ភ្នំពេញៈ រដ្ឋមន្ត្រី​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា​លោក ស៊ុន ចាន់ថុល បាន​ស្នើ​ឲ្យ​ក្រសួង​ដឹកជញ្ជូន​ប្រទេស​ចិន​បន្ត​ផ្តល់​ការគាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ផ្លូវ​រថភ្លើង​របស់​កម្ពុជា​។ នេះ​បើ​យោង​តាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា​។

យោង​តាម​កិច្ចពិភាក្សា​ក្នុង​ជំនួប​រវាង លោក ស៊ុន ចាន់ថុល និង លោក Li Xiaopeng រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ស្តី​អំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​កាលពី​ថ្ងៃ​ទី​ ២៧ មីនា ឆ្នាំ​ ២០១៩ នៅ​ទីក្រុង​ប៉េកាំង លោក ស៊ុន ចាន់ថុល បាន​ស្នើឲ្យ​ភាគី​ចិន​សិក្សា​ផែនការមេ ដើម្បី​ពង្រីក​សមត្ថភាព​កំពង់ផែ កាត់បន្ថយ​តម្លៃ​សេវា និង​ពង្រឹង​ប្រសិទ្ធភាព​ដឹកជញ្ជូន​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​។

កិច្ចពិភាក្សា​នេះ​បាន​ផ្តោត​ជា​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា-ចិន​លើ​​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB)​។

លោក Li Xiaopeng បាន​និយាយ​ថា​កម្ពុជា​បាន​ដើរតួនាទី​ដ៏សំខាន់​ជា​សហស្ថាបនិក​នៃ​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) និង​ការគាំទ្រ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​។

លោក Li Xiaopeng ក៏​បាន​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​លោក​ក្នុង​ការចូលរួម​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា-ចិន និង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ជួយ​ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នៅ​កម្ពុជា​ព្រម​ទាំង​បាន​សន្យា​ជំរុញ​វិនិយោគិន​ចិន ជាពិសេស​ប្រធាន​សហគ្រាស​សាធារណៈ​ធំៗ​របស់​ខ្លួន​ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត តាមរយៈ​រូបភាព សាងសង់​ធ្វើ​អាជីវកម្ម​ផ្ទេរ​៕