The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា-វៀតណាម​ជជែក​គ្នា​ផ្តោតលើ​ការដឹកជញ្ជូន​ទំនិញ និង​បើក​ច្រក​អន្តរជាតិ




កម្ពុជា-វៀតណាម​ជជែក​គ្នា​ផ្តោតលើ​ការដឹកជញ្ជូន​ទំនិញ និង​បើក​ច្រក​អន្តរជាតិ

Content image - Phnom Penh Post
បុរស​ម្នាក់​បើក​ម៉ូតូ​នៅ​ច្រកព្រំដែន​អន្តរជាតិ​បាវិត​ដែល​គ្មាន​អ្នកដំណើរ​ឆ្លងកាត់​ដោយសារ​កូវីដ​១៩​។ ហ៊ាន រង្សី

កម្ពុជា-វៀតណាម​ជជែក​គ្នា​ផ្តោតលើ​ការដឹកជញ្ជូន​ទំនិញ និង​បើក​ច្រក​អន្តរជាតិ

ភ្នំពេញៈ ​កម្ពុជា និង​វៀតណាម​បន្ត​ពិភាក្សា​អំពី​ការដឹក​ទំនិញ​ឆ្លងកាត់​ព្រំដែន ស្របពេល​មាន​ការរឹតបន្តឹង​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២ ​ក្នុង​អំឡុងពេល​ការឆ្លង​ជំងឺ​កូវីដ​ ១៩​។

លោក ឈៀង ពេជ្រ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភារកម្ម​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ដឹកនាំ​កិច្ចពិភាក្សា​ស្ដីពី​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​កម្ពុជា​ និង​វៀតណាម ជាពិសេស​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត-ម៉ុកបៃ និង​ច្រក​ទ្វេភាគី​ព្រៃ​វល្លិប៊ិញហៀប តាម​ប្រព័ន្ធ​អនឡាញ​កាលពី​ថ្ងៃទី​ ១៩ កុម្ភៈ ឆ្នាំ​នេះ​។

លោក ឈៀង ពេជ្រ ក៏​ជា​ប្រធាន​ឧត្តម​មន្ត្រី​ដឹកជញ្ជូន​កម្ពុជា​បាន​ឱ្យ​ដឹងថា កិច្ចប្រជុំ​នេះ​ក៏បាន​ពិភាក្សា​លើ​ការបង្កើត​ក្រុមការងារ​រួម​ពិនិត្យ និង​បញ្ចប់​លើ​អនុស្សរណៈ​លើ​កូតា​ការចេញ​ចូល​រថយន្ត​ដឹកទំនិញ​តាម​ច្រកព្រំដែន​រវាង​ប្រទេស​ទាំង​ ២ ដែល​កិច្ចព្រមព្រៀង​លើ​អនុស្សរណៈ​យោគយល់​ប្រទេស​ទាំង​ ២ ​នឹង​កំណត់​កូតា​អនុញ្ញាត​ឱ្យ​រថយន្ត​ដឹកទំនិញ​ឆ្លងកាត់​ព្រំដែន​ចំនួន ៨០០ ​គ្រឿង​។

លោក​បញ្ជាក់ថា​៖ «​កម្ពុជា និង​​វៀតណាម​បាននិង​កំពុង​សហការ​យ៉ាង​ស្អិតល្មួត​ក្នុង​ការរិះរក​មធ្យោបាយ និង​នីតិវិធី​ដើម្បី​ជំរុញ​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២ ឱ្យ​កាន់តែ​ប្រសើរឡើង​ដោយ​កាត់បន្ថយ​ការកកស្ទះ​នៅ​តាម​ច្រកទ្វារ​អន្តរជាតិ និង​បង្កើន​ចំនួន​រថយន្ត​ដឹកទំនិញ ឆ្លងកាត់​ព្រំដែន​ឱ្យ​កាន់តែ​កើនឡើង​សំដៅ​ដល់​ការជំរុញ​កំណើនសេដ្ឋកិច្ច​នៃ​ប្រជាជាតិ​ទាំង​ ២»​។

ក្នុង​កិច្ចពិភាក្សា​នេះ​លោក ឈៀង ពេជ្រ បាន​ស្នើ​វៀតណាម​កំណត់​កាលបរិច្ឆេទ​នៃ​កិច្ចប្រជុំ​លើក​ទី​១ ​នៃ​ក្រុមការងារ​រួម​របស់​ប្រទេស​ទាំង​ ២ ព្រមទាំង​កំណត់​កាលបរិច្ឆេទ​សម្ពោធ​ដំណើរការ​ច្រកទ្វារព្រំដែន​ព្រៃ​វល្លិប៊ិញហៀប​ជា​ច្រក​អន្តរជាតិ​ផ្លូវការ​។

លោក​ថ្លែងថា​៖ «​ជាការ​ឆ្លើយតប ភាគី​វៀតណាម​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​រៀបចំ​សម្ពោធ​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ច្រកទ្វារ​ព្រំដែន​ព្រៃវល្លិប៊ិញហៀប ប៉ុន្តែ​បញ្ហា​កូវីដ​ ១៩ បាន​ធ្វើឱ្យ​រាំងស្ទះ​ការរៀបចំ​ពិធី​នេះ​តាម​ការគ្រោងទុក​។ ទោះជា​យ៉ាងណា​ក៏ដោយ ភាគី​ទាំង​ ២ ​បាន​ប្ដេជ្ញា​ជំរុញ​រៀបចំ​ពិធី​សម្ពោធ​នេះ​ឱ្យ​បាន​កាន់តែ​ឆាប់​តាម​ដែល​អាច​ធ្វើបាន​»​។

លោក ជា ចាន់ដារ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន​ទំនិញ​ (LOBA) សង្កេតឃើញថា ចាប់ពី​មាន​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ រហូត​មក​ទល់​ពេលនេះ​ភាគី​វៀតណាម​មាន​វិធានការ​តឹងតែង​នៃ​ការដឹកជញ្ជូន​ទំនិញ​នៅ​ព្រំដែន​អន្តរជាតិ​បាវិត-ម៉ុកបៃ​នាំ​ឲ្យ​កកស្ទះ​ទំនិញ​យ៉ាងខ្លាំង​។

លោក​បញ្ជាក់ថា​៖ «​គយ​វៀតណាម​ត្រួតពិនិត្យ​ទំនិញ​ដោយ​បើក​ទូ​កុងតឺន័រ​គ្រប់​ទាំងអស់ ដែល​មាន​វិធានការ​តឹងរ៉ឹង​ខ្លាំង​ជាង​ពីមុន​ជំងឺ​កូវីដ​ ១៩ យើង​ឃើញថា ទំនិញ​កកស្ទះ​មែនទែន​តាម​ព្រំដែន​រហូតដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​យើង​មួយចំនួន​បង្វែរ​​ការដឹកជញ្ជូន​ទំនិញ​មក​តាម​ច្រកទ្វារ​ព្រៃវល្លិប៊ិញហៀប វិញ​»​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សកម្មភាព​នៃ​ការដឹក​ទំនិញ​ចេញ-ចូល​ប្រទេស​វៀតណាម​ដំណើរការ​ជាធម្មតា ប៉ុន្តែ​មាន​ការរអាក់រអួល​បន្តិច​ដែល​វិធានការ​រឹតបន្តឹង​ក្នុង​អំឡុងពេល​កូវីដ​ ១៩ នៅតាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២​។

លោក​ថា​៖ «​ការពិភាក្សា​នេះ​ជា​រឿង​ល្អ​សម្រាប់​វិស័យ​ឯកជន ដើម្បី​សម្របសម្រួល​ដល់​លំហូរ​ទំនិញ​របស់​ពួកគេ ហើយ​យើង​ក៏​ចង់ឱ្យមាន​ការដោះស្រាយ​បញ្ហា​ដូចគ្នា​ជាមួយ​ភាគី​ថៃ​»​។

បើតាម​ទូរទស្សន៍​វៀតណាម VTV1 បាន​ឱ្យ​ដឹងថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម​សម្រេច​ប្រមាណ ៥ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២០ ដែលមាន​ចំនួន​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​ ២០១៩ ​ដែរ​។

ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​មាន​តម្លៃ​ជិត ៥,៣ ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ ២០១៩ កើន​ ១១ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៨​។ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​វៀតណាម​ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ ថ្នាំជក់ និង​ចេក ខណៈ​វៀតណាម​នាំ​ចូលមក​កម្ពុជា​មាន ដូចជា ដែកថែប ប្រេង បន្លែ ផ្លែឈើ និង​ផលិតផល​ជី​កសិកម្ម​៕LA

អត្ថបទគួរចាប់អារម្មណ៍