ភ្នំពេញ: កម្ពុជា និង​អូស្ត្រាលី​កំពុង​សហការ​អនុវត្ត​គម្រោង​ «​វេទិកា​កិច្ចសហប្រតិបត្តិការ​រវាង​វិស័យ​សាធារណៈ វិស័យ​ឯកជន និង​គ្រឹះស្ថាន​ស្រាវជ្រាវ​» ​ក្នុង​បំណង​ផ្តល់​កិច្ច​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ផលិត​កែច្នៃ​ផលិតផល​កសិ-ម្ហូបអាហារ​ថ្មីៗ​លក់​នៅក្នុង​ទីផ្សារ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហគ្រិន​ខ្មែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា សហគ្រិន​ខ្មែរ​ដែល​ជា​ប្រតិបត្តិករ​ ១ ​ក្រោម​ការគាំទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រួម​ជាមួយ​នឹង​កម្មវិធី​ខ្សែចង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា-អូស្ត្រាលី​ ដែល​ជា​កម្មវិធី​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ក្នុង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យ​មាន​ភាពរឹងមាំ និង​ភាពប្រកួត​ប្រជែង​ខ្ពស់ ព្រមទាំង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​កំពុង​សហការ​អនុវត្ត​គម្រោង​ «​វេទិកា​កិច្ចសហប្រតិបត្តិការ​រវាង​វិស័យ​សាធារណៈ វិស័យ​ឯកជន និង​គ្រឹះស្ថានស្រាវជ្រាវ​»​។ គម្រោង​នេះ​នឹង​ចាប់ផ្តើម​ទទួល​ពាក្យ​ស្នើសុំ​ចាប់ពី​ពាក់កណ្តាល​ខែ​មិថុនា​នេះ​។

លោក​បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយក​ប្រតិបត្តិ​នៃ​សហគ្រិន​ខ្មែរ​បាន​ឲ្យ​ដឹងថា ដោយ​មាន​ការគាំទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច សហគ្រិន​ខ្មែរ​មាន​ចក្ខុវិស័យ​ក្លាយជា​វេទិកា​ថ្នាក់ជាតិ​សម្រាប់​ការលើកកម្ពស់​គ្រប់​សកម្មភាព​របស់​វិស័យ​សហគ្រិនភាព​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​គម្រោង​នេះ​ស្ថិតក្នុង​វិស័យ​អាទិភាព​មួយ​របស់​សហគ្រិន​ខ្មែរ គឺ​ការកែច្នៃ​ផលិតផល​កសិកម្ម​។ ក្រៅពី​ជំនួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ការកែច្នៃ​ ផលិតផល​កសិ-ម្ហូបអាហារ​សហគ្រាស​ធុន​តូច និង​មធ្យម​ក៏​អាច​ទទួល​បាន​ការគាំទ្រ​ផ្សេងទៀត​ពី​សហគ្រិន​ខ្មែរ​ដូចជា ការបង្កើន​សមត្ថភាព និង​ឱកាស​វិនិយោគ​រួមគ្នា​ផងដែរ​»​។

លោក Pablo Kang ឯកអគ្គ​រាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា ការជំរុញ​ផលិតកម្ម​កសិកម្ម និង​ចំណីអាហារ គឺជា​ការរួមចំណែក​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ក្នុង​ការទប់ទល់​នឹង​វិបត្តិ​ជំងឺ​កូវីដ​១៩ នៅ​កម្ពុជា​៕LA