ភ្នំពេញៈ កម្ពុជា និងអារ៉ាប៊ីសាអ៊ូឌីត កំពុងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឲ្យបានកាន់តែច្រើន ខណៈទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ នៅមានទំហំតូចនៅឡើយ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា។
ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាបង្ហាញថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ កាលពីឆ្នាំ ២០១៨ មានតម្លៃត្រឹមតែ ១២,៧៧ លានដុល្លារប៉ុណ្ណោះ។
ក្នុងជំនួបជាមួយឯកអគ្គរាជទូតប្រទេស អារ៉ាប៊ីសាអ៊ូឌីត ប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយប្រទេស វៀតណាម កាលពីចុងសប្តាហ៍មុន លោក កឹម ស៊ីថន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានស្នើឲ្យប្រទេស អារ៉ាប៊ីសាអ៊ូឌីត ជួយកៀរគរវិនិយោគិន និងប្រជាជនរបស់ខ្លួនចូលមកទស្សនាប្រទេសកម្ពុជាបានកាន់ច្រើន ពិសេសការបណ្តាក់ទុនលើវិស័យមួយចំនួននៅកម្ពុជាដូចជា ទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ និងវិស័យផលិតជាច្រើនទៀត។
ជាមួយគ្នានេះលោកក៏បានស្នើឲ្យមានកិច្ចព្រមព្រៀងជាមួយគ្នាចំនួន ២ ផងដែរគឺកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងស្តីពីកិច្ចការពារវិនិយោគទៅវិញទៅមក ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំង ២។
ឯកអគ្គរាជទូតប្រទេស អារ៉ាប៊ីសាអ៊ូឌីត លោក Saud F.M. Al Suwelim បាននិយាយថា ជាមួយនឹងទំនាក់ទំនងល្អនេះលោកសង្ឃឹមថាទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-អារ៉ាប៊ីសាអ៊ូឌីត នឹងកាន់តែល្អប្រសើរ។
លោកបន្តថា៖ «ដោយសារកម្ពុជាមានសក្តានុពលខ្ពស់លើវិស័យកសិកម្មនោះ អារ៉ាប៊ីសាអ៊ូឌីត ក៏មានបំណងនាំចូលផលិតផលកសិកម្មដូចជាអង្ករ ដំឡូងមី ជ័រកៅស៊ូ ម្រេច និងវត្ថុធាតុដើមមួយចំនួនសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សាររបស់ខ្លួនផងដែរ»។
លោក Saud F.M. Al Suwelim ក៏បានស្នើឲ្យកម្ពុជាជួយគាំទ្រចំពោះផែនការក្នុងការនាំចូលផលិតផលប្រេង (សាំង) ហ្គាស និងទំនិញប្រើប្រាស់ដទៃទៀតពីប្រទេស អារ៉ាប៊ីសាអ៊ូឌីត មកកាន់ប្រទេស កម្ពុជា ខណៈអារ៉ាប៊ីសាអ៊ូឌីត ក៏កំពុងត្រូវការកម្លាំងពលកម្មច្រើនពីកម្ពុជាដែរ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាកាលពីម្សិលមិញបាននិយាយថា អារ៉ាប៊ីសាអ៊ូឌីតជាប្រទេសអ្នកមាន ដូច្នេះប្រសិនបើកម្ពុជាអាចធ្វើទំនាក់ទំនងផ្នែកជាពាណិជ្ជកម្មជាមួយបានច្រើនគឺជាការល្អ។ វិស័យកសិកម្ម ផលិតផលកាត់ដេរ និងឧស្សាហកម្មផលិតម្ហូបអាហារ ហាឡាស់ គឺជាអាទិភាពមួយសម្រាប់កម្ពុជាក្នុងការនាំចេញទំនិញទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
លោកថ្លែងថា៖ «កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការនាំចេញផលិតផលកសិកម្មជាច្រើនប្រភេទទៅប្រទេស អារ៉ាប៊ីសាអ៊ូឌីត»។ លោកបន្តថា ការបង្កើនទីផ្សារជាមួយប្រទេសកាន់តែច្រើននឹងជួយឲ្យកម្ពុជាកាន់តែមានឯករាជ្យផ្នែកទីផ្សារសម្រាប់ផលិតផលរបស់ខ្លួន ដោយមិនចាំបាច់ត្រូវឆ្លងកាត់ប្រទេសទី ២៕