ភ្នំពេញ: រដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​វិនិយោគិន​អាមេរិក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត ដើម្បី​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​មួយ​នេះ​។

ការលើកឡើង​នេះ​បាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​មួយ​ជាមួយ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ក្នុង​អំឡុង​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន អាមេរិក​លើក​ទី​ ៧ ​នៅ​ប្រទេស​ ថៃ​ កាលពី​ថ្ងៃអាទិត្យ​។

ក្នុងជំនួប​ជាមួយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក ប៉ាន សូរស័ក្តិ បាន​អំពាវនាវ​ឲ្យ​វិនិយោគិ​អាមេរិក​មក​វិនិយោគ​នៅ​កម្ពុជា​។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ពាណិជ្ជកម្ម​។ លោក​ថ្លែងថា​៖ «[​យើង​] បាន​ជំរុញ​ឲ្យ​ធុរកិច្ច​អាមេរិក​មក​វិនិយោគ​នៅ​កម្ពុជា​ឲ្យ​កាន់តែច្រើន​ក៏ដូចជា​ចូលរួម​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម និង​ការផ្គូផ្គង​ធុរកិច្ច​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា ការអំពាវនាវ​នេះ​បាន​បង្ហាញ​អំពី​ចំណង មិត្តភាព​កាន់តែ​ជិតស្និទ្ធ​រវាង​កម្ពុជា និង​អាមេរិក​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។

លោកស្រី Emily Zeeberg អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​តាម​អ៊ីមែល​កាលពី​ថ្ងៃ​ចន្ទ​ថា កម្ពុជា​ត្រូវ​បន្ត​កំណើន​ដ៏រឹងមាំ​របស់ខ្លួន​ហើយ​ត្រូវការ​ការវិនិយោគ​គុណភាព​ខ្ពស់ និង​លទ្ធភាព​ចូល​ទីផ្សារ​ថ្មីៗ​។

លោកស្រី​បន្តថា វេទិកា​នេះ​ផ្ដល់​ដល​កម្ពុជា​នូវ​ធុរកិច្ច និង​អ្នកចូលរួម​ផ្សេងទៀត​នូវ​ព័ត៌មាន​សំខាន់ៗ​ពី​គំនិត​ផ្តួចផ្ដើម​របស់​រដ្ឋាភិបាល​អាមេរិក ដើម្បី​បង្កើន​ការវិនិយោគ​ក្នុង​វិស័យ​អាទិភាព​ដូចជា​ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និង​សេដ្ឋកិច្ច​ឌីជីថល​៕LA