ភ្នំពេញៈ កម្ពុជា និង​ឡាវ​ បាន​​​សន្យា​ជំ​រុញ​ការ​ធ្វើ​ពា​ណិជ្ជ​កម្ម​ និង​វិ​និ​យោគ​ឆ្លង​កាត់​ព្រំ​ដែន​ឲ្យ​មាន​សម្ទុះ​បន្ថែម​ទៀត ខណៈ​ទំ​ហំ​ពា​ណិជ្ជ​កម្ម​ ប្រ​ទេស​ទាំង​ ២ កាល​ពី​ឆ្នាំ​ ២០១៧ កន្លង​​មក​មាន​តម្លៃ​ត្រឹម​តែ​ជាង​ ២៧ ​លាន​ដុល្លារ​​ប៉ុ​ណ្ណោះ​។ នេះ​បើ​តាម​ក្រ​សួង​ពា​ណិជ្ជ​កម្ម​កម្ពុជា។

ក្នុង​វេ​ទិ​កា​ធុរ​កិច្ច​ ឡាវ​-កម្ពុជា នៃ​ដំ​ណើរ​​​ទស្សន​កិច្ច​របស់​លោក​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ទៅ​ឡាវ​នៅ​សប្តាហ៍​នេះ កម្ពុជា​ក៏​បាន​ចុះ​​អនុស្ស​​រណៈ​​ចំ​នួន​ ៤ ជា​មួយ​​​ឡាវ​ ក្នុង​នោះ​មាន ១ ស្តី​ពី​ការ​​ទិញ​អគ្គិ​សនី​ទំ​ហំ​ ២៣០ ​គី​ឡូ​វ៉ុល និង​ទំ​ហំ ៥០០ គី​ឡូ​វ៉ុល​ពី​ឡាវ​ផង​ដែរ​។

ទិន្ន​ន័យ​ពី​ក្រ​សួង​ពា​ណិជ្ជ​កម្ម​​កម្ពុជា​បាន​បង្ហាញ​ថា ពា​ណិជ្ជ​កម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា និង​ឡាវ កាល​ពី​ឆ្នាំ ២០១៧ មាន​ជាង​ ២៧,២៥ ​លាន​ដុល្លារ។ ទិន្ន​ន័យ​​មិន​បាន​បង្ហាញ​ពី​ទំ​ហំ​ពា​ណិជ្ជ​កម្ម​ឆ្នាំ ២០១៦ ទេ ប៉ុ​ន្តែបាន​បង្ហាញ​ថា នៅ​ឆ្នាំ​ ២០១៥ ទំ​ហំ​​ពា​ណិជ្ជ​កម្ម​កម្ពុជា​ឡា​វ​មាន​តម្លៃ​ ២៥,៦២ ​លាន​ដុល្លា​រ​។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋ​មន្ត្រី​ក្រ​សួង​ពា​ណិជ្ជ​កម្ម​កម្ពុជា​ដែល​​បាន​​ទៅ​ចូល​រួម​ក្នុង​វេ​ទិ​កា​ធុរ​កិច្ច​ ឡាវ​-កម្ពុជា រៀប​ចំ​ឡើង​​នៅ​ក្នុង​ទី​ក្រុង​វៀង​ចន្ទន៍​ កាល​ពី​ថ្ងៃ​ទី ៥ ខែ​ធ្នូ បាន​​បង្ហាញ​ពី​សក្តា​នុពល និង​​​គោល​នយោ​បាយ​របស់​​​រដ្ឋា​ភិ​បាល​កម្ពុជា​ចំ​ពោះ​ការ​ចូល​មក​​​​វិ​និ​យោគ​ ផ្ទាល់​នៅ​កម្ពុជា​​ទៅ​​​ដល់​​​មន្ត្រី​ផ្នែក​ពា​ណិជ្ជ​កម្ម និង​​វិ​និ​យោ​គិន​ឡាវ។

លោក​​​បន្ត​​ថា៖​ «​គោល​​​នយោ​បា​យ​បើក​ចំ​ហ និង​គោល​នយោ​បាយ​គាំ​ពារ​វិ​និ​យោគ​របស់​កម្ពុជា គឺ​មាន​លក្ខណៈ​បត់​បែន និង​មាន​អំ​ណោយ​ផល​ខ្ពស់​សម្រាប់​ការ​វិ​និ​យោគ​ផ្ទាល់​ពី​បរ​ទេស ដែល​នឹង​​អាច​ជួយ​ពួក​គេ​ឲ្យ​ទទួល​បាន​ប្រាក់​ចំ​ណេញ​​រយៈ​ពេល​យូរ និង​ដើ​ម្បី​​​​រួម​ចំ​ណែក​អភិ​វឌ្ឍ​កំ​ណើន​សេដ្ឋ​កិច្ច​កម្ពុជា​ផង​ដែរ​»​។

ក្នុង​ចំ​ណោម​ប្រ​ទេស​ជិត​ខាង​​កម្ពុជា មាន​តែ​​​ឡាវ ១ ​គត់​ ដែល​ការ​ដោះ​ដូរ​ពា​ណិជ្ជ​​កម្ម​នៅ​មាន​កម្រិត​ទាប។ ​ក្នុង​ឆ្នាំ​ ២០១៧ ទំ​ហំ​ពា​ណិជ្ជ​កម្ម​រវាង​កម្ពុជា ​ជា​មួយ​វៀត​ណាម មាន​តម្លៃ​ជាង​ ៣,៨​ ពាន់​លាន​ដុល្លារ ខណៈ​ជា​មួយ​ប្រ​ទេស​ ថៃ មាន ៦,១៦ ពាន់​លាន​ដុ​ល្លារ​។

រដ្ឋ​មន្ត្រី​ក្រ​សួង​ឧស្សា​ហ​កម្ម និង​ពា​ណិជ្ជ​កម្ម​នៃ​ប្រ​ទេស​ ឡាវ លោក​ស្រី Khemmani Phol​sena បាន​ឲ្យ​ដឹង​ថា ឡាវ​គាំ​ទ្រ​ចំ​ពោះ​ការ​ជំ​រុញ​ឲ្យ​សកម្ម​ភាព​ពា​ណិជ្ជ​កម្ម​រវាង​ប្រ​ទេស​ទាំង​ ២ កាន់​តែ​មមា​ញឹក​ដោយ​លោក​ស្រី​​បាន​ស្នើ​ឲ្យ​កម្ពុជា​ជួយ​ជំ​រុញ​វិ​ស័យ​ឯក​ជន​ពី​កម្ពុជា​ចូល​ទៅ​វិនិ​យោគ​ និង​ធ្វើ​​ទេស​ចរណ៍​ទៅ​ប្រ​ទេស​ ឡាវ ​ផង​ដែរ​។

លោក លឹម ហេង អនុ​ប្រ​ធាន​សភា​ពា​ណិជ្ជ​កម្ម​កម្ពុជា បាន​និ​យាយ​ថា សម្រាប់​​រយៈ​ពេល​ខ្លី​ទំ​ហំ​ពា​ណិជ្ជ​កម្ម​​រវាង​ កម្ពុជា-​ឡាវ ​នឹង​មិន​ស្ទុះ​ងើប​​លឿន​​ទេ តែ​វា​អាច​នឹង​ប្រែ​ប្រួល​នៅ​ពេល​ដែល​មាន​ស្ពាន​ឆ្លង​ទន្លេ​ភ្ជាប់​ពី​ខេត្ត​ព្រះ​វិ​ហារ ទៅ​កាន់​ខេត្ត​ចំ​ប៉ា​សាក់​របស់​ឡាវ​​​។​

លោក​ លឹម ហេង បាន​បន្ត​ថា​ តាម​ផែន​ការ​ កម្ពុជា-ឡាវ ​នឹង​សាង​សង់​ស្ពាន​ឆ្លង​ទន្លេ​មួយ​ដើ​ម្បី​ជួយ​សម្រួល​ដល់​ការ​​​ធ្វើ​ដំ​ណើរ និង​ដឹក​ជញ្ជូន​ទំ​និញ​រវាង​ប្រ​ទេស​​ទាំង​ ២ ឲ្យ​កាន់​តែ​​ងាយ​ស្រួល​។

លោក​ថ្លែង​ថា៖ «​​នៅ​ពេល​មាន​ស្ពាន ប្រ​ទេស​ ឡាវ ​អាច​នឹង​​ប្រើ​ប្រាស់​កំ​ពង់​ផែ​សមុទ្រ​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ ដើ​ម្បី​ដឹក​ជញ្ជូន​ទំ​និញ​របស់​ខ្លួន​ទៅ​ទី​ផ្សារ​​អន្តរ​ជាតិ។ ​ខ្ញុំ​គិត​ថា​កំ​ណើន​ពា​ណិជ្ជក​ម្ម​រវាង​ប្រ​ទេស​ទាំង​ ២ នឹង​កើន​ឡើង​ តែ​មិន​ច្រើន​​​ពេក​​​នោះ​ទេ​»។​

តាម​​លោក ​លឹម ហេង បច្ចុ​ប្បន្ន​​មាន​ក្រុម​ហ៊ុន និង​វិ​និ​យោ​គិ​ន​​កម្ពុជា​មួយ​ចំ​នួន​​កំ​ពុង​វិ​និ​យោគ​នៅ​ឡាវ​ ក្នុង​វិ​ស័យ​ហិ​រញ្ញ​វត្ថុ និង​សណ្ឋា​គារ ខណៈ​ឡាវ​វិ​និ​យោគ​មក​កម្ពុជា​ភាគ​ច្រើន​គឺ​ការ​លក់​ថា​ម​​ពល​​​អគ្គិ​សនី​មក​កម្ពុជា។

របាយ​ការណ៍​ប្រ​ចាំ​ឆ្នាំ​​​ ២០១៧ ​របស់​ក្រ​សួង​​ទេស​ចរណ៍​ បាន​បង្ហាញ​ថា​ ទេស​ចរ​ពី​ប្រ​ទេស​ ឡាវ មក​កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី ៣ ​ដែល​មាន​ចំ​នួន​ជាង​ ៥០ ​ម៉ឺន​នាក់៕​ LA