ភ្នំពេញ៖ កម្ពុជា និងឡាវ បានសន្យានឹងជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឱ្យមានទំហំកាន់តែធំបន្ថែមទៀត ខណៈកាលពីឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ បានកើនឡើងប្រមាណ ៩៤០ ភាគរយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននៃជំនួបសន្ទនារវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឡាវ។
ក្នុងជំនួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងការសាទរយ៉ាងខ្លាំងចំពោះលោក ផនខាំ វីផាវ៉ាន់ ដែលទើបត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតីប្រជាមានិតឡាវ។ តាមរយៈនេះលោកសង្ឃឹមថា ទំនាក់ទំនងផ្នែកពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងឡាវ នឹងមានសម្ទុះខ្លាំងបន្ថែមទៀត។
យោងតាមថ្នាក់ដឹកនាំនៃប្រទេសទាំង ២ ទំហំពាណិជ្ជកម្មកម្ពុជា និងឡាវ បានហក់ឡើងពីត្រឹម ១០ លានដុល្លារក្នុងឆ្នាំ ២០១៩ មកដល់ ១០៤ លានដុល្លារក្នុងឆ្នាំ ២០២០។
ជាមួយនឹងកំណើននេះថ្នាក់ដឹកនាំទាំង ២ ក៏បានឯកភាពគ្នានឹងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មតាមរយៈការពន្លឿនការចរចាលើ «កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា» ផងដែរ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ ធ្លាប់បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា ប្រទេសទាំង ២ នៅមានឱកាសច្រើនក្នុងការបង្កើនការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគជាមួយគ្នា។ មូលហេតុដែលធ្វើឱ្យទំហំពាណិជ្ជកម្មទ្វេភាគី មានទំហំតូច ព្រោះប្រទេសទាំង ២ មានមូលដ្ឋានផលិតកម្មស្ទើរតែដូចគ្នា។
ទោះយ៉ាងណា លោកនិយាយថា៖ «ជាមួយនឹងការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់មេដឹកនាំរបស់យើង ប្រទេសទាំង ២ អាចធ្វើសកម្មភាពពាណិជ្ជកម្មមួយចំនួនរួមគ្នា និងផ្លាស់ប្តូរដំណើរទស្សនកិច្ចពាណិជ្ជកម្មរបស់ពាណិជ្ជករ ដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមកលើអ្វីដែលប្រទេសឡាវ ត្រូវការ និងអ្វីដែលយើង (កម្ពុជា) ត្រូវការដែលពួកគេអាចមើលឃើញឱកាសណាមួយ ឬអាចសហប្រតិបត្តិការ ដើម្បីបង្កើនទាំងពាណិជ្ជកម្ម និងការវិនិយោគ»។
ចាប់តាំងពីឆ្នាំ ២០០៨ មក ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា បានចូលទៅបណ្តាក់ទុនវិស័យធនាគារនៅប្រទេសឡាវ ដោយប្រើឈ្មោះ «អេស៊ីលីដា ឡាវ»៕