស្នើ​ភាគី​រុស្ស៊ី​អញ្ជើញ​ធុរជន និង​វិនិយោគិន​កម្ពុជា​ចូលរួម​កម្មវិធី​នានា​របស់​សភា​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​រុស្ស៊ី​នាពេល​ខាងមុខ​ ដើម្បី​ទទួល​បាន​កាលានុវត្តភាព ​ពាណិជ្ជកម្ម និង​វិនិយោគ​ផ្តល់​ដោយ​សហព័ន្ធ​រុស្ស៊ី។

លោក ស៊ាង ថៃ អ្នកនាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ពុធ​ថា ការ​បង្កើត​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​​សេរី​ជាមួយ​ភាគី​ដៃគូ​ជា​កិច្ចការ​អាទិភាព ក្នុង​បរិបទ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​សកល​ ហើយ​កម្ពុជានិង​រុស្ស៊ី​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​មាន​ប្រវត្តិ​យូរ​លង់​ជាមួយ​គ្នា​​។

លោក​ថ្លែងថា៖ «ទៅ​ថ្ងៃ​ខាង​មុខ​ បើ​យើង​មាន​ FTA ទ្វេ​ភាគី​ទៀត វា​នឹង​ជួយ​ជំរុញ​តួលេខ​ពាណិជ្ជកម្ម​សរុប​ឲ្យ​មាន​កំណើន​កាន់តែ​ខ្ពស់​»។

តាម​ក្រសួង​ពាណិជ្ជកម្ម​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​​កម្ពុជា-​រុស្ស៊ី ក្នុង​រយៈពេល ១០ ​ខែ​ឆ្នាំ​ ២០២០ នេះ​មាន​តម្លៃ​សរុប ៤៥,១៥ ​លាន​ដុល្លារ កើន​ ៤,៥ ​ភាគរយ​ធៀប​នឹង​រយៈពេល​​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៩ ដែល​មាន​តម្លៃ ៤៣,២១ ​លាន​ដុល្លារ​។ ក្នុង​នោះ​ការនាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​​ប្រទេស​​រុស្ស៊ី​មាន​តម្លៃ ៣៨, ៧៥ លាន​ដុល្លារ ធ្លាក់​ចុះ ៤,៥៨ ​ភាគរយ​ពី​ចំនួន ៤០,៧ ​​លាន​ដុល្លារ ចំណែក​ការនាំ​ចូល​ទំនិញ​ពី​​រុស្ស៊ី​មាន​តម្លៃ​ ៦,៤ ​លាន​​ដុល្លារ កើនឡើង ១៥៥,៦ ​​ភាគរយ​ពី​ចំនួន ២,៥ ​លាន​ដុល្លារ​៕ LA

អត្ថបទគួរចាប់អារម្មណ៍

  • ខេត្តបាក់និញៈ សួនឧស្សាហ​កម្ម​ Yen Phong 1 Industrial Park នៅខេត្ត Bac Ninh ភាគខាងជើង​បាន​ក្លាយជា​​សួនឧស្សាហ​កម្មលើក​ដំបូង​នៅក្នុងប្រទេស​វៀតណាម ដែលទទួល​បាន​​បណ្ដាញ​ទូរគមនា​គមន៍​ 5G ដោយ​បច្ចេកវិទ្យាថ្មីនេះ​​ បានដាក់​​ឲ្យដំណើរការ​នៅទីតាំងនោះ​ដោយ​ក្រុមហ៊ុន Viettel កាល​ពីថ្ងៃព្រហស្បតិ៍។​​

  • ភ្នំពេញៈ កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អាមេរិក​មានតម្លៃ​ជាង ៦ ​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០២០ កើន​ជាង ២២ ​ភាគរយ​ធៀបនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មានតម្លៃ​ជាង ៦,៣ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​។

  • ភ្នំពេញៈ ត្រឹម​រយៈពេល​ជិត​ ១ ​ខែ​ប៉ុណ្ណោះ​ចាប់ពី​ថ្ងៃទី​ ២០ ធ្នូ ដល់​ថ្ងៃទី​ ១៧ មករា ពលករ​ខ្មែរ​ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​តាម​ច្រក​នៃ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ​ចំនួន​ ៦៩ ​នាក់ ​ត្រូវបាន​រកឃើញ​វិជ្ជមាន​កូវីដ​ ១៩ ដោយ​ក្នុង​នោះ​ពលករ​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ ២១ ​នាក់​។

  • ស្ទឹងត្រែងៈ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​គ្រោង​នឹង​បញ្ជូន​បុរស​ជនជាតិ​ឡាវ​​ ២ ​នាក់ និង​វត្ថុតាង​គ្រឿងញៀន​ជិត​ ៥០ ​គីឡូក្រាម​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ខណៈ​ដែល​សមត្ថកិច្ច​កម្ពុជា​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ឡាវ​ ដើម្បី​តាម​រក​ចាប់ខ្លួន​ជនជាតិ​ឡាវ​ ៤ ​នាក់​ទៀត​ដែល​រត់គេចខ្លួន​។

  • ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន និង​កីឡា​បាន​ដឹកនាំ​កិច្ចប្រជុំ​ដាក់​ចេញ​វិធានការ​បន្ថែម​ដល់​សាលារៀន​ដែល​កំពុង​ត្រូវបាន​ប្រើប្រាស់​ជា​មណ្ឌល​ចត្ដាឡីស័ក ពិសេស​សាលារៀន​តាម​ខេត្ដ​ជាប់​ព្រំដែន​ប្រទេស​ថៃ និង​វៀតណាម​ដើម្បី​ធ្វើយ៉ាងណា​ធានា​ផ្ដល់​ការសិក្សា​ដល់​សិស្ស​គ្រប់គ្នា​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​។

  • ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​លុបបំបាត់​ការបង្ក​សំឡេង​រំខាន​លើស​កម្រិត​ដោយ​យានយន្ដ​គ្រប់​ប្រភេទ និង​លុបបំបាត់​កន្លែង​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​ដែល​បង្ក​ភាព​រំខាន​ដល់​អារម្មណ៍ និង​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ