ភ្នំពេញៈ កម្ពុជា និងហ្វីលីពីន ប្តេជ្ញាជំរុញពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសជាសមាជិកអាស៊ានទាំងពីរនេះ។
ការប្តេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី សុខ អាន និងលោក Noe A. Wong ឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់ហ្វីលីពីន ប្រចាំនៅកម្ពុជាកាលពីថ្ងៃចន្ទ។
លោក ឯក ថា អនុប្រធានអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តីបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីជំនួបដោយស្រង់សម្តីលោក សុខ អាន ថា ទំហំពាណិជ្ជកម្ម និងចំនួនភ្ញៀវទេសចរកើនឡើងគួរឲ្យកត់សម្គាល់បន្ទាប់ពីមានការដាក់ឲ្យដំណើរការសេវាហោះហើរត្រង់ពី ទីក្រុងម៉ានីល មកកាន់ ខេត្តសៀមរាប កាលពី ឆ្នាំ២០១២។ លោកថា ភាគីទាំងពីរទាមទារឲ្យមានការខិតខំជំរុញបន្ថែមទៀត ដោយសារទំហំពាណិជ្ជកម្មនេះនៅមានកម្រិតទាបនៅឡើយ។
លោក សុខ អាន ថ្លែងថា «[យើង] ជំរុញឲ្យមានការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគឲ្យកាន់តែមានច្រើនថែមទៀតរវាងប្រទេសទាំងពីរ ព្រោះកន្លងមកនេះយើងឃើញថា ក្រោយពីមានការហោះហើរត្រង់ពី ទីក្រុងម៉ានីល មកកាន់ ខេត្តសៀមរាប គឺចំនួនភ្ញៀវទេសចរមានការកើនឡើងផងដែរ»។
លោក សុខ អាន ក៏បានស្នើឲ្យភាគី ប្រទេសហ្វីលីពីន ជួយនាំចូលអង្ករពីកម្ពុជា ដោយលោកលើកឡើងថា កម្ពុជា សល់ស្រូវជាង ៤ លានតោនក្នុង ១ ឆ្នាំៗ។
លោកបន្តថា៖ «យើងចង់នាំអង្ករឲ្យកាន់តែច្រើនប្រសើរជាជាងនាំចេញស្រូវ ព្រោះយើងចង់បង្កើតឲ្យមានរោងម៉ាស៊ីនកិនស្រូវកាន់តែច្រើនដើម្បីបង្កើតការងារក្នុងស្រុក»។
លោក Noe A. Wong ឲ្យដឹងថា លោកនឹងខិតខំបន្តជំរុញ និងអំពាវនាវបន្ថែមទៀតដល់វិនិយោគិន និងពាណិជ្ជករហ្វីលីពីន ឲ្យមក កម្ពុជា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែមានកំណើនថែមទៀត។
លោកថ្លែងថា៖ «នៅពេលដ៏ខ្លីខាងមុខនេះនឹងអាចមានការហោះហើរត្រង់ពី ទីក្រុងម៉ានីល មកកាន់ ទីក្រុងភ្នំពេញ»។
បើយោងតាមលោក ឯក ថា ពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរសម្រេចបានប្រមាណជាង ២៣ លានដុល្លារ ក្នុងនោះការនាំចេញពី កម្ពុជា មានជាង ១៤ លានដុល្លារហើយ ហ្វីលីពីន នាំចូលមក កម្ពុជា មានជាង ៧ លានដុល្លារ។ រយៈពេល ៣ ខែដំបូង ឆ្នាំ២០១៤ ពាណិជ្ជកម្មទ្វេភាគីមានជាង ៥ លានដុល្លារ ក្នុងនោះការនាំចេញរបស់ កម្ពុជា មានជាង ១ លានដុល្លារ និងនាំចូលពី ហ្វីលីពីន មានជាង ៤ លានដុល្លារ។
តួលេខពីក្រសួងទេសចរណ៍ បង្ហាញថា ចំនួនភ្ញៀវទេសចរ ហ្វីលីពីន សរុប ១១១ ៣៥៨ នាក់បានមកទស្សនាកម្ពុជា កាលពី ឆ្នាំ២០១៣ កើនឡើងជាង ២២ ភាគរយធៀបនឹង ឆ្នាំ២០១២ ដែលមាន ៩៧ ៤៨៧ នាក់។ សម្រាប់ឆមាស ទី១ ឆ្នាំនេះ ភ្ញៀវទេសចរមានចំនួន ៥២ ០៩៩ នាក់ធ្លាក់ចុះជិត ៣ ភាគរយធៀបទៅនឹង ៥៨ ០០០ នាក់ក្នុងរយៈពេលដូចគ្នាកាលពី ឆ្នាំ២០១៣៕