ភ្នំពេញៈ កម្ពុជា-អាមេរិក ​បាន​ប្ដេជ្ញា​ថា នឹង​បន្ត​ការលើកកម្ពស់​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រួមគ្នា ខណៈ​ពេល​ប្រទេស​ទាំង​ ២ ​ប្រារព្ធ​ខួប​លើក​ទី​ ៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ ២​។

នៅក្នុង​អំឡុង​ពេល​ចាប់ផ្ដើម «​ខែ​ពាណិជ្ជកម្ម និង​ការវិនិយោគ​» នៃ​ខួប​លើក​ទី​ ៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​អាមេរិក​កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​លើកឡើង​ថា សក្ដានុពល​សម្រាប់​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​អាមេរិក​បាន​កើនឡើង​យ៉ាង​រហ័ស​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ជាមួយ​គ្នា​នេះ​លោក​ក៏បាន​ស្នើឲ្យ​អាមេរិក​ជួយ​បង្កើន​ការវិនិយោគ​នៅ​កម្ពុជា​ផងដែរ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​អំពាវនាវ​ដល់​លោក​អគ្គរដ្ឋទូត​ឲ្យ​ជំរុញ​ក្រុម​វិនិយោគិន​របស់​អាមេរិក​ចូលមក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន ពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​»​។ ​

លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​និយាយថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាមេរិក​ជាច្រើន​កំពុង​នាំយក​ការវិនិយោគ​ដែល​មាន​តម្លាភាព គុណភាព​ខ្ពស់​ជាមួយ​នឹង​បច្ចេកវិទ្យា​លំដាប់​ពិភពលោក និង​កម្មវិធី​បណ្ដុះបណ្ដាល​ព្រមទាំង​ស្ដង់ដា​បរិស្ថាន និង​ការងារ​លំដាប់​ខ្ពស់ៗ​មកកាន់​ប្រទេស​កម្ពុជា​។ លោក​បន្តថា អាមេរិក​គឺជា​ទីផ្សារ​នាំចេញ​ឈានមុខ​គេ​របស់​កម្ពុជា ដោយ​ការនាំចេញ​កាលពី​ឆ្នាំ​ ២០១៩ មាន​តម្លៃ​ជិត ៥,៤ ​ពាន់​លាន​ដុល្លារ​កើនឡើង​ពី ៣ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៥​។

លោក​បាន​កត់សម្គាល់​ថា ទោះបី​ពិភពលោក​កំពុង​ប្រឈម​នឹង​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ក៏​ការនាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​នៅតែ​បន្ត​កើនឡើង​ដដែល ដោយ​មាន​តម្លៃ​រហូតដល់ ២,៧៥ ​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ កើន ២៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។

លោក​ថ្លែងថា​៖ «​ការនាំចេញ​នេះ​បាន​តំណាង និង​គាំទ្រ​ដល់​ការបង្កើត​ការងារ​រាប់សែន​ដល់​ប្រជាជន​កម្ពុជា ពិសេស​កម្មករ​រោងចក្រ និង​កសិករ​។ ការនាំចេញ​របស់​កម្ពុជា​ក៏បានផ្តល់​អត្ថប្រយោជន៍​ដល់​អតិថិជន​អាមេរិក ដែល​ជា​ជម្រើស​ច្រើន​លើ​ផលិតផល​ផ្សេងៗ ដែល​អ្នក​អាច​ស្វែងរក​មាន ដូចជា ផលិតផល​កាត់ដេរ និង​ស្បែកជើង ម្រេចកំពត និង​អង្ករ ជាដើម​»​។

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា លោក Allen Dodgson Tan បាន​ឲ្យ​ដឹងថា ពាណិជ្ជកម្ម និង​ការវិនិយោគ​អាមេរិក​នៅ​កម្ពុជា​បាន​រួម​ចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេស និង​ភាពជិតស្និទ្ធ​រវាង​ប្រជាជន​ខ្មែរ និង​ប្រជាជន​អាមេរិក​ផងដែរ​។

លោក​និយាយថា​៖ «​ការវិនិយោគ​របស់​អាមេរិក​បាន​ជួយ​ក្នុង​ការបង្កើត​ក្រុមហ៊ុន និង​បង្កើន​ស្ដង់ដា​រស់នៅ​សម្រាប់​ប្រជាជន​ខ្មែរ ហើយ​ជាមួយ​គ្នា​នេះ​អតិថិជន​អាមេរិក​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ពី​គុណភាព និង​តម្លៃសមរម្យ​នៃ​ទំនិញ​ដែល​ផលិត​ដោយ​កម្មករ​កម្ពុជា​ផងដែរ​»​។

លោក​លើកឡើង​ថា ផលិតផល​អាមេរិក​ជាច្រើន​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា​ដូចជា Coca-Cola, Blistex, Palmers និង Ford ព្រមទាំង​ផលិតផល​កសិកម្ម​ត្រាក់ទ័រ​ចនឌា និង​ឡសម្ងួត Scafco ក្នុង​ចំណោម​យីហោ​ដែល​ជឿទុកចិត្ត​បំផុត​ដោយ​អតិថិជន និង​ក្រុមហ៊ុន​កម្ពុជា​។ ផលិតផល​អាមេរិក​តំណាង​ឲ្យ​គុណភាព និង​តម្លៃ​។

លោក​ថ្លែងថា​៖ «​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​បាន​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២»​។

អាមេរិក​បានផ្ដល់​ឲ្យ​កម្ពុជា​នូវ​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​ស្ថិតក្រោម​កម្មវិធី​ប្រព័ន្ធ GSP ដែល​ផ្ដល់​លទ្ធភាព​ឲ្យ​កម្ពុជា​អាច​នាំ​ទំនិញ​ចូលទៅ​ទីផ្សារ​ខ្លួន​ដោយ​រួច​ពន្ធ​សម្រាប់​ផលិតផល​ជាង ៥ ០០០ ​មុខ​។ ទំនិញ​ធ្វើដំណើរ​ជិត ១ ពាន់​លាន​ដុល្លារ​ត្រូវ​បាន​នាំចេញ​ទៅ​អាមេរិក​កាលពី​ឆ្នាំ​ ២០១៩ ដោយ​ស្ថិតក្រោម​ប្រព័ន្ធ GSP ​នេះ​៕LA