ភ្នំពេញៈ សភាពាណិជ្ជកម្ម​កម្ពុជា និង​តំណាង​ក្រុមហ៊ុន​មកពី​បណ្តា​ខេត្ត​នៅ​ភាគខាងត្បូង​ប្រទេស​វៀតណាម​សរុប​ជាង​ ៦០ ​ក្រុមហ៊ុន​ កាលពី​ចុងសប្តាហ៍​មុន​បាន​រៀបចំ​វេទិកា​ធុរកិច្ច​មួយ ដើម្បី​ពិភាក្សាគ្នា​អំពី​ការជំរុញ ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២​។ នេះ​បើ​យោងតាម​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង «​វេទិកា​សហប្រតិបត្តិការ​ធុរកិច្ច​កម្ពុជា-វៀតណាម​» បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា វេទិកា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅតាម​ព្រំដែន​កម្ពុជា-វៀតណាម និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ក្រុមហ៊ុន​/​សហគ្រាស​វៀតណាម ជាមួយ​ក្រុមហ៊ុន/​សហគ្រាស​នៅ​កម្ពុជា​។

លោក​បន្តថា គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅតាម​ព្រំដែន​រួមគ្នា​នេះ​ទទួល​បាន​ការយល់ព្រម​ពី​រដ្ឋាភិបាល​ប្រទេស​ទាំង ២ ​រួច​ហើយ​។

លោក​ថ្លែងថា​៖ «​យើង​កំពុង​ជំរុញ​កិច្ចការ​នេះ​ជាមួយ​ភាគី​ទាំង​សង​ខាង ខណៈ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ២ បាន​ផ្តល់​ភ្លើង​ខៀវ​រួចហើយ​នៅ​ឡើយ​តែ​វិស័យ​ឯកជន​ដែល​ជា​ម្ចាស់​នៅ​ស្វែងរក​ធនធាន និង​ដៃគូ​ជំរុញ​បន្ថែម​»​។

បើ​តាម​លោក លឹម ហេង តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​អាច​ស្ថិត​នៅ​លើ​ទឹកដី​កម្ពុជា​ខ្លះ (​ខេត្តក្រចេះ​) និង​វៀតណាម​ខ្លះ ឬ​អាច​នៅ​ទល់​មុខ​គ្នា​ក្នុង​ករណី​ច្បាប់​វិនិយោគ​របស់​ប្រទេស​ទាំង​ ២ មាន​ភាពខុស​គ្នា​ខ្លាំង​ពេក​។

ខណៈ​បច្ចុប្បន្ន​ប្រទេស ​វៀតណាម ​ទទួល​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ជាមួយ​អាមេរិក​នោះ កម្ពុជា​ក៏​អាច​នឹង​ទទួល​បាន​ផលចំណេញ​ខ្លះ​ផងដែរ​ពី​តំបន់​សេដ្ឋកិច្ច​នេះ ពិសេស​នៅពេល​ដែល​មាន​ការបញ្ជា​ទិញ​ច្រើន​ពី​ទីផ្សារ​អាមេរិក​។

លោក​អះអាង​ថា​៖ «​ខណៈ​នៅពេល​ឆាប់ៗ​នេះ យើង​នឹង​ឈាន​ទៅ​ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន​។ ដូច្នេះ​តំបន់​សេដ្ឋកិច្ច​ពិសេស​សងខាង​នេះ​នឹង​ផ្តល់នូវ​ផលប្រយោជន៍​ច្រើន ដោយ​ទំនិញ​នាំ​ចេញ​រួច​ពន្ធ​ទៅ​អាមេរិក​អាច​ផលិត​ក្នុង​ទឹកដី​វៀតណាម និង​សម្រាប់​នាំទៅ​ចិន​យក​មក​ផលិត​នៅ​កម្ពុជា​»​។

បើ​តាម​លោក លឹម ហេង ក្នុង​វេទិកា​ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​សុក្រ​ចុងសប្តាហ៍​មុននេះ​ក៏​មាន​អនុស្សរណៈ​យោគយល់​មួយ​ចំនួន​ត្រូវបាន​ចុះហត្ថលេខា​រវាង​ក្រុមហ៊ុន​មកពី​ប្រទេស ​វៀតណាម និង​ក្រុមហ៊ុន​វៀតណាម​ដែល​កំពុង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ ទោះ​យ៉ាងណា​លោក​មិនបាន​បង្ហើប​ពី​ខ្លឹមសារ​នៃ​អនុស្សរណៈ​យោគយល់​គ្នា​ទាំង​នោះទេ​។

ដើម្បី​ជំរុញ​កិច្ចការ​នេះ​ឲ្យ​មាន​ដំណើរការ​ទៅមុខ​កាន់តែ​លឿន ភាគី​សមាគម​ពាណិជ្ជកម្ម​វៀតណាម​ក៏​គ្រោង​នឹង​អញ្ជើញ​ភាគី​កម្ពុជា​ទៅ​ប្រជុំ​គ្នា​នៅក្នុង​ប្រទេស ​វៀតណាម ​ក្នុង​ពេល​ខាងមុខ​ឆាប់ៗ​ផងដែរ ដែល​អាច​នឹង​មាន​ការចូលរួម​ពី​តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា ក្រសួង​ពាណិជ្ជកម្ម និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

លោក Vu Quang Minh ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា​បាន​អះអាង​ថា សកម្មភាព​នៃ​ការខិតខំ​ជំរុញ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ដ៏មមាញឹក​ក៏​ដូចជា​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង ២ ក្នុង​រយៈពេល​ជាង​ ២​ ​សប្តាហ៍​កន្លង​មក​នេះ​បង្ហាញ​យ៉ាងច្បាស់​ពី​ការយក​ចិត្ត​ទុកដាក់​យ៉ាងខ្លាំង​របស់​ក្រុមហ៊ុន​ចំពោះ​ឱកាស​នៃ​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ឆ្លងកាត់​ព្រំដែន​។

កាលពី​ឆ្នាំ​ ២០១៨ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​វៀតណាម​មាន​តម្លៃ​ជាង ៤,៧ ពាន់​លាន​ដុល្លារ​កើនឡើង ២៣,៨ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៧ ខណៈ​ឆ្នាំ​ ២០១៩ នេះ​ត្រូវបាន​ព្យាករ​ថា​នឹង​កើន​ដល់ ៥,២ ពាន់​លាន​ដុល្លារ​។

រហូត​មក​ទល់​ពេលនេះ​ការវិនិយោគ​របស់​វៀតណាម​នៅ​កម្ពុជា​មាន​ចំនួន ២១៤ គម្រោង​ដែល​ស្មើនឹង​ទុន​វិនិយោគ​ជាង ៣ ពាន់​លាន​ដុល្លារ​ក្នុងនោះ ១៧៦ ​គម្រោង​ កំពុងមាន​សុពលភាព​ជាមួយ​នឹង​ទុនវិនិយោគ​សរុប ២,៧៧ ពាន់​លាន​ដុល្លារ​ ដែល​ធ្វើឲ្យ​វៀតណាម​ក្លាយជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ដែល​បណ្តាក់ទុន​ច្រើន​ជាង​គេ​នានា​នៅ​កម្ពុជា​។

ចំណែក​ការវិនិយោគ​របស់​កម្ពុជា​នៅ​វៀតណាម​មាន​​ ២១ ​គម្រោង​ដែល​មាន​ទុនវិនិយោគ​សរុប​ជិត ៦៤ លាន​ដុល្លារ​ ជាប់​លេខ ៥៤ ក្នុងចំណោម​ប្រទេស និង​ដែនដី​ចំនួន ១៣២ ដែល​បណ្តាក់ទុន​នៅ​វៀតណាម​។ នេះ​បើ​តាម Vietnamplus៕ LA