ភ្នំពេញៈ កម្ពុជា​ស្វាគមន៍​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​ដែលមាន​បំណង​ចាប់ផ្តើម​បើក​ជើងហោះហើរ​ត្រង់​មក​កម្ពុជា ដើម្បី​លើកកម្ពស់​ពាណិជ្ជកម្ម ទេសចរណ៍ និង​ការវិនិយោគ​។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល (SSCA) បានលើកឡើង​បែបនេះ​ដល់​លោក W Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​នៅក្នុង​អំឡុង​កិច្ចប្រជុំ​មួយ​នៅ​ការិយាល័យ​របស់ SSCA កាលពី​ថ្ងៃ​ចន្ទ​។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នក​នាំពាក្យ SSCA បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ឯកអគ្គរដ្ឋទូត​អាមេរិក​បាន​ផ្ដល់យោបល់​ថា ត្រូវមាន​យន្តហោះ Boeing ដែល​ផលិត​នៅ​អាមេរិក​ប្រតិបត្តិការ​នៅ​ដែនអាកាស​របស់​កម្ពុជា ដើម្បី​បង្កើន​ល្បឿន​ការងារ​លើ​កិច្ចព្រមព្រៀង​សេវា​ផ្លូវអាកាស​រវាង​ប្រទេស​ទាំង​ ២ ​ចាប់​តាំង​ការបើក​ការចរចា​កាលពី​ឆ្នាំ​ ២០១៤​។

លោក​ថ្លែងថា​៖ «​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​សេវា​ផ្លូវអាកាស​រវាង​ប្រទេស​កម្ពុជា និង​អាមេរិក​ ប្រទេស​ទាំង​ ២ ​នៅ​តែ​មាន​បញ្ហា​សំខាន់​ពីរ គឺ​ទី​ ១ អំពី​ពាក្យ​បច្ចេកទេស​ដែល​យើង​បកប្រែ​និយមន័យ​ផ្សេងគ្នា ប៉ុន្តែ​យើង​នៅតែ​អាច​បើក​ការចរចា​បាន និង​ចំណុច​ទី​ ២ ក្រុមហ៊ុន​អាមេរិក​ទាមទារ​ឲ្យ​មាន​ការធ្វើ​សេវាកម្ម​ផ្ទៃដី​ដោយ​ភាគី​អាមេរិក​ផ្ទាល់​។ នេះ​ជា​បញ្ហា​ប្រឈម​បន្តិចបន្តួច​»​។

លោក ចាន់សេរីវុត្ថា បាន​ឲ្យ​ដឹងថា ដោយ​ផ្អែកលើ​កិច្ចព្រមព្រៀង​ការធ្វើ​សេវាកម្ម​ផ្ទៃដី​សម្បទាន​គឺ​រដ្ឋាភិបាល​បាន​អនុញ្ញាត​រួចហើយ​ឲ្យ​ក្រុមហ៊ុន​មួយ​គ្រប់គ្រង​។ លោក​បន្តថា ប៉ុន្តែ​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​ចង់​មាន​ការធ្វើ​សេវាកម្ម​ផ្ទៃដី​ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​អាមេរិក ដោយសារ​តែ​ពួកគេ​បារម្ភ​អំពី​សុវត្ថិភាព ឬ​បញ្ហា​ភេរវកម្ម​។

លោក​លើកឡើង​ថា​៖ «​រដ្ឋមន្ដ្រី​របស់​យើង​បាន​ផ្ដល់​យោបល់​ដល់​លោក​ឯកអគ្គរដ្ឋទូត​ត្រូវ​ជូនដំណឹង​ទៅ​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​ណាមួយ​ដែល​ចង់​ចាប់ផ្ដើម​ជើងហោះហើរ​មក​ប្រទេស​កម្ពុជា គួរតែ​មកជួប​ប្រជុំ​ដោយផ្ទាល់​​ជាមួយ SSCA ហើយ​យើង​នឹង​បើកផ្លូវ​ចរចា​សម្រាប់​ពួកគេ​»​។

ចាប់ពី​ឆ្នាំ​ ១៩៩០ ទៅដល់​ឆ្នាំ​ ២០០០ ប្រទេស​កម្ពុជា​ធ្លាប់​មាន​យន្តហោះ Boeing ដែល​ផលិត​នៅ​អាមេរិក​ប្រតិបត្តិការ​ផងដែរ​។ ទោះយ៉ាងណា​ដោយសារ​កត្តា​ទីផ្សារ ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​បាន​ផ្លាស់ប្តូរ​ទៅប្រើ​ប្រាស់​យន្តហោះ Airbus ដែល​ផលិត​នៅ​អឺរ៉ុប​វិញ​ដោយសារ​តែ​មាន​តម្លៃ​ទាប និង​មាន​បច្ចេកទេស​ងាយស្រួល​។

លោកស្រី Emily Zeeberg អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​តាមរយៈ​អ៊ីមែល​ថា អាមេរិក និង​ប្រទេស​កម្ពុជា​តែងតែ​ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​ទៀងទាត់​នូវ​ឱកាស​ពាណិជ្ជកម្ម​នៅក្នុង​វិស័យ​ផ្សេងៗ ដែល​រួម​មាន​ការនាំចេញ​បច្ចេកវិទ្យា​អាកាសចរណ៍ និង​សេវាកម្ម​ទៅ​ប្រទេស​កម្ពុជា​។

លោកស្រី​បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​បើកចំហ​ជើងមេឃ គឺជា​កិច្ចព្រមព្រៀង​ទ្វេភាគី​មួយ​ជួយ​ជំរុញ​ការធ្វើ​ដំណើរ​អន្តរជាតិ​រវាង​អាមេរិក និង​បណ្ដា​ប្រទេស​ដៃគូ​របស់ខ្លួន «​កិច្ចព្រមព្រៀង​បើកចំហ​ជើងមេឃ​អាច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​ធ្វើការ​ហោះហើរ​ត្រង់​ទៅ​ព្រលានយន្តហោះ​របស់​ប្រទេស​កម្ពុជា និង​ជួយ​បង្កើន​ទេសចរ​អាមេរិក​មកកាន់​ប្រទេស​កម្ពុជា​។ អាមេរិក​មាន​កិច្ចព្រមព្រៀង​បើកចំហ​ជើងមេឃ​ជាមួយ​បណ្ដា​ប្រទេស​ជាង​ ១០០ ​លើ​ពិភពលោក​»​។

របាយការណ៍​របស់​ការិយាល័យ​ជំរឿន​អាមេរិក​បាន​ឲ្យ​ដឹងថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​មាន​ចំនួន​សរុប ១,១៣៦ ​ពាន់​លាន​ដុល្លារ​ក្នុង​ ២ ​ខែ​ដំបូង​ឆ្នាំនេះ​កើនឡើង ៣៩,៩៦ ​ភាគរយ​ធៀប​នឹង ៨១២ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩​។ ក្នុងនោះ​កម្ពុជា​បាន​នាំចេញ​ទំនិញ​មានតម្លៃ​ជាង ១ ​ពាន់​លាន​ដុល្លារ​ទៅ​អាមេរិក​កើនឡើង​ជាង ៤៦,៩៦ និង​នាំចូល​ចំនួន ៥៣,២ ​លាន​ដុល្លារ​ធ្លាក់ចុះ ២៨,៩៧ ​ភាគរយ​៕LA