ភ្នំពេញ: ប្រទេសកម្ពុជា រំពឹងថាខ្លួននឹងមានឱកាសពង្រីកទីផ្សារសម្រាប់ផលិតផលកសិកម្មនៅក្នុងប្រទេសហុងគ្រីដែលស្ថិតនៅតំបន់អឺរ៉ុបកណ្តាល ព្រមទាំងមានឱកាសទាក់ទាញវិនិយោគិនមកពីប្រទេសនេះ បន្ទាប់ពីភាគីទាំង ២ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្មកាលពីថ្ងៃទី ៣ ខែវិច្ឆិកា ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រីនៅភ្នំពេញ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយលោក Peter Szijjarto រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រីក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក សាខុន បានថ្លែងថា វិស័យកសិកម្មហុងគ្រីបាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសនេះដែលមានចំណែកប្រមាណ ៨ ភាគរយនៃ GDP ហើយការប្រើប្រាស់បច្ចេកវិទ្យាដាំដុះ ការកែច្នៃផលិតផលកសិកម្ម និងការគ្រប់គ្រងទឹកកំពុងទទួលបានជោគជ័យខ្លាំងនៅប្រទេសនេះ។
លោកមានប្រសាសន៍ថា៖ «ការចុះ MoU នេះនឹងនាំមកនូវការអភិវឌ្ឍជាផ្លែផ្កាទ្វេឡើងលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្មនៅប្រទេសទាំង ២ នាពេលអនាគត ហើយភាគីកម្ពុជានឹងអនុវត្តខ្លឹមសារ MoU នេះឱ្យមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិ និងប្រជាជនកម្ពុជា»។
លោកបន្ថែមថា ប្រទេសកម្ពុជាមានវិស័យសំខាន់ៗចំនួន ៣ សម្រាប់វិនិយោគិនហុងគ្រីមកបណ្តាក់ទុនវិនិយោគនៅពេលអនាគតរួមមាន ផលិតកម្មទឹកដោះ និងការកែច្នៃសាច់ វារីវប្បកម្ម និងការដាំដំណាំ និងសុវត្ថិភាពចំណីអាហារ។
លោកថ្លែងថា៖ «កម្ពុជាមានសក្តានុពលវិនិយោគលើផលិតកម្មដំណាំសម្រាប់នាំចេញមានដូចជាដំណាំស្រូវ ស្វាយ ដំឡូងមី ស្វាយចន្ទី ថ្នាំជក់ និងផលិតកម្មវារីវប្បកម្ម ជាដើម»។
លោក ចាន់ ពេជ្រ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Signature of Asia បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះ ក្រុមហ៊ុនរបស់លោកបាននាំចេញអង្ករក្រអូបចន្លោះពី ៥០០ ទៅ ៦០០ តោនទៅកាន់ទីផ្សារប្រទេសហុងគ្រី។
លោកបញ្ជាក់៖ «តាមរយៈ MoU នេះនឹងផ្តល់ឱកាសឱ្យយើងបន្ថែមទៀតសម្រាប់វិស័យកសិកម្មរបស់យើង។ ទីផ្សារនៅហុងគ្រីធំគួរសមដែរសម្រាប់អង្ករកម្ពុជាដែលបានបញ្ជាទិញក្នុងចំនួនថេរ»។
លោក ធួន ស៊ីណាន អតីតនាយកប្រចាំប្រទេសកម្ពុជានៃស្ថានពាណិជ្ជកម្ម (Trading House) កម្ពុជា-ហុងគ្រីបានឱ្យដឹងថា ការចុះ MoU នេះគឺជាការបោះជំហានថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយហុងគ្រីក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ។
លោកថ្លែងថា៖ «ខ្ញុំគិតថា នេះជាការចាប់ផ្តើមមួយល្អបំផុត ព្រោះប្រទេសហុងគ្រីគឺជាប្រទេសមហាអំណាចផ្នែកកសិកម្មមួយនៅតំបន់អឺរ៉ុបកណ្តាល ហើយប្រសិនបើកម្ពុជាអាចបន្ថែមនូវកិច្ចសហប្រតិបត្តិការជាមួយគាត់នោះគាត់នឹងជួយជំរុញកសិកម្មយើងឱ្យរីកចម្រើនខ្លាំង ពិសេសពាក់ព័ន្ធសុវត្ថិភាពចំណីអាហារ។
លោកបន្តថា៖ «ខ្ញុំជឿថានេះជាឱកាសសម្រាប់ផលិតផលកសិកម្មកម្ពុជាមួយចំនួននឹងនាំចេញទៅកាន់ប្រទេសនេះរួមមាន ម្រេច ល្ង សណ្តែក ហើយផលិតផលកសិកម្មកម្ពុជាជាច្រើនទៀតដែលគាត់ចាប់អារម្មណ៍ ប្រសិនបើយើងពង្រឹងគុណភាព និងតម្លៃមិនខ្ពស់»។
បើតាមលោក វេង សាខុន ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២០ នេះកម្ពុជាបាននាំអង្ករចេញទៅប្រទេសហុងគ្រី ចំនួន ១ ៨៣៩ តោន និងថ្នាំជក់បាន ១១៨ តោន៕ LA