ភ្នំពេញៈ ខណៈការសងសឹកគ្នារវាងអាមេរិក និងចិនទាក់ទងទៅ នឹងពាណិជ្ជកម្មចេះតែឡើងកម្តៅ ប្រទេសក្នុងតំបន់មួយចំនួនទំនងជាទទួលបានប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មពីមហាអំណាចទាំង ២ នេះលើការនាំចេញទៅកាន់ប្រទេសទាំង ២។ នេះបើតាមអ្នកវិភាគ។
កម្ពុជាដែលជាប្រទេសនាំចេញផលិតផលវាយនភណ្ឌភាគច្រើនទៅអាមេរិក និងផលិតផលកសិកម្មភាគច្រើនទៅចិន រំពឹងថានឹងទទួលបានប្រយោជន៍ពីការនាំចេញកាន់តែច្រើនទៅទីផ្សារប្រទេសទាំង ២ នេះ បើជម្លោះពាណិជ្ជកម្មកាន់តែតានតឹងទៅៗ។
ផលិតផលទាក់ទងនឹងការធ្វើដំណើររបស់កម្ពុជានឹងអាចទទួលបានការបញ្ជាទិញកើនឡើងខ្លាំង បន្ទាប់ពីសង្គ្រាមពាណិជ្ជកម្ម អាមេរិក-ចិន កាន់តែឡើងកម្តៅស្របពេលរដ្ឋាភិបាលអាមេរិកបានព្រមានបន្ថែមទៀតថានឹងបង្កើនពន្ធនាំចូលជាង ២ ដងលើមុខទំនិញធ្វើដំណើរដែលផលិតនៅចិន។ នេះបើតាមការព្យាកររបស់អ្នកជំនាញក្នុងឧស្សាហកម្មនេះ។
ផលិតផលទាក់ទងនឹងការធ្វើដំណើរគឺជាផលិតផលដែលកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធពីអាមេរិក ហើយមានច្រើនប្រភេទមុខទំនិញដូចជាកាបូបលុយ កាបូបស្ពាយ វ៉ាលិស និងផលិតផលផ្សេងៗទៀត។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ឲ្យដឹងថា ក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់មួយនៅអាមេរិកដែលជាដៃគូរបស់ GMAC បានជូនដំណឹងមកថា ឧស្សាហកម្មរោងចក្រនៅកម្ពុជាដែលធ្វើផលិតផលទាក់ទងនឹងការធ្វើដំណើរអាចទទួលបានប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន។
ក្រុមហ៊ុនច្បាប់ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោននោះបានបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញពីចេតនាបង្កើនពន្ធនាំចូលលើមុខទំនិញនាំចូលពីចិនជាច្រើនមុខ ដែលរួមមានមុខទំនិញធ្វើដំណើរដែរ ដោយដំឡើងអត្រាពន្ធពី ១០ ភាគរយពីពេលបច្ចុប្បន្ន ដល់ ២៥ ភាគរយ។ ការសម្រេចនេះនឹងអាចកើនឡើងនៅអំឡុងត្រីមាសទី ៤ ឆ្នាំ ២០១៨ នេះ។
លោក ម៉ូនីកា ថ្លែងថា៖ «តាមរយៈសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិននេះ ផលិតផលទាក់ទងនឹងការធ្វើដំណើរដែលផលិតនៅកម្ពុជា អាចនឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនឡើង នៅពេលដែលការបញ្ជាទិញពីប្រទេសចិនអាចនឹងត្រូវកាត់បន្ថយដើម្បីបញ្ចៀសកាតព្វកិច្ចពន្ធដ៏ធ្ងន់ធ្ងរនេះ»។
លោកបន្តថា៖ «ផលិតកម្មទាក់ទងនឹងផលិតផលធ្វើដំណើរនឹងអាចចាកចេញពីចិន ហើយនឹងជាឱកាសរីកចម្រើនរបស់កម្ពុជាផងដែរ»។
លោកប្រធានាធិបតី ដូណាល់ ត្រាំ ថ្មីៗបានគំរាមថានឹងបង្កើនតម្លៃពន្ធលើទំនិញចិនជាង ៦០០០ មុខឲ្យដល់ ២០០ ពាន់លានដុល្លារពោលគឺកើនពី ១០ ភាគរយដល់ ២៥ ភាគរយ។ ទោះបីជាបញ្ជីនៃការនាំចូលដែលរងផលប៉ះពាល់ មិនរាប់បញ្ចូលស្បែកជើងក៏ដោយ ប៉ុន្តែវាបានរួមបញ្ចូលកាបូបយួរដៃ ផលិតផលធ្វើដំណើរ និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត។
លោក Jason Lee អ្នកវិភាគនៅក្រុមហ៊ុន China Market Research Group (CMR) មានមូលដ្ឋាននៅទីក្រុងស៊ាងហៃបានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ តាមអ៊ីមែលថា សង្គ្រាមពាណិជ្ជកម្មនេះនឹងធ្វើឲ្យប៉ះពាល់ទាំងអាមេរិក និងចិន ហើយអត្រាគ្មានការងារធ្វើ និងតម្លៃទំនិញប្រើប្រាស់នៅក្នុងវិស័យមួយចំនួននឹងកើនឡើង។
លោកបន្ថែមថា វាអាចជាអត្ថប្រយោជន៍សម្រាប់បណ្ដាប្រទេសនាំចេញ ដូចជាកម្ពុជា។
លោកថ្លែងថា៖ «ប្រសិនបើកាតព្វកិច្ចពន្ធកើតឡើងពិតមែន ក្រុមហ៊ុនផលិតទំនិញធ្វើដំណើរនៅក្នុងប្រទេសកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីកាតព្វកិច្ចពន្ធនោះ និងទាក់ទាញមូលធនកាន់តែច្រើន ដើម្បីវិនិយោគលើការធ្វើបច្ចុប្បន្នភាពផលិតផល និងផលិតផលជាច្រើនប្រភេទ»។
លោកបន្តថា៖ «ចំពោះខ្ញុំ ខ្ញុំនឹងរំពឹងថានឹងមានការបញ្ជាទិញពីអាមេរិកពីកម្ពុជា ប៉ុន្តែមិនច្រើនទេ ខណៈលោក ត្រាំ កំពុងមានបំណងកាន់តែខ្លាំងក្នុងការកែលម្អទីផ្សារទំនិញធ្វើដំណើររបស់អាមេរិក និងការបង្កើតឱកាសការងារនៅក្នុងវិស័យនេះ»។
កាលពីខែកក្កដាឆ្នាំ ២០១៦ អាមេរិកបានដាក់ទំនិញធ្វើដំណើរ ២៨ មុខដែលបានផលិតនៅកម្ពុជានៅក្នុងបញ្ជីទទួលបានការអនុគ្រោះពន្ធគយ (GSP) ដែលអនុញ្ញាតឲ្យទំនិញធ្វើដំណើរដែលផលិតនៅកម្ពុជាចូលអាមេរិកដោយរួចពន្ធ។ ចាប់តាំងពីពេលនោះមកវិស័យទំនិញធ្វើដំណើរមើលឃើញសក្ដានុពលដ៏ធំ។
ខណៈការនាំចេញទំនិញធ្វើដំណើរដូចជាវ៉ាលិស និងកាបូបយួរដៃពីកម្ពុជា ទៅអាមេរិកមានតម្លៃតែជាង ៥០ លានដុល្លារក្នុងមួយឆ្នាំមុនឆ្នាំ ២០១៦ តួលេខរបស់ GMAC បានបង្ហាញថាទំហំនាំចេញបានកើនឡើងដល់ ១៦០ លានដុល្លារនៅឆមាសទី ១ ឆ្នាំនេះបន្ទាប់ពីទទួលបាន GSP។
ទិន្នន័យពាណិជ្ជកម្មចុងក្រោយពីរដ្ឋាភិបាលអាមេរិកឲ្យដឹងថា ទំនិញមកពីកម្ពុជាក្នុងចន្លោះខែមករា និងខែមិថុនាមានសរុប ១,៧២ ពាន់លានដុល្លារ កើនឡើង ២៦ ភាគរយធៀបនឹងឆមាសទី ១ ឆ្នាំ ២០១៦។
ទោះបីយ៉ាងនេះក្តីក៏មានក្តីបារម្ភពីសហប្រតិបត្តិការសេដ្ឋកិច្ចរបស់កម្ពុជា ជាមួយអាមេរិកដោយសារទំនាក់ទំនងរវាងប្រទេសទាំង ២ កំពុងល្អក់កករដោយសារស្ថានការណ៍នយោបាយបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា។
បើបញ្ហានយោបាយនឹងរីករាលដាលដល់ពាណិជ្ជកម្ម សុទិដ្ឋិនិយមខាងលើរបស់កម្ពុជាអាចផ្លាស់ប្តូរអវិជ្ជមាន។
មានការបារម្ភថា ការនាំចេញរបស់កម្ពុជាទៅអាមេរិកអាចប៉ះពាល់អវិជ្ជមានបើអាមេរិកសម្រេចត្រួតពិនិត្យប្រព័ន្ធ GSP ឡើងវិញ ដោយសារការបោះឆ្នោតកាលពីថ្ងៃទី ២៩ ខែកក្កដាដែលត្រូវបានអាមេរិកពណ៌នាថា គ្មានយុត្តិធម៌ និងមិនត្រឹមត្រូវ៕ LA