
អគារអគ្គនាយដ្ឋានពន្ធដារនៅកែងស្ពានអាកាសមហាវិថីសហព័ន្ធរុស្សី និងម៉ៅងសេងទុង។ ហេង ជីវ័ន
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា និងវៀតណាមបានចុះកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដែលនឹងជួយការពារពាណិជ្ជករពីប្រទេសនីមួយៗពីការបង់ពន្ធជាន់គ្នា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារដែលបានចេញផ្សារកាលពីថ្ងៃអង្គារ។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាកាលពីសប្តាហ៍មុន នៅក្រៅជំនួបនៃកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ ដែលបានធ្វើនៅទីក្រុង ហាណូយ ប្រទេសវៀតណាម។
លោក ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយលោក Tran Xuan Ha អនុរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុប្រទេសវៀតណាម នៅក្នុងពិធីមួយដែលបានចូលរួមដោយលោកនាយករដ្ឋមន្ដ្រីរបស់ប្រទេសទាំងពីរ។
ព័ត៌មានលម្អិតរបស់កិច្ចព្រមព្រៀងនេះមិនត្រូវបានចេញផ្សាយនោះទេ។
យោងតាមអគ្គនាយកដ្ឋានពន្ធដារ កិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នាដែលកម្ពុជាបានធ្វើជាមួយប្រទេសចំនួន ៥ រួមមានសិង្ហបុរី ចិន ព្រុយណេ ថៃ និង ប្រទេសវៀតណាម ខណៈកម្ពុជាកំពុងចរចាកិច្ចព្រមព្រៀងនេះជាមួយនឹងប្រទេសមួយចំនួនទៀតមានម៉ាឡេស៊ី ហ្វីលីពីន កូរ៉េខាងត្បូង និងប្រទេសជប៉ុន៕LA