ភ្នំពេញៈ ស្ថានទូត​ឥណ្ឌា​ប្រចាំ​ប្រទេស ​កម្ពុជា ​និង​រៀបចំ​ខួប​លើក​ទី​៥០ ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​បច្ចេកទេស​ និង​សេដ្ឋកិច្ច​ឥណ្ឌា​ (ITEC) ​នៅ​ថ្ងៃ​អង្គារ​សប្តារហ៍​នេះ​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង ​២ ខណៈ​វិនិយោគិន​ឥណ្ឌា​​​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​មួយ​ចំនួន​នៅ​កម្ពុជា​។ ​​

កម្មវិធី ITEC ​ដែល ​នឹង​ធ្វើ​ឡើង​នៅ​សណ្ឋាគារ ​The Great Duke នឹង​មាន​ការ​ចូលរួម​ពី​​ឯកអគ្គ​រដ្ឋទូត​ឥណ្ឌា ​និង​មន្ត្រី ​រដ្ឋាភិបាល​កម្ពុជា ​ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​និស្សិត​ឆ្នើម​របស់ ​ITEC​ ប្រមាណ​ជាង ​២០០ ​នាក់​ផង​ដែរ​។​ ITEC ត្រូវ​បាន​បង្កើត​​​នៅ​ឆ្នាំ ​១៩៦៤​ ក្រោម​ជំនួយ​រដ្ឋាភិបាល​ឥណ្ឌា ​ដែល​មាន​ជំនួយ​កម្មវិធី​ទេ្វភាគី​រហូត​​ដល់​ ១៥៨ ​ប្រទេស​។

តាម​​រយៈ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​​នានា ​ក្រោម​កម្មវីធិ​ ITEC​ ការ​កសាង​សមត្ថភាព​ត្រូវ​បាន ​លើក​កម្ពស់​ដោយ​ការ​​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​នៅ​ក្នុង​វិស័យ​រដ្ឋបាល​ គណនេយ្យ អភិបាល​កិច្ច ​បច្ចេកវិទ្យា ​ធនាគារ ​ព័ត៌មាន​បច្ចេកទេស ​ការ​ប្រើប្រាស់​ថាមពល ​ការ​គ្រប់គ្រង ​ទេសចរណ៍ ​ការ​អនុវត្ត​ច្បាប់​ជា​ដើម​ ដែល​ផ្តោត​​ទៅ​ដល់​មន្ត្រី​នៅ​តាម​ក្រសួង ​និង ​មន្ទីរ​នៅ​ក្នុង​ប្រទេស ​កម្ពុជា​។ ​

មាន​បុគ្គលិក​ប្រមាណ​ ១ ៦០០ ​នាក់ ​បម្រើ​ការ​នៅ​តាម​ក្រសួង ​មន្ទីរ ​ស្ថាប័ន​ឯករាជ្យ​នៅ​កម្ពុជា ​ដូច​ជា ​ធនាគារ​ជាតិ​នៃ​កម្ពុជា ​អគ្គិសនី​កម្ពុជា​ជា​ដើម​ ដែល​​ទទួល​បាន​​​ប្រយោជន៍​​ពី​កម្មវិធី​វគ្គ​បណ្តុះបណ្តាល​ទៅ​តាម​ជំនាញ​​នានា​។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​។​

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា ​ក្នុង​អំឡុង​​ឆ្នាំ ​២០១៨ ​មក​ដល់​ពេល​នេះ​បុគ្គលិក ​១៥០ ​​នាក់​ត្រូវ​បាន​បញ្ជូន ​​ទៅ​​សិក្សា​នៅ​ក្នុង​កម្មវិធី​វគ្គ​បណ្តុះបណ្តាល​​នៅ​ក្នុង​ពហុ​វិស័យ​តំបន់​។

ចំណាប់​អារម្មណ៍​វិនិយោគិន

ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា ​លើក​ទី៤ ​នៅ​ក្នុង​ទីក្រុង​ញូវដេលី​ កាល​ពី​សប្តាហ៍​មុន​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​លោក​ ​ប៉ាន ​សូរស័ក្តិ ​បាន​ជួប​ពិភាក្សា​ជា​មួយ​ប្រធាន​សហព័ន្ធ​សភា​ពាណិជ្ជកម្ម ​និង​ឧស្សាហកម្ម​ឥណ្ឌា​ លោក ​សាន់ឌិប​ សូម៉ានី​ ដែល​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​វិនិយោគ​លើ​វិស័យ​អាទិភាព​ នៅ​កម្ពុជា​ ដូច​ជា ​វិទ្យាសាស្រ្ត ​និង​បចេ្ចកវិទ្យា ​ទេសចរណ៍ ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​និង​កសិ​ឧស្សាហកម្ម ​ដើម្បី​ពង្រឹង ​និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច ​និង​ទំនាក់​ទំនង​ពាណិជ្ជកម្ម ​រវាង​ប្រទេស​ទាំង ២ ឲ្យ​បាន​ខ្លាំងក្លា។​ នេះ​បើ​តាម​សេចក្ដី​​​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ របស់​​ក្រសួង​ពាណិជ្ជកម្ម​។

ក្នុង​ជំនួប​នោះ ​លោក ​ប៉ាន ​សូរស័ក្តិ ​បាន​ស្នើ​ឲ្យ​មាន​វិយោគិន​​​ឥណ្ឌា​កាន់​តែ​ច្រើន​មក​កម្ពុជា ​ខណៈ​ប្រទេស​នេះ​ ​មាន​​អំណោយ​ផល​ទាំង​ទីតាំង​ភូមិសាស្ត្រ ​និង​គោលការណ៍​លើក​ទឹក​ចិត្ត​ វិនិយោគ​ផ្សេង​ៗ។

លោក​បន្ត​ថា ​វិស័យ​កសិ​ឧស្សាហកម្ម​ ក៏​មាន​សក្តានុពល​សម្រាប់​ការ​កែច្នៃ​​នាំចេញ​ទៅ​កាន់​​​ឥណ្ឌា ​ផង​ដែរ​។ ​លោក​ ប៉ាន ​សូរស័ក្តិ ​ក៏​ជំរុញ​ឲ្យ​មាន​ជើង​ហោះហើរ ​ត្រង់​ពី​ឥណ្ឌា ​មក​កម្ពុជា ​ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍​ វប្បធម៌ ​និង​កិច្ច​សហ​ប្រតិបត្តិការ​ធុរកិច្ច​នៃ​ប្រទេស​ទាំង ​២ ផង​ដែរ​។

ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី ​និង​លំហូរ​វិនិយោគ​ដោយ​ផ្ទាល់ ​(FDI)​ ពី​រវាង​ឥណ្ឌា និង​សមាជិក​អាស៊ាន ​មាន​ការ​កើន​ឡើង ​៣ ដង ​ចាប់​តាំង​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ឥណ្ឌា ​(AIFTA) ​បាន​ចូល​ជា​ធរមាន​កាល​ពី​​ឆ្នាំ ​២០១០​។

ក្នុង​ឆ្នាំ ​២០១៧​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​អាស៊ាន ​និង​ឥណ្ឌា សរុប​​មាន​ ៧៣,៥៩ ​ពាន់​លាន​ដុល្លារ ​កើន​ឡើង ​២៥,៥ ​ភាគរយ ​ធៀប​នឹង​ឆ្នាំ ​២០១៦ ​ដែល​មាន​ ៥៨,​៦ ​​ពាន់​លាន​ដុល្លារ។​ ក្នុង​អំឡុង​ពេល​ដូច​គ្នា​នេះ​ដែរ ​លំហូរ​ FDI​ ពី​ឥណ្ឌា​​​មក​អាស៊ាន ​​កើន​ឡើង​ពី ​១,៤៧ ​ពាន់​លាន​​ដុល្លារ​ ក្នុង​ឆ្នាំ ​២០១៥ ​ដល់ ​១,៧៣ ​ពាន់​លាន​ដុល្លារ ​ក្នុង​ឆ្នាំ ​២០១៧​។ ​នេះ​បើ​​​តាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា៕