
កម្ពុជាអាចនឹងរងបញ្ហាប្រឈមថ្មីមួយ ដែលអាចប៉ះពាល់ដល់កំណើនពាណិជ្ជកម្ម និងលំហូរវិនិយោគ ដោយសារក្រុមហ៊ុនអន្តរជាតិជាច្រើនអាចបង្វែរចំណាប់អារម្មណ៍ទៅវៀតណាម ហេង ជីវ័ន
ភ្នំពេញៈ កម្ពុជាអាចនឹងរងបញ្ហាប្រឈមថ្មីមួយ ដែលអាចប៉ះពាល់ដល់កំណើនពាណិជ្ជកម្ម និងលំហូរវិនិយោគ ដោយសារក្រុមហ៊ុនអន្តរជាតិជាច្រើនអាចបង្វែរចំណាប់អារម្មណ៍ទៅវៀតណាមកាន់តែច្រើនបន្ទាប់ពីប្រទេសនេះបានសម្រេចកិច្ច ព្រមព្រៀងពាណិជ្ជកម្មជាច្រើនជាមួយទីផ្សារសំខាន់ៗ។ នេះបើយោងតាមអ្នកជំនាញផ្នែកសេដ្ឋកិច្ច។
បន្ទាប់ពីការបញ្ចប់ការចរចាជាមួយសហភាពអឺរ៉ុប ស្ដីពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) ពីពេលថ្មីៗនេះ រដ្ឋាភិបាលវៀតណាម កាលពីថ្ងៃចន្ទ បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយទៀត គឺភាពជាដៃគូអន្តរអាស៊ីប៉ាស៊ីហ្វិក (CPTPP)។
លោក Hiroshi Suzuki សេដ្ឋវិទូជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងកាលពីម្សិលមិញថា កម្ពុជា នឹងមានគុណវិបត្តិមួយចំនួន ក្នុងកំណើនពាណិជ្ជកម្ម ធៀបនឹងសមាជិក CPTPP ជាពិសេសប្រទេស វៀតណាម ដែលជាគូប្រជែងក្នុងការនាំចេញទៅទីផ្សារអន្តរជាតិ។
លោកបន្ថែមថា FTA រវាងវៀតណាម និង EU អាចមានផលប៉ះពាល់អវិជ្ជមានមួយចំនួនដល់កម្ពុជា ខណៈ EU កំពុងពិចារណាបញ្ឈប់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA ពីកម្ពុជា ដែលធ្វើឲ្យក្រុមហ៊ុន EU ជាច្រើន អាចពិចារណាផ្លាស់ប្តូរមូលដ្ឋានផលិតពីកម្ពុជាទៅវៀតណាម។
វិស័យផលិតកម្មកាត់ដេរ និងស្បែកជើងក៏អាចត្រូវបានរងផលប៉ះពាល់ផងដែរ។ លោកថ្លែងថា៖ «ប្រទេស ថៃ កំពុងពិចារណាការចូលរួមកិច្ចព្រមព្រៀង TPP។ ប្រសិនបើ វៀតណាម និងថៃចូលរួមកិច្ចព្រមព្រៀង TPP ហើយកម្ពុជាមិនចូល លទ្ធភាពរបស់កម្ពុជាក្នុងការចូលទៅក្នុងចង្វាក់ផ្គត់ផ្គង់អន្តរជាតិ អាចត្រូវរងផលប៉ះពាល់ ដោយសារប្រទេស កម្ពុជា មានស្ថានភាពផ្សេងគ្នា»។
លោកបន្តថា៖ «ដើម្បីបន្តការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកម្ពុជាចាំបាច់ក្នុងការចាប់ផ្ដើមពិចារណាការចូលរួមក្នុងកិច្ចព្រមព្រៀង TPP ក្នុងពេលដ៏ខ្លីខាងមុខ»។
TPP ត្រូវបានផ្តួចផ្តើមឡើងដំបូងក្នុងរដ្ឋបាលគ្រប់គ្រងរបស់លោកប្រធានាធិបតី អាមេរិក អូបាម៉ា ដែលមានប្រទេសចូលរួម ១២។ តែអាមេរិកបានដកខ្លួនវិញបន្ទាប់ពីលោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតី។
តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP នេះ រដ្ឋាភិបាលវៀតណាមបានឲ្យដឹងថាពន្ធលើការនាំចេញសម្លៀកបំពាក់ជិត ៤៣ ភាគរយរបស់ខ្លួន ទៅកាណាដា នឹងត្រូវបានលុបចោលភា្លមៗ បន្ទាប់ពីកិច្ចព្រមព្រៀងនេះចាប់ផ្ដើមអនុវត្ត ហើយ ១០០ ភាគរយនឹងលុបចោលបន្ទាប់ពីរយៈពេល ៤ ឆ្នាំ។
លោកស្រី Kerstin Brolsma អ្នកវិភាគពាណិជ្ជកម្មនៅក្រុមហ៊ុន China Market Research Group (CMR) មានមូលដ្ឋាននៅទីក្រុងស៊ាងហៃ យល់ឃើញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗរបស់វៀតណាមជាមួយបណ្ដាប្រទេស និងប្លុកនានា ថាជាការធ្វើឲ្យប៉ះពាល់ដល់កម្ពុជា ប៉ុន្តែលោកស្រីមានសុទិដិ្ឋនិយមថា វានឹងត្រូវបានប៉ះប៉ូវដោយឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេស ចិន។
លោកស្រីថ្លែងថា៖ «ដោយសារតែវៀតណាម ចូលក្នុងកិច្ចព្រមព្រៀង TPP និងការងារពង្រីកទំនាក់ទំនងពាណិជ្ជកម្មពិភពលោករបស់ប្រទេសនេះ បញ្ហាប្រឈមជាច្រើនអាចកើនឡើងសម្រាប់កម្ពុជា ដោយសារតែក្រុមហ៊ុនផលិតកម្ម ក្រុមហ៊ុននាំចូល និងវិនិយោគិនអន្តរជាតិ ជាពិសេសសមាជិក CPTPP ផ្សេងទៀត ស្វែងរកឱកាសថ្មីនៅវៀតណាម»។
លោកស្រីបន្តថា៖ «ប៉ុន្តែទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយរវាងវៀតណាម និងកម្ពុជា ព្រមទាំងការវិនិយោគរបស់ចិន ជាផ្នែកមួយនៃខ្សែក្រវាត់មួយ ផ្លូវមួយនៅកម្ពុជា នឹងជាយន្តការវិជ្ជ មាន ដែលធានាប្រទេស កម្ពុជា នៅតែមានសមត្ថភាពប្រកួតប្រជែង»។
លោក មីុ កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាជាតិ បានលើកឡើងថា ការក្លាយជាសមាជិក CPTPP ឬ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីណាមួយ នឹងជួយពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា តែយ៉ាងណាក៏ដោយ មុននឹងសម្រេចចិត្តចូលជាសមាជិកណាមួយគួរមានការសិក្សាឲ្យបានច្បាស់លាស់សិនពីផលចំណេញ និងការខាតបង់ ដើម្បីបញ្ចៀសហានិភ័យនានា។
លោកបញ្ជាក់ថា៖ «នៅពេលយើងចូលរួមកិច្ចព្រមព្រៀងអ្វីមួយ យើងនឹងត្រូវបង្ខំឲ្យអនុវត្ត ឬដើរតាមស្តង់ដារអន្តរជាតិរួមមួយ»។
លោកបានបន្តថា៖ «តែវាអាចជាការល្អទៅវិញទេ ព្រោះថាយើងអាចត្រូវបានពិភពលោកគេទទួលស្គាល់»៕ LA