ភ្នំពេញៈ កម្ពុជា និងឥណ្ឌាបានឯកភាពគ្នានឹងរៀបចំឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ដើម្បីជំរុញសកម្មភាពទេសចរណ៍ និងកិច្ចសហប្រតិបត្តិការលើគ្រប់ផ្នែកឱ្យកាន់តែជិតស្និទ្ធបន្ទាប់ពីជំងឺកូវីដ១៩ ត្រូវបានបិទបញ្ចប់។
ការឯកភាពគ្នានេះបានធ្វើឡើងក្នុងជំនួបរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាមួយលោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍។
លោក ថោង ខុន បានឱ្យដឹងថា កម្ពុជា-ឥណ្ឌាមានទំនាក់ទំនងវប្បធម៌ និងសាសនាជាមួយគ្នាជាយូរមកហើយ ហើយនៅមុនពេលមានការផ្ទុះរាលដាលជំងឺកូវីដ១៩ ប្រជាជនខ្មែរក៏ចូលចិត្តទៅលេងកម្សាន្តនៅឥណ្ឌា តាមរយៈដំណើរទេសចរណ៍បែបសាសនាផងដែរ ហេតុនេះទើបលោកស្នើរដ្ឋាភិបាលឥណ្ឌាឱ្យរៀបចំខ្សែទស្សនកិច្ចបែបសាសនានេះឡើងវិញបន្ទាប់ពីជំងឺកូវីដ១៩ អាចគ្រប់គ្រងបានទាំងស្រុង។
លោកស្រី Devyani Uttam Khobragade បាននិយាយថា នេះជាការងារអាទិភាពមួយរបស់លោកស្រីដោយលោកស្រីសង្ឃឹមថា នឹងអាចសហការជាមួយក្រសួងទេសចរណ៍ កម្ពុជា និងភាគីពាក់ព័ន្ធដើម្បីសម្រេចកិច្ចការនេះឱ្យបាន។ លោកស្រីថ្លែងថា៖ «ខ្ញុំយល់ព្រម និងគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្ដួចផ្ដើមនេះ ព្រោះវានឹងផ្ដល់ប្រយោជន៍ច្រើនដល់វិស័យទេសចរណ៍ ស្របពេលបច្ចុប្បន្នយុវជនឥណ្ឌាពិតជាចូលចិត្តខ្លាំងចំពោះដំណើរទេសចរណ៍បែបនេះ»។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ លោក ខៀវ ធី បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃទី ២១ ខែមករា ថា វាជាការល្អណាស់បើកម្ពុជាអាចមានជើងហោះហើរត្រង់ជាមួយប្រទេសឥណ្ឌា ព្រោះប្រទេសនេះមានប្រជាជនច្រើន និងជាអ្នកដែលនិយមចូលចិត្តមកទស្សនានៅតាមប្រាសាទបុរាណខ្មែរ ដែលជាប្រាសាទមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសាសនានៅប្រទេសឥណ្ឌា។ លោកបន្តថា៖ «ខ្ញុំសង្កេតឃើញចំនួនភ្ញៀវទេសចរឥណ្ឌាមកប្រាសាទអង្គរវត្តបានកើនឡើងជារៀងរាល់ឆ្នាំ (លើកលែងឆ្នាំ ២០២០)។ កំណើនភ្ញៀវទេសចរនឹងបង្កើតការងារកាន់តែច្រើនដល់ប្រជាជនក្នុងតំបន់»។
ទោះជាយ៉ាងណា លោក ខៀវ ធី បានអះអាងថា ភ្ញៀវជនជាតិឥណ្ឌាមិនសូវចំណាយច្រើនទេបើធៀបនឹងភ្ញៀវបរទេសដទៃទៀត ហើយពួកគេភាគច្រើនក៏ចូលចិត្តរអ៊ូរទាំ និងត្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ផងដែរ។ លោកប្រាប់ថា៖ «ដោយសារសង្គមឥណ្ឌាមានការបែងចែកវណ្ណៈ ហេតុនេះអ្នកដែលមកធ្វើទេសចរណ៍ភាគច្រើនបានចាត់ទុកខ្លួនដូចអាទិទេព ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត»។
លោក ច័ន្ទ សុភ័ក្ត្រ ដែលធ្លាប់ធ្វើដំណើរទៅប្រទេសឥណ្ឌាជាច្រើនលើកបាននិយាយថា ព័ត៌មានពីការភ្ជាប់ផ្លូវហោះហើរត្រង់កម្ពុជា-ឥណ្ឌាបានលេចឮជាង ១ ឆ្នាំមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះ គឺមិនទាន់មាននោះទេដែលអាចមកពីការពន្យារពេលដោយសារវិបត្តិកូវីដ-១៩។ ការភ្ជាប់ឱ្យមានជើងហោះហើរត្រង់នឹងធ្វើឱ្យការធ្វើដំណើរមានភាពឆាប់រហ័ស និងចំណាយតិច។
លោកបន្ថែមថា នៅមុនពេលមានការផ្ទុះជំងឺកូវីដការធ្វើដំណើរពីកម្ពុជាទៅប្រទេសឥណ្ឌាអាចចំណាយពេលយ៉ាងតិច ៦ ម៉ោងដោយអាស្រ័យតាមប្រទេសដែលត្រូវប្តូរជើងហោះហើរដូចជា សិង្ហបុរី ថៃ ម៉ាឡេស៊ី និងកូរ៉េជាដើម។
លោកនិយាយថា៖ «បើមានការហោះហើរត្រង់ វាមិនត្រឹមតែចំណេញពេល និងថវិកាប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចធ្វើឱ្យកម្ពុជាទទួលបានកំណើនភ្ញៀវទេសចរពីប្រទេសឥណ្ឌា និងប្រទេសជិតខាងឥណ្ឌាផងដែរ»។
បច្ចុប្បន្នដោយសារប្រទេសជាច្រើនបិទជើងហោះហើរការធ្វើដំណើរពីកម្ពុជាទៅប្រទេសឥណ្ឌា ភាគច្រើនត្រូវឆ្លងកាត់តាមប្រទេសកូរ៉េខាងត្បូង ឬមួយទៀតត្រូវទៅសិង្ហបុរីបន្តទៅទីក្រុងឌូបៃ (ប្រទេសអេមីរ៉ាតអារ៉ាប់រួម) មុននឹងទៅប្រទេសឥណ្ឌា។ នេះបើតាមលោក សុភ័ក្ត្រ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា កន្លងមកធ្លាប់បាននិយាយថា អនុស្សរណ:យោគយល់គ្នារវាងកម្ពុជា និងឥណ្ឌាសម្រាប់ជើងហោះហើរត្រង់ គឺមានតាំងពីឆ្នាំ ២០០២ មកម្ល៉េះ។
របាយការណ៍ក្រសួងទេសចរណ៍ឱ្យដឹងថា ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២០ កម្ពុជាទទួលភ្ញៀវទេសចរបរទេស ១,២៨ លាននាក់ធ្លាក់ចុះ ៧៨,២ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩។ ដោយឡែកភ្ញៀវទេសចរឥណ្ឌាមាន ១២ ៨៦៩ នាក់ធ្លាក់ចុះ ៨០,២ ភាគរយពីចំនួន ៦៥ ០៧៧ នាក់៕LA