
ភ្នំពេញៈ សមាគមក្រុមហ៊ុនធានារ៉ាប់រងកម្ពុជា(CIA) ចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU)លើការធានារ៉ាបរងរថយន្ត ឆ្លងកាត់ព្រំដែនជាមួយក្រុមហ៊ុនធានារ៉ាប់រង Baoviet Insurance Corperation (BIC) របស់វៀតណាម ស្របតាមគោលការណ៍ទី៥របស់អាស៊ានដែលតម្រូវឲ្យយានយន្តទាំងអស់ មានការធានារ៉ាប់រង។ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់នៃ CIA ។
MoU នេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃអង្គារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក ឆាយ រតនៈ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ក្រោម MoU នេះប្រទេសទាំងពីរនឹងសហការគ្នាដើម្បីធានាថា រថយន្តឆ្លងកាត់ព្រំដែនទៅមកកម្ពុជា វៀតណាម មានរថយន្តពាណិជ្ជកម្ម និងរថយន្តទេសចរណ៍ត្រូវតែមានការធានារ៉ាប់រងដែលច្បាប់តម្រូវ។
លោកថ្លែងថា៖ «ការធានារ៉ាប់រងរថយន្តឆ្លងកាត់ព្រំដែន មានន័យថា ឡានដឹកជញ្ជូនក្តី ឡានទេសចរណ៍ក្តីដែលគាត់ត្រូវចូលទៅប្រទេសគេហ្នឹង គឺគាត់តម្រូវឲ្យទិញធានារ៉ាប់រងតាមច្បាប់ ហើយគេមកយើងក៏យើងតម្រូវឲ្យគេទិញដែរ។ អ៊ីចឹងយើងចុះហត្ថលេខាជាមួយគ្នាដើម្បីឲ្យយើងយល់ពីគ្នាថា ប្រទេសទាំងពីរសហការគ្នាដើម្បីធានាឲ្យបានថាឡានដែលឆ្លងកាត់ ប្រទេសមួយៗត្រូវមានធានារ៉ាប់រង»។
លោកបន្តថា នៅប្រទេសក្នុងតំបន់អាស៊ានតម្រូវឲ្យមានការិយាល័យធានារ៉ាប់រង ជាតិ ដែលតម្រូវតាមគោលការណ៍ទី៥របស់អាស៊ាន ដោយសារតែប្រទេសនីមួយៗមានច្បាប់ធានារ៉ាប់រងខុសៗគ្នា។
MoU នេះនឹងត្រូវចាប់អនុវត្តនៅ៣ខែក្រោយពេលចុះហត្ថលេខា ហើយពេលនោះបើរថយន្តទាំងនោះមិនមានការធានារ៉ាប់រងលើអ្នកដំណើរការខូចខាត និងការទទួលខុសត្រូវលើភាគីទីបីនឹងមិនត្រូវបានអនុញ្ញាតឲ្យ ឆ្លងកាត់ព្រំដែនទៅ មកប្រទេសទាំងពីរឡើយ។ លោកបន្ថែមថា ទៅថ្ងៃមុខក៏នឹងគ្របដណ្តប់ដល់រថយន្តជាលក្ខណៈគ្រួសារផងដែរ។
តាមលោក រតនៈ ក្រុមអ្នកធានារ៉ាប់រងកម្ពុជា (Cambodia Insurance Pool) នឹងសហការជាមួយ BIC ជាភ្នាក់ងារលក់ការធានារ៉ាប់រងសម្រាប់ គ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់នៅកម្ពុជាគឺជាសមាជិករបស់ក្រុម អ្នកធានារ៉ាប់រងកម្ពុជា។ ក្រុមអ្នកធានារ៉ាប់រងនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៩ បន្ទាប់ពីអនុស្សរណៈនៃការយោគយល់រួមគ្នាមួយដែលធ្វើឡើងដើម្បីជំរុញការងារធានារ៉ាប់រងរថយន្តឆ្លងកាត់ព្រំដែន។
រថយន្តដឹកទំនិញ និងដឹកអ្នកដំណើរចំនួន៥០០គ្រឿងត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ព្រំដែនកម្ពុជាវៀតណាម។នេះបើតាមកិច្ចព្រមព្រៀងរវាងក្រសួងសាធារណការ និងដឹកជញ្ជូននៃប្រទេសទាំងពីរ។
លោក សូ ងួន សហប្រធានក្រុមការងារវិស័យឯកជនផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធស្វាគមន៍ចំពោះការចុះ MoU នេះ ព្រោះរថយន្តរាប់រយពីកម្ពុជាកំពុងឆ្លងព្រំដែនទៅវៀតណាម តែលោកស្នើឲ្យក្រុមហ៊ុនធានារ៉ាប់រងវៀតណាមផ្តល់តម្លៃសេវាធានារ៉ាប់រងលើរថយន្តឲ្យក្រុមហ៊ុនដឹកជញ្ជូនកម្ពុជាដោយមិនលម្អៀង។ លោកថ្លែងថា៖ «បើមិនដូច្នេះ យើងមិនអាចប្រកួតប្រជែងជាមួយគេបានទេ»៕PB