ភ្នំពេញ: កម្ពុជា និង​ហុងគ្រី នឹង​មាន​រៀបចំ​កិច្ចប្រជុំ​លើក​ទី​ ១ នៃ​គណៈកម្មការ​ចម្រុះ​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច​ជាមួយ​គ្នា​នៅ​ចុងឆ្នាំ​នេះ​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កាន់តែ​ធំ​ជាង​មុន​។

គម្រោង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​រវាង​លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ជាមួយ​លោក Istvan Joo អនុរដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ ហុងគ្រី កាលពី​ថ្ងៃទី​ ៣ ខែកញ្ញា តាមរយៈ​វីដេអូ​ខនហ្វើរ៉ិន​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ភាគី​ទាំង​ ២ នឹង​រៀ​ចំ​កិច្ចប្រជុំ​នេះ​ចំនួន ២ ​លើក​គឺ​នៅ​ថ្ងៃទី​ ៣០ ខែវិច្ឆិកា និង​ថ្ងៃទី​ ១ ខែ ធ្នូ ឆ្នាំ​ ២០២០ ​នៅ​ប្រទេស​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ត​ថា​ហុងគ្រី​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា​លើ​វិស័យ​សំខាន់ៗ​ដូចជា កសិកម្ម កសិឧស្សាហកម្ម គ្រប់គ្រង​ធារាសាស្ត្រ ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​វិស័យ​អប់រំ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ឲ្យ​ដឹងថា​វេទិកា​នេះ​នឹង​បើកឱកាស​ទីផ្សារ​ឲ្យ​កម្ពុជា​បន្ថែមទៀត ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​។

លោក​ថ្លែងថា​៖ «​កិច្ចប្រជុំ​នេះ​នឹង​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ការវិនិយោគ​រវាង​ភាគី​ទាំង​ ២ បើទោះ​ជា​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​នៅ​មាន​កម្រិត​ទាប​ក៏ដោយ​»​។

កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា និង​ហុងគ្រី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​សហប្រតិបត្តិការ​សេដ្ឋកិច្ច​លើ​វិស័យ​អាទិភាព​ចំនួន​ ២៤ មាន ដូចជា ការជំរុញ​ពាណិជ្ជកម្ម ពាណិជ្ជកម្ម​អេឡិចត្រូនិក សហគ្រាស​ខ្នាតតូច និង​មធ្យម កសិកម្ម ទេសចរណ៍ ធនាគារ និង​ហិរញ្ញវត្ថុ​។​ល​៕ LA