ភ្នំពេញ: អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែងថា​​កម្ពុជា​អាច​ចាប់យក​ទីផ្សា​ឥណ្ឌា​​ ដើម្បី​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​វិនិយោគ​បន្ថែមទៀត​ ​ខណៈដែល​ទំហំ​ដោះដូរ​ទំនិញ​នៅ​ទាប​នៅឡើយ​។

លោក លឹម ហេង ដែល​បានទទួល​ការអញ្ជើញ​ចូលរួម​នៅ​​ក្នុង​ពិព័រណ៍ និង​កិច្ចប្រជុំ​កំពូល​ថែរក្សា​សុខភាព​ឥណ្ឌា និង​អាស៊ាន​» តាម​អនឡាញ​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ២២ ដល់​ថ្ងៃទី​ ២៤ ខែកុម្ភៈ ឆ្នាំ​ ២០២១ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា លោក​បាន​ជូនដំណឹង​រួចហើយ​ដល់​សមាជិក​របស់លោក​ឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​ជាពិសេស​នេះ​។

លោក​លើកឡើង​ថា​៖ «​ខ្ញុំ​មើលឃើញថា ទំនាក់ទំនង​សេដ្ឋកិច្ច​របស់​យើង​ជាមួយ​ប្រទេស​ឥណ្ឌា មិនទាន់​ធំ​នៅឡើយ​ទេ ប៉ុន្តែ​នៅពេល​នេះ​រដ្ឋាភិបាល​កំពុង​បន្តធ្វើ​ការងារ​សម្រាប់​ការបើកចំហ​ការចរចា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ឥណ្ឌា​។ ខ្ញុំ​ជឿជាក់​ថា សមាជិក​ជាច្រើន​នឹង​ធ្វើជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​របស់​ប្រទេស​ឥណ្ឌា​លើ​ការនាំចូល​ការផ្គត់ផ្គង់​វេជ្ជសាស្ដ្រ និង​ឱសថ​នៅទីនេះ​ផងដែរ​»​។

ក្រសួង​ពាណិជ្ជកម្ម​អំពាវនាវ​ឱ្យ​ពាណិជ្ជករ អាជីវករ ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម និង​សហគ្រិន​ក្នុងស្រុក​ចូលរួម​នៅក្នុង​ពិព័រណ៍ និង​កិច្ចប្រជុំ​កំពូល​នេះ​ដើម្បី​ស្វែងរក​ដៃគូ​អាជីវកម្ម និង​ឱកាស​វិនិយោគ​ជាមួយ​ប្រទេស​មាន​សេដ្ឋកិច្ច​ឈានមុខ​គេ​របស់​អាស៊ី​មួយ​នេះ​។

ស្ថានទូត​ឥណ្ឌា​ប្រចាំ​ទីក្រុង​ភ្នំពេញ​បាន​ឱ្យ​ដឹងថា ពិព័រណ៍​នេះ​ត្រូវ​បានរៀបចំ​រួមគ្នា​ដោយ​សហព័ន្ធ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ឥណ្ឌា (FICCI) និង​ក្រសួងពាណិជ្ជកម្ម​ឥណ្ឌា​នឹង​តភ្ជាប់​ភាគី​ពាក់ព័ន្ធ​នៅក្នុង​វិស័យ​ថែរក្សា​សុខភាព​ថ្នាក់​ដឹកនាំ​អាជីវកម្ម​ឈាន​មុខ​គេ និង​ក្រុម​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​មកពី​ឧស្សាហកម្ម ទីភ្នាក់ងារ​បទប្បញ្ញត្តិ និង​មន្ដ្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល​មកពី​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​។

ទិន្នន័យ​បាន​ពី​ស្ថានទូត​ឥណ្ឌា​បានឱ្យ​ដឹងថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​សម្រេចបាន ​២៤៩,៩២ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩ កើនឡើង​ ១០,២៤ ​ភាគរយ​បើ​ធៀប​នឹង​ចំនួន ២២៦,៦៩ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨​។ ប្រទេស​កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ប្រទេស​ឥណ្ឌា​មាន​តម្លៃ​ ៨២,០៩ ​លាន​ដុល្លារ​កាលពី​ឆ្នាំមុន កើនឡើង​ ៦៩,៤៣ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ខណៈ​ដែល​ការនាំ​ចូល​មាន​ចំនួន ១៦៧,៨៣ ​លាន​ដុល្លារ​ធ្លាក់ចុះ​ ៥,៨ ​ភាគរយ​។

ការវិនិយោគ​របស់​ប្រទេស​ឥណ្ឌា​មាន​តម្លៃ​ ១៩,៨ ​លាន​ដុល្លារ​។ ប្រទេស​នេះ​ស្ថិតក្នុង​ចំណោម​ក្រុម​វិនិយោគិន​ឈានមុខ​គេ​ទាំង​ ១០ ​នៅក្នុង​ប្រទេស​កម្ពុជា​៕LA