ភ្នំពេញ: ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានស្នើ​ឲ្យ​កូរ៉េខាងត្បូងជួយ​បង្កើត​ផ្សារបោះដុំ​កសិផល​ខ្មែរ​ក្នុង​គោលបំណង​ជំរុញ​ការដាំដុះ និង​រក​ទីផ្សារ​ឲ្យ​កសិករ​។

ក្នុង​ជំនួប​ពិភាក្សា​ស្តីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​លើ​វិស័យ​កសិកម្ម ក្រោម​ការគាំទ្រ​របស់​ប្រទេស​កូរ៉េ​ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម​កាលពី​ថ្ងៃ​ពុធ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ស្នើ​សុំ​ឲ្យ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ លោក Park Heung-kyeong ជួយ​រៀបចំ​បង្កើត​ផ្សារបោះដុំ​កសិផល​ខ្មែរ ជាពិសេស​បន្លែ​។

លោក សាខុន បាន​លើកឡើង​ថា សព្វថ្ងៃ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​វិស័យ​កសិកម្ម​បន្លែ​របស់​កម្ពុជា​ដូចជា ផ្ទះ​សំណាញ់ និង​ប្រព័ន្ធ​ស្រោចស្រព​ដំណាំ កំពុង​មាន​និន្នាការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​គួរ​ឲ្យ​កត់សម្គាល់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។

លោក​ថ្លែងថា​៖ «​សូម​លោក​ឯកអគ្គរដ្ឋទូត​ពិនិត្យ​ពិចារណា​ជួយ​បង្កើត​ផ្សារបោះដុំ​កសិផល ពិសេស​បន្លែ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ដែលមាន​សក្តានុពល​មួយចំនួន​។ ខ្ញុំ​សង្ឃឹមថា​រដ្ឋាភិបាល​កូរ៉េ​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យ​កាន់តែ​រីក​ច្រើន​នៅពេល​អនាគត​»​។

លោក នេត អង្គារ អ្នកគ្រប់គ្រង​ទូទៅ​ផ្សារទំនើប «​ផ្សារ​អាហារ​សុវត្ថិភាព »​របស់​ក្រុមហ៊ុន K.C.C.V Plantation Co., Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បច្ចុប្បន្ននេះ​ផ្សារដើមគ​ដែល​ជា​ផ្សារបោះដុំ​បន្លែ​ធំ​ជាង​គេ​នៅ​ទីក្រុង​ភ្នំពេញ មិនទាន់​អាច​បំពេញ​តម្រូវការ​ទីផ្សារ​បន្លែ​ដែលមាន​សុវត្ថិភាព​នៅឡើយ​ទេ​។

លោក​មាន​ជំនឿ​ថា បើ​ផ្សារបោះដុំ​កសិផល​នេះ​ត្រូវបាន​បង្កើតឡើង​វា​នឹង​ជួយ​ពង្រីក​ទីផ្សារ​បន្ថែមទៀត​ដល់​កសិករ និង​វិស័យ​ឯកជន​។ លោក​ថ្លែងថា​៖ «​នៅពេល​មាន​ផ្សារ​នេះ​វា​នឹង​ជួយ​រក​ទីផ្សារ​ឲ្យ​កសិករ ហើយ​ពួកគាត់​កាន់​តែមាន​ទំនុកចិត្ត​លើ​ការដាំដុះ​សម្រាប់​ផ្គត់ផ្គង់​មកលើ​ទីផ្សារ​ដោយ​មិន​បារម្ភ​អត់​មាន​អ្នកទិញ​»​។

កញ្ញា ប៊ុន សៀង ប្រធាន​ក្រុមហ៊ុន Natural Agriculture Village ដែលជា​ក្រុមហ៊ុន​ទទួល​ទិញ​បន្លែ និង​ចែកចាយ​ក្នុង​ស្រុក​បាន​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​បង្កើត​ផ្សារបោះដុំ​បន្លែ​នេះ ដោយ​កញ្ញា​បាន​អះអាង​ថា វា​នឹង​ជួយ​លើកកម្ពស់ និង​បង្កើត​ឱកាស​ទីផ្សារ​ដល់​កសិផល​ខ្មែរ​កាន់តែ​ល្អប្រសើរ​ថែមទៀត ខណៈ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ការ​យល់ដឹង​ចំពោះ​ការដាំដុះ​បន្លែ​តាម​គោលការណ៍​អនុវត្ត​កសិកម្ម​ល្អ (GAP)​។

កញ្ញា​និយាយថា​៖ «​ខ្ញុំ​គិតថា វា​នឹង​ផ្តល់​ទីតាំង​កាន់តែ​ងាយស្រួល​ដល់​អ្នកលក់ និង​អ្នកទិញ​។ ផ្សារ​ដើម​គ​សព្វថ្ងៃ​មាន​លក្ខណៈ​ចង្អៀត ហើយ​ម្យ៉ាងទៀត វា​ក៏​នឹង​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកទិញ​ក្នុង​ការសម្គាល់​មួយណា​ជា​បន្លែ​របស់​ខ្មែរ និង​បន្លែ​មួយណា​ជា​បន្លែ​នាំចូល​ផងដែរ​»​។

លោក ស្រី វុឌ្ឍី អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ខែមេសា​ថា តាម​ការព្យាករ​កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការផ្គត់ផ្គង់​បន្លែ​ក្នុងស្រុក​ប្រចាំ​ឆ្នាំ​ ២០២០ ​នេះ​ចំនួន ៧១៦ ១១៣ ​តោន ស្មើនឹង ៦៨ ​ភាគរយ​នៃ​តម្រូវការ​បន្លែ​សរុប​ជាង ១ ​លាន​តោន​។ លោក​បន្តថា ដើម្បី​បំពេញតម្រូវការ​ក្នុង​ស្រុក​កម្ពុជា​ចាំបាច់​ត្រូវ​នាំ​បន្លែ​ពី​វៀតណាម និង​ថៃ​ប្រមាណ ៣២ ​ភាគរយ​៕LA