ភ្នំពេញៈ កម្ពុជា និងអារ៉ាប៊ី សាអ៊ូឌីត បានប្តេជ្ញាពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ខណៈជំរុញឲ្យមានការហោះហើរត្រង់រវាងប្រទេសទាំង ២។ នេះបើតាមលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។
ប្រទេសទាំង ២ នឹងចុះអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៅពេលឆាប់ៗ បន្ទាប់ពីជំនួបរវាងថ្នាក់ដឹកនាំក្រសួងទេសចរណ៍កម្ពុជាជាមួយឯកអគ្គរាជទូតអារ៉ាប់ប៊ី សាអ៊ូឌីត ប្រចាំវៀតណាម-កម្ពុជា។
ក្នុងជំនួបជាមួយឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអ៊ូឌីតប្រចាំវៀតណាម-កម្ពុជា កាលពីថ្ងៃពុធលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានឯកភាពជាមួយភាគីអារ៉ាប៊ីសា អ៊ូឌីត ថា នឹងរៀបចំអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នាក្នុងពេលឆាប់ៗខាងមុខ។
លោក ថោង ខុន បានឲ្យដឹងថាតាមរយៈ MoU នេះនឹងជំរុញឲ្យមានការហោះហើរត្រង់ពីអារ៉ាប់ប៊ី សាអ៊ូឌីត មកកម្ពុជា និងការតភ្ជាប់ការធ្វើដំណើរទេសចរណ៍តាមនាវាសមុទ្រមកកាន់ក្រុងព្រះសីហនុផងដែរ។
លោក ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍បានឲ្យដឹងកាលពីម្សិលមិញថា កិច្ចព្រមព្រៀងជាមួយប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីតអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។
លោកថ្លែងថា៖ «ក្នុងជំនួបនោះថ្នាក់ដឹកនាំទាំង ២ បានយល់ព្រមគ្នាជាគោលការណ៍រួចហើយ ដូច្នេះ MoU អាចនឹងកើតឡើងក្នុងពេលដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង ២ ជួបគ្នានៅពេលណាមួយ»។
ខណៈអារ៉ាប់ប៊ី សាអ៊ូឌីត ជាប្រទេសដែលមានប្រជាជនគោរពសាសនាអ៊ិស្លាមនោះលោក ជំនោរ បានឲ្យដឹងថា បច្ចុប្បន្នតាមសណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តធំៗនៅកម្ពុជាសុទ្ធតែមានរៀបចំកន្លែងសម្រាប់ត្រៀមទទួលទេសចរអ៊ិស្លាម។
លោក Saud F.M Suwelim ឯកអគ្គរាជទូតអារ៉ាប៊ី សាអ៊ូឌីត ប្រចាំវៀតណាម-កម្ពុជា បានឲ្យដឹងថានឹងយកសំណើទាំងនេះទៅកាន់រាជរដ្ឋាភិបាលរបស់លោកបន្តទៀត។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបាននិយាយថា ការស្វែងរកគោលដៅទេសចរណ៍ពីប្រទេសថ្មីៗឲ្យចូលមកកម្ពុជាគឺជាការប្រាថ្នាចង់បានរបស់វិស័យឯកជនគ្រប់ផ្នែក ព្រោះនៅពេលមានកំណើនភ្ញៀវទេសចរ គ្រប់វិស័យទាំងអស់នឹងទទួលបានអត្ថប្រយោជន៍។
លោកបានបន្តថា បើប្រទេសកម្ពុជាអាចមានការភ្ជាប់ជើងហោះហើរត្រង់ជាមួយប្រទេសនៅតំបន់អារ៉ាប់កាន់តែច្រើននោះ គឺជាការល្អណាស់ព្រោះភ្ញៀវអារ៉ាប់ត្រូវបានគេចាត់ទុកថា ជាភ្ញៀវលំដាប់អ្នកមាន ឬប្រភេទ VIP។
លោកបន្តថា៖ «កម្ពុជាអាចមានឱកាសច្រើនក្នុងការយកភ្ញៀវពីប្រទេសអារ៉ាប៊ី សាអ៊ូឌីត ព្រោះកម្ពុជាមានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងធម្មជាតិដែលពួកគេចូលចិត្ត»។
ទោះយ៉ាងណាលោកលើកឡើងថា កម្ពុជាក៏ត្រូវតែរៀបចំខ្លួនឲ្យបានល្អផងដែរ សម្រាប់ទទួលភ្ញៀវដែលមានសក្តានុពលពីប្រទេសនៅតំបន់ប្រេងទាំងអស់នេះ។
របាយការណ៍ស្ថិតិពីក្រសួងទេសចរណ៍កម្ពុជាបានបង្ហាញថា នៅរយៈពេល ៧ ខែដំបូងឆ្នាំ ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣,៨៤ លាននាក់ កើនឡើង ១១,១ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។ ភ្ញៀវអារ៉ាប៊ីសា អ៊ូឌីត មានចំនួន ២២៤ នាក់ កើនឡើងពីចំនួន ១៧៨ ក្នុងរយៈពេលដូចគ្នាឆ្នាំ ២០១៨ ។
ទិន្នន័យពីក្រសួងទេសចរណ៍បានឲ្យដឹងថា បច្ចុប្បន្នក្នុង ១ សប្តាហ៍ កម្ពុជាទទួលបានជើងហោះហើរអន្តរជាតិ ៨៣០ ដែលមកពីគោលដៅចំនួន ៨៦ ពីប្រទេសចំនួន ១២៕