ភ្នំពេញ: កម្ពុជា និង​វៀតណាម​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ចំនួន​ ៤ ដើម្បី​ជំរុញ​ការវិនិយោគ និង​ពាណិជ្ជកម្ម​ទ្វេភាគី ខណៈ​ប្រទេស​ទាំង​ ២ ​រំពឹង​ថា​នឹង​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ ៥ ​ពាន់​លាន​ដុល្លារ​​នៅ​ឆ្នាំនេះ​។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​រួម ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការបរទេស​ កម្ពុជា​ កាលពី​ថ្ងៃទី​ ៥ ខែ​តុលា​។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី​ ៤ ដល់ ៥ ខែ ​តុលា ឆ្នាំ​នេះ​ប្រទេស​កម្ពុជា​បាន​ចុះ MoU ជាមួយ​វៀតណាម​ស្តីពី​កិច្ចសហប្រតិបត្តិការ​ជំរុញ​ពាណិជ្ជកម្ម ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​នៅតាម​ព្រំដែន កិច្ចសហប្រតិបត្តិ​ការវិនិយោគ និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ថាមពល​អគ្គិសនី​។

សេចក្តី​ថ្លែងការណ៍​រួម​បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​ ២០១៨ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​បាន​កើនឡើង ២៤ ​ភាគរយ​ដែល​មាន​តម្លៃ​ជាង ៤,៧ ពាន់​លាន​ដុល្លារ​ដោយ​ភាគី​ទាំង​ ២ ​បាន​សន្យាថា​នឹង​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាង​ ៥ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៩ ​នេះ​។

សេចក្តី​ថ្លែងការណ៍​៖ «​ភាគី​ទាំង​ ២ ​បាន​ឯកភាព​រក្សា​កំណើន​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត តាមរយៈ​ការលើក​កម្ពស់​វិធាន​ការជំរុញ​ពាណិជ្ជកម្ម និង​ការគាំទ្រ​សហគ្រាស​របស់​ខ្លួន​ក្នុង​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជំរុញ​វិនិយោគ និង​ពាណិជ្ជកម្ម​ផ្សារណាត់ និង​ការតាំងពិព័រណ៍​ក្នុង​ប្រទេស​នីមួយៗ​»​។

វៀតណាម​ជា​ប្រភព​វិនិយោគិន​បរទេស​ធំ​មួយ​នៅ​ប្រទេស​ កម្ពុជា​ ដែល​គិត​មកដល់​ត្រឹម​ឆ្នាំ​ ២០១៨ បាន​វិនិយោគ​ចំនួន ២១៤ ​គម្រោង​មាន​តម្លៃ​សរុប ៣,៣ ​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​រួម​។

ចិន​ជា​ប្រភព​វិនិយោគិន​បរទេស​ធំជាងគេ​នៅ​ប្រទេស​ កម្ពុជា​ ដែល​កាលពី​ឆ្នាំ​ ២០១៨ មាន​រហូត​ដល់​ជាង ​៣,៥៩ ​ពាន់​លាន​ដុល្លារ​។

លោក លឹម ហេង ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា MoU ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង​ ២ ​នឹង​អាចជួយ​ជំរុញ​កំណើន​ការវិនិយោគ​មក​ប្រទេស​ កម្ពុជា​។

លោក​ថ្លែងថា​៖ «​ការចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​គឺ​ជំរុញ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ទំនិញ និង​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​គ្នា​ទៅវិញ​ទៅមក​វា​ជួយ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ប្រទេស​នីមួយៗ​»​។

លោក​បន្តថា កម្ពុជា​ជា​ប្រភព​នាំចេញ​វត្ថុធាតុដើម​កសិកម្ម​មួយ​ទៅ​ប្រទេស​វៀតណាម​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​មើលឃើញ​ថា​វៀតណាម​ជា​ប្រទេស​ដែល​បាន​ទទួល​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាមេរិក និង​អឺរ៉ុប ដូច្នេះ​ទំហំ​ផលិត​នៃ​ការនាំចេញ​វៀតណាម​កាន់តែ​មាន​ទំហំ​ធំ​នាំ​ឲ្យ​តម្រូវការ​វត្ថុ​ [​នាំចូល​] ​ធាតុ​ដើមពី​ប្រទេស​កម្ពុជា​មាន​ការកើនឡើង​ផងដែរ​»​។

ការនាំចេញ​របស់​កម្ពុជា​ទៅ​វៀតណាម​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ចុង​ក្រោយ​​ (២០១៥ ដល់ ២០១៨) ​សម្រេច​បាន​ជាង​ ១,១៨ ​ពាន់​លាន​ដុល្លារ ខណៈ​ការនាំ​ចូល​ពី​វៀតណាម​មាន​រហូតដល់ ៦,៩៦ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​៕ LA