ភ្នំពេញៈ កម្ពុជារំពឹងថា នឹងទាក់ទាញវិនិយោគិនកាន់តែច្រើនមកពីប្រទេស តួកគី ខណៈប្ដេជ្ញាថា នឹងបង្កើនពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេស តួកគី ឲ្យដល់ជាង ៥០០ លានដុល្លារ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃពុធ។
ការសន្យានេះ ត្រូវបានធ្វើឡើង ខណៈលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នឹងធ្វើដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃ ទៅតួកគី នៅសប្ដាហ៍នេះ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២។
កម្ពុជា និងតួកគី បានសន្យាពីមុនថា នឹងបង្កើនពាណិជ្ជកម្មទ្វេភាគី ៣ ដង ដល់ ៥០០ លានដុល្លារត្រឹមឆ្នាំ ២០២០។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នឹងទៅដល់ទីក្រុងអីុស្ដង់ប៊ុល នៅថ្ងៃសៅរ៍ខាងមុខ ដោយសន្យាថា នឹងទាក់ទាញវិនិយោគិនកាន់តែច្រើនពីតួកគី ដើម្បីអាចសម្រេចបានទំហំពាណិជ្ជកម្ម ៥០០ លានដុល្លារ។
ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ លោក ហ៊ុន សែន នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយលោកប្រធានាធិបតីតួកគី Recep Tayyip Erdogan ដើម្បីពិភាក្សា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំង ២។
ប្រទេសទាំង ២ នឹងចុះអនុស្ស រណៈនៃការយោគយល់(MoU) លើវិស័យទេសចរណ៍ ការវិនិយោគ កសិកម្ម កិច្ចសហប្រតិបត្តិ ការវប្បធម៌ ការអប់រំ កីឡា ធនធានទឹក និងការដោះមីនផងដែរ។
យោងតាមសេចក្ដីប្រកាស លោក ហ៊ុន សែន នឹងថ្លែងសុន្ទរកថា នៅក្នុងការបើកវេទិកាធុរកិច្ច កម្ពុជា និង តួកគី ដើម្បីទាក់ទាញពាណិជ្ជករតួកគីមកវិនិយោគនៅកម្ពុជា។
ចាប់តាំងពីឆ្នាំ ២០០២ ទំនាក់ទំនងសេដ្ឋកិច្ចរបស់តួកគី ជាមួយកម្ពុជា បានកើនឡើង ដោយពាណិជ្ជកម្មកើនឡើងពីប្រហែល ៥ លានដុល្លារក្នុង ១ ឆ្នាំកាលពីឆ្នាំ ២០០៥ ដល់ ១២៤ លានដុល្លារកាលពីឆ្នាំ ២០១៤។ នេះបើយោងតាមតួលេខបានពីក្រសួងពាណិជ្ជកម្មកម្ពុជា។
ទិន្នន័យដដែលបានបង្ហាញថា ប្រហែល ៩០ ភាគរយនៃតួលេខនេះ ត្រូវបានធ្វើឡើង ដោយការនាំចេញរបស់កម្ពុជាទៅតួកគី ដែលភាគច្រើនជាវាយនភណ្ឌ។
កន្លងមក ក្រុមហ៊ុនតួកគី បានបង្ហាញពីការស្វែងរកដៃគូក្នុងស្រុក នៅកម្ពុជា សម្រាប់ពាណិជ្ជកម្មខាងទំនិញអគ្គិសនី ដែលជាវិស័យមួយក្នុងចំណោមវិស័យនាំចេញឈានមុខគេរបស់ប្រទេសតួកគី៕LA