
ភ្ញៀវទេសចរបរទេសដែលមកទស្សនាប្រាសាទអង្គរវត្តនៅខេត្តសៀមរាប នាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ កម្ពុជាស្នើឲ្យជប៉ុនបង្កើនការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅក្នុងប្រទេសកម្ពុជាពិសេសការបង្កើតតំបន់ទេសចរណ៍សម្រាប់និវត្តជន ជប៉ុន។
នៅក្នុងជំនួបជាមួយអគ្គរាជទូតប្រទេសជប៉ុនចប់អាណត្តិប្រចាំកម្ពុជា លោក Hidehisa Horinouchi កាលពីថ្ងៃចន្ទ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងពីភាពរីកចម្រើនលើវិស័យទេសចរណ៍កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជប៉ុន។
លោកថ្លែងថា៖ «សូមស្នើឲ្យរដ្ឋាភិបាល និងវិនិយោគិនជប៉ុនជួយបង្កើនការវិនិយោគបន្ថែមនៅកម្ពុជា ដូចជាការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ការបង្កើតតំបន់ទេសចរណ៍ថ្មីៗ ពិសេសសម្រាប់ទេសចរជប៉ុនដែលកំពុងចូលនិវត្តន៍ជាច្រើននាក់»។ លោក ថោង ខុន ក៏បានស្នើឲ្យជប៉ុនបន្តជួយកសាងផ្លូវចូលទៅកាន់សហគមន៍ទេសចរណ៍សំខាន់ៗនៅកម្ពុជាផងដែរ។
លោក Hidehisa Orinouchi បាននិយាយថា ជប៉ុនប្តេជ្ញានឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា និងសន្យានាំយកសំណើទាំងអស់នេះទៅប្រាប់ដល់រដ្ឋាភិបាលរបស់ខ្លួន។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍កាលពីថ្ងៃម្សិលមិញបានឲ្យដឹងថាកម្ពុជាជាគោលដៅទេសចរណ៍ដ៏ល្អមួយសម្រាប់ជនជាតិជប៉ុន ពិសេសតំបន់ប្រាសាទក្នុងខេត្តសៀមរាប។ លោកបន្តថាដើម្បីទាក់ទាញភ្ញៀវទេសចរជប៉ុនកាន់តែច្រើន ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីបន្ថែមគឺជាការចាំបាច់។
លោកបន្តថា៖ «ទោះបីកម្ពុជាមានជើងហោះហើរត្រង់ជាមួយជប៉ុនរួចហើយក៏ដោយ ក៏កម្ពុជាចាំបាច់ត្រូវតែខិតខំពង្រីកផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត។ រដូវត្រជាក់នៅប្រទេសជប៉ុនតែងធ្វើឲ្យមនុស្សចាស់ពិបាករស់នៅ ហេតុនេះកម្ពុជាត្រូវតែខិតខំបន្ថែមទៀតក្នុងការរៀបចំគោលនយោបាយ ដើម្បីប្រែក្លាយជាផ្ទះទី ២ សម្រាប់និវត្តជនជប៉ុន»។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបាននិយាយថា ជប៉ុនគឺជាភ្ញៀវទេសចរដែលចូលចិត្តលក្ខណៈធម្មជាតិ និងវប្បធម៌ជាអ្វីដែលកម្ពុជាមាន។ លោកថ្លែងថា៖ «ដោយសារប្រទេសកម្ពុជាមានធម្មជាតិអំណោយផលខ្លាំង មិនមានគ្រោះធម្មជាតិធំៗ ដូច្នេះប្រសិនបើយើងអាចអភិវឌ្ឍបានល្អនោះនឹងអាចទាក់ទាញជនជាតិជប៉ុន ពិសេសអ្នកចូលនិវត្តន៍ជប៉ុនឲ្យចូលមករស់នៅកម្ពុជាបានច្រើនជាមិនខាន»។
បើតាមលោក ហូ វណ្ឌី កាលពីឆ្នាំ ២០០៥-២០០៧ ចំនួនភ្ញៀវទេសចរជប៉ុនបានជាប់លេខ ១ ក្នុងនាមជាអ្នកមកទស្សនាកម្ពុជាច្រើនជាងគេ។
លោកបន្តថា៖ «ភ្ញៀវទេសចរជប៉ុនទៅដល់កន្លែងណាតែងតែផ្តល់នូវភាពវិជ្ជមានជាច្រើនសម្រាប់អ្នកនៅក្នុងតំបន់គឺគាត់នឹងបង្កើតធនធានមនុស្ស វប្បធម៌ គុណភាពសម្រាប់ជីវិត និងបរិស្ថានជាដើម»។
ទិន្នន័យពីក្រសួងទេសចរណ៍បានឲ្យដឹងថាកាលពីឆ្នាំ ២០១៨ ភ្ញៀវទេសចរជប៉ុនដែលមកទស្សនាកម្ពុជាមានជាង ២១ ម៉ឺននាក់ កើន ៣,៥ ភាគរយ បើធៀបនឹងឆ្នាំ ២០១៧។
នៅឆមាសទី ១ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣,៣ លាននាក់កើនឡើង ១១,២ ភាគរយ បើធៀបទៅរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ក្នុងនោះភ្ញៀវទេសចរជនជាតិជប៉ុនមានចំនួនជាង ១០ ម៉ឺននាក់ កើនឡើង ៣ ភាគរយបើធៀបឆមាសទី ១ ឆ្នាំ ២០១៨៕ LA