ព្រៃវែងៈ អាជ្ញាធរខេត្តព្រៃវែង និងអាជ្ញាធរខេត្ត Dong Thap របស់ប្រទេស វៀតណាម បានជួបពិភាក្សាគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមច្រកព្រំដែន ខណៈគម្លាតនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ នៅខុសគ្នាឆ្ងាយ។
ជំនួបនេះធ្វើឡើងបន្ទាប់ពីច្រកអន្តរជាតិគោកថ្មីមួយត្រូវបានបើកដំណើរការកាលពីខែឧសភា ឆ្នាំនេះ។ នេះបើយោងតាមអភិបាលរងខេត្តព្រៃវែង។
លោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែងដែលបានចូលរួមកិច្ចប្រជុំនេះបានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា និងវៀតណាមបានសម្រេចបើកច្រកព្រំដែនគោកអន្តរជាតិបន្ទាយចក្រី ជាមួយវៀតណាមកាលពីខែ ឧសភា ឆ្នាំ ២០១៩ ដើម្បីសម្រួលដល់ការនាំចេញចូលទំនិញរវាងប្រទេសទាំង ២។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋនៅខេត្តព្រៃវែងភាគច្រើនបាននាំស្រូវ និងផ្លែស្វាយចូលទៅវៀតណាម ខណៈវៀតណាមនាំចូលមកកម្ពុជាវិញនូវសម្ភារសំណង់ សម្ភារផ្ទះបាយ និងរបស់ប្រើប្រាស់មួយចំនួន»។
ច្រកព្រំដែនបន្ទាយចក្រីមានច្រក ២ គឺព្រំដែនគោក និងច្រកផ្លូវទឹក ប៉ុន្តែចាប់ពីឆ្នាំ ២០១២ មកខាងភាគីវៀតណាមបានអនុញ្ញាតឲ្យនាំទំនិញចូលតាមតែព្រំដែនទឹកប៉ុណ្ណោះ ដោយមិនបានបើកផ្លូវគោកទេ។ នេះបើតាម លោក ឌុច គន្ធា។
លោកបញ្ជាក់ថា៖ «ឥឡូវនេះកាន់តែមានភាពងាយស្រួលដល់ប្រជាពលរដ្ឋប្រទេសទាំង ២ ក្នុងការនាំទំនិញចេញចូលតាមព្រំដែនគោកមួយទៀត»។
តាមលោក ឌុច គន្ធា ក្នុងជំនួបកាលពីថ្ងៃចន្ទកម្ពុជាបានស្នើឲ្យវៀតណាមជួយទិញកសិផលពីកម្ពុជា និងជួយអន្តរាគមន៍កុំឲ្យឈ្មួញវៀតណាមក្រឡុកតម្លៃស្រូវពេលនាំចេញ។
លោកបន្តថា៖ «យើងស្នើសុំឲ្យអាជ្ញាធរវៀតណាមប្រាប់ទៅឈ្មួញជនជាតិវៀតណាមកុំទម្លាក់តម្លៃតាមអំពើចិត្ត ហើយវៀតណាមគួរតែជូនដំណឹងមកភាគីកម្ពុជាជាមុនថា វៀតណាមមានតម្រូវការស្រូវប៉ុន្មានតោននៅក្នុង ១ ឆ្នាំ ឬក៏ចង់បានស្រូវប្រភេទណា?»។
អនុប្រធានមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត Dong Thap លោក Vo Phuong Thuy បានប្រាប់សារព័ត៌មាន Vietnam Plus ថា ពាណិជ្ជកម្មតាមច្រកបន្ទាយចក្រីមានតម្លៃ ១០០ លានដុល្លារកាលពីឆ្នាំ ២០១៨ កើន ៣០ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ របាយការណ៍បង្ហាញថាក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០១៩នេះ ពាណិជ្ជកម្មតាមច្រកនេះមានទំហំ ៥៥ លានដុល្លារ។
ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយវៀតណាមនៅតែមានគម្លាតដ៏ធំក្នុងនោះការនាំចេញរបស់កម្ពុជាទៅវៀតណាមក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយសម្រេចបានតែជាង ១,១៨ ពាន់លានប៉ុណ្ណោះ ខណៈការនាំចេញរបស់វៀតណាមមកកម្ពុជាមានរហូតដល់ ៦,៩៦ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។
របាយការណ៍បង្ហាញថានៅឆ្នាំ ២០១៨ ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមមានជាង ២,៦៨ ពាន់លានដុល្លារក្នុងនោះកម្ពុជានាំចេញ ៣៦២ លានដុល្លារ ខណៈការនាំចូលជាង ២,៣២ ពាន់លានដុល្លារ។
រយៈពេល ៣ ខែឆ្នាំ ២០១៩ នេះការនាំចេញកម្ពុជាទៅវៀតណាមជាង ៧៥ លានដុល្លារ ខណៈការនាំចូលមានរហូតដល់ ៦២៣ លានដុល្លារ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា ការបើកឲ្យចរាចរព្រំដែនគោកនៅខេត្តព្រៃវែងនេះនឹងជួយជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម។
លោកថ្លែងថា៖ «ការបើកច្រកព្រំដែននេះពិតជាជួយឲ្យមានភាពងាយស្រួលដល់ការនាំកសិផលរបស់កសិករ ព្រមទាំងភ្ញៀវទេសចរផងដែរ តែកម្ពុជាត្រូវបានការអនុវត្តច្បាប់តឹងរ៉ឹងក្នុងការទប់ស្កាត់ការគេចពន្ធមកកម្ពុជា»៕ LA