ភ្នំពេញៈ កម្ពុជា និង​ចក្រភព​អង់គ្លេស​ប្តេជ្ញា​ថា នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ទ្វេភាគី​បន្ថែមទៀត ខណៈ​ពេល​ប្រទេស​ទាំង​ ២ កំពុង​សម្លឹង​ពី​លទ្ធភាព​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ (FTA) ​ជាមួយ​គ្នា​។

ការសន្យា​នេះ​បាន​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ជាមួយ​នឹង​លោក Marc Thayre អនុប្រធាន​បេសកកម្ម​របស់​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ១៥ ខែកញ្ញា​។

នៅក្នុង​ជំនួប​នេះ​ភាគី​ទាំង​ ២ បាន​ពិភាក្សា​គ្នា​ពី​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​ចក្រភព​អង់គ្លេស​បន្ទាប់ពី​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​ (Brexit) និង​ដំណើរ​វិវឌ្ឍន៍​នៃ​ការជ្រើសរើស​អគ្គនាយក​ថ្មី​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែល​ក្នុងនោះ​ក៏មាន​បេក្ខភាព​មកពី​អង់គ្លេស​ផងដែរ​។

លោក សុភ័ក្ត្រ បាន​ថ្លែងថា​៖ «​យើង​សូម​អំពាវនាវ​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​ទាំងអស់ រួមទាំង​ចក្រភព​អង់គ្លេស​ឲ្យ​បន្ត​គាំទ្រ​សកម្មភាព​ពាណិជ្ជកម្ម​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ប្រទេស​មាន​ការអភិវឌ្ឍ​តិចតួច​តាមរយៈ​ការផ្តល់​ប្រព្រឹត្តកម្ម​ដោយឡែក និង​ពិសេស (S&DT) ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​»​។

លោក​បន្ថែម​ថា ទំហំ​ពាណិជ្ជកម្ម​​ទ្វេភាគី​រវាង​កម្ពុជា និង​អង់គ្លេស​បាន​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​។ ជាក់ស្តែង ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កាលពី​ឆ្នាំ​ ២០១៩ មាន​ទឹកប្រាក់ ១,០៥ ​ពាន់​លាន​ដុល្លារ ដោយ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​ចក្រភព​អង់គ្លេស​មាន​តម្លៃ ៩៧៨ ​លាន​ដុល្លារ​។

ផលិតផល​សំខាន់​របស់​កម្ពុជា​នាំចេញ​ទៅ​អង់គ្លេស​រួមមាន សម្លៀកបំពាក់ ស្បែកជើង កង់ និង​អង្ករ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​មាន​សុទិដ្ឋិនិយម​លើ​កិច្ចសហប្រតិបត្តិការ​ជា​វិជ្ជមាន​ជាមួយ​ចក្រភព​អង់គ្លេស ពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច ដែល​កំពុង​រង​ផលប៉ះពាល់​ដោយសារ​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ​១៩»​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ចក្រភព​អង់គ្លេស​ជា​ទីផ្សារ​ធំ​លំដាប់​ទី​ ៣ សម្រាប់​អង្ករ​កម្ពុជា​នៅ​សហភាព​អឺរ៉ុប​កាលពី​ឆ្នាំ​ ២០១៩ ដោយ​កម្ពុជា​បាន​ចេញ​អង្ករ​ចំនួន ១៤ ៨១៦ តោន​ទៅ​កាន់​ទីផ្សារ​ចក្រភព​អង់គ្លេស​។

លោក​ថ្លែងថា​៖ «​យើង​សង្ឃឹមថា​ការនាំ​ចេញ​អង្ករ​ទៅ​អង់គ្លេស​នឹង​កើនឡើង​បន្ថែមទៀត ក្រោយពី​អង់គ្លេស​ផ្តាច់​ចេញពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ ខណៈ​អង្ករ​យើង​នឹង​មិន​ជាប់​វិធានការ​ការពារ​របស់​សហភាព​អឺរ៉ុប (Safe guard) ​ទៀត​ទេ ហើយ​ប្រទេស​គាត់​ក៏​អត់​មាន​អ្នក​ផលិត​ស្រូវ​ដែរ ដូច្នេះ​គាត់​អាច​ឲ្យ​យើង​នាំចូល​អង្ករ​ដោយ​មិន​យកពន្ធ​»​។

ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ខែ​កក្កដា​លោក សុខ សុភ័ក្ត្រ ធ្លាប់​បាន​អះអាង​ថា ក្រៅពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន និង​កូរ៉េ​ខាង​ត្បូង រដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​សម្លឹងមើល​ពី​លទ្ធភាព​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ចក្រភព​អង់គ្លេស ផងដែរ​៕ LA