ភ្នំពេញ៖ សភា​ពាណិជ្ជកម្ម​កម្ពុជា (CCC)​ និង​ស្ថានទូត​ប្រទេស​អូស្ដ្រាលី ​​ប្រចាំ​នៅ​កម្ពុជា​បាន​ប្តេជ្ញា​ថា ​នឹង​រួម​គ្នា​ជំរុញ​ការ​ដោះដូរ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង ២ ឲ្យ​មាន​ទំហំ​កាន់​តែ​ធំ​បន្ថែម​ទៀត​​។

ការ​សន្យា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក គិត ម៉េង ប្រធាន​ CCC ជាមួយ​​​លោក Pablo Chiho Kang ឯក​អគ្គរាជទូត​ប្រទេស​អូស្រ្ដាលី ​ទើប​នឹង​តែងតាំង​ថ្មី​នៅ​ទីស្នាក់ការ​របស់ CCC ​កាល​ពី​ថ្ងៃ​ពុធ​​​។

លោក គិត ម៉េង ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ពហុផលិតផល​ក្នុង​ស្រុក Royal Group ដែរ​នោះ បាន​ឲ្យ​ដឹង​ថា លោក​ធ្លាប់​បាន​ដឹកនាំ​វិស័យ​ឯកជន​​ដែល​ជា​សមាជិក​របស់ CCC រួម​អម​ដំណើរ​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន​ សែន ទៅ​កាន់​ប្រទេស​អូស្រ្ដាលី​ ចំនួន ​២ ដង​រួច​មក​ហើយ ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​រវាង​វិស័យ​ឯកជន​កម្ពុជា និង​អូស្រ្តាលី។ លោក​បន្ត​ថា ជាមួយ​គ្នា​នេះ​ ​ក្រុមហ៊ុន​របស់​លោក​ក៏​បាន​នាំ​យក​​ក្រុមហ៊ុន​​ធំៗ​មួយ​ចំនួន​ពី​ប្រទេស​អូស្ដ្រាលី ​មក​កម្ពុជា​ផង​ដែរ មាន​​ដូចជា​ក្រុមហ៊ុន ANZ Royal ​ក្រុម​ហ៊ុន Toll Group និង​ក្រុមហ៊ុន Wing ជាដើម។​

លោក​ថ្លែង​ថា​៖ «យើង​ស្វាគមន៍​កិច្ច​សហប្រតិបត្តិការ​​ ​ដើម្បី​ទាក់ទាញ​ក្រុម​វិនិយោគិន​អូស្ដ្រាលី​កាន់​តែ​ច្រើន​ចូល​មក​ប្រទេស​កម្ពុជា​។ នេះ​ជា​វិធានការ​មួយ ​ដើម្បី​លើក​កម្ពស់​ទំនាក់​ទំនង​សេដ្ឋកិច្ច​បន្ថែម​ទៀត»។

លោក​ Pablo Chiho Kang បាន​និយាយ​​​​ថា លោក​​យល់​ស្រប​ក្នុង​ការ​លើក​កម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​​​​នឹង​កម្ពុជា​ តាមរយៈ​ការ​ចូលរួម​ជាមួយ CCC។​ លោក​ប្រាប់​ថា លោក​ក៏​គ្រោង​​ដឹកនាំ​ក្រុម​ពាណិជ្ជករ​ និង​ក្រុម​វិនិយោគិន​​អូស្ដ្រាលី​ ដើម្បី​​មក​ស្វែង​រក​ឱកាស​ធ្វើ​ពាណិជ្ជកម្ម និង​​វិនិយោគ​នៅ​​កម្ពុជា​ផង​ដែរ ជា​ពិសេស​លើ​​វិស័យ​ថាមពល​កកើត​ឡើង​វិញ។

លោក គិត ម៉េង បាន​ស្វាគមន៍​ផែនការ​របស់​លោក​ឯកអគ្គរាជទូត​ក្នុង​ការ​អញ្ជើញ​ពាណិជ្ជករ​ និង​ក្រុម​វិនិយោគិន​​កម្ពុជា​កាន់​តែ​ច្រើន ​ដើម្បី​ជួប​សហគមន៍​​ក្នុង​ស្រុក​។ ​លោក​ក៏​​សង្ឃឹម​ថា ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ ​២ នឹង​លើក​កម្ពស់​បន្ថែម​ទៀត តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ ជាមួយ​ស្ថានទូត​អូស្រ្ដាលី​ប្រចាំ​​កម្ពុជា។

ប្រទេស​អូស្ដ្រាលី គឺ​ជា​សមាជិក​មួយ​​​នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន​បូក ​៦ ស្ដីពី​កិច្ច​ព្រមព្រៀង​ភាព​​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ទូលំ​ទូលាយ​ក្នុង​តំបន់​ ដែល​គ្រោង​នឹង​អនុម័ត​ដោយ​មេ​ដឹកនាំ​របស់​ប្រទេស​នីមួយៗ​នៅ​ចុង​ឆ្នាំ​នេះ​ផង​ដែរ​។

ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ​២ កាល​ពី​ឆ្នាំ ​២០១៩ មាន​ចំនួន​ជាង ​១៩៧ ​លានដុល្លារ​ ​កើន​ឡើង ​៣២,៦ ​ភាគរយ ​ធៀប​នឹង​ឆ្នាំ ​២០១៨។ ក្នុង​ចំណោម​នោះ​ការ​នាំ​ចេញ​របស់​​កម្ពុជា មាន​តម្លៃ​ ១៥៥ ​លាន​ដុល្លារ​ ​កើន​ឡើង ​៣៤,៩ ​ភាគរយ​ ខណៈ​ការ​នាំចូល​ទំនិញ​ពី​អូស្រ្តាលី មាន​តម្លៃ​សរុប ៤២,១៩ ​លាន​ដុល្លារ ​កើន​ឡើង ​២៤,៨ ​ភាគរយ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ស្ថានទូត​អូស្រ្តាលី​៕ ​LA