ភ្នំពេញៈ ​កម្មវិធី​បញ្ជា​កក់​មគ្គុទេ្ទសក៍​ទេសចរណ៍ ​App​ Guide​ Dir​ek​ ដំបូង​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​កម្ពុជា​​ដោយ​​ភ្នាក់ងារ​ទេសចរណ៍​ក្នុង​ស្រុក​ ម៉ាតុង​​ ​​ក្នុង​គោល​បំណង​​ជួយ​ស្វែងរក​ទីផ្សារ​បន្ថែម​ទៀត​ដល់​មគ្គុទេ្ទសក៍​​ទេសចរណ៍។​ នេះ​បើ​តាម​​​នាយក​ប្រតិបត្តិ​ App​ Guide​ Direk​​ របស់​ម៉ាតុង​។​​

កម្មវិធី​កក់​មគ្គុទ្ទេសក៍​ទេសចរណ៍​ App​ Guide​ Direk​ នេះ​ត្រូវ​បាន​​ដាក់​ឲ្យ​ដំណើរការ​ កាល​​ពី​ល្ងាច​​ថ្ងៃ​សុក្រ ​ហើយ​វា​ក៏​នឹង​​ជួយ​​លើក​កម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ផង​ដែរ​។​​

លោក​ ឃីម​ ម៉ាឡែន ​នាយក​ប្រតិបតិ្ត​ App​ Guide​ Direk ​បាន​​ថ្លែង​ក្នុង​កម្មវិធី​ដាក់​ឲ្យ​ដំណើរការ​​ App នេះ​​កាល​​ពី​ថ្ងៃ​ទី ​១៩​ កក្កដា​ ថា​ ក្រុមហ៊ុន​ទេសចរណ៍​ម៉ាតុង​បាន​ផ្តួចផ្តើម​គំនិត​បង្កើត​​ App​ Guide​ Direk​ ក្នុង​គោល​​បំណង​បើក​ទីផ្សារ​ឲ្យ​កាន់​តែ​ទូលំទូលាយ​ដល់​មគ្គុទ្ទេសក៍​ ព្រោះ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​អាច​ធ្វើ​ការ​​កក់​អ្នក​មគ្គុទ្ទេសក៍​តាម​កម្មវិធី​ Guide​ Direk នៅ​លើ​ទូរស័ព្ទ​ដៃ​។ ​​​

លោក​​ថ្លែង​​ថា​៖ «ខ្ញុំ​មើល​ឃើញ​ថា​ កង្វះ​​ខាត​នៅ​ក្នុង​​ទីផ្សារ​សម្រាប់​​មគ្គុទ្ទេសក៍​ទេសចរណ៍​នៅ​ធំ​ ហើយ​​យើង​​ឃើញ​មាន​បញ្ហា​របស់​​ពួក​គេ​ពឹង​ផ្អែក​តែ​​លើ​ភ្នាក់ងារ​ទេសចរណ៍ ​និង​ក្រុមហ៊ុន​ទេសចរណ៍ ​ដូច្នេះ​​យើង​ព្យាយាម​​បង្កើត ​​កម្មវិធី​កក់​មគ្គុទ្ទេសក៍​ទេសចរណ៍​​ ដើម្បី​ជួយ​បង្កើន​ទីផ្សារ​​ឲ្យ​ពួក​គេ​បន្ថែម​»។​

តាម​លោក​ ម៉ាឡែន​ កម្មវិធី​នេះ ​ក៏​នឹង​​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​​កម្ពុជា​កាន់​តែ​ច្រើន​ថែម​ទៀត។​លោក​​បាន​ថ្លែង​ថា​៖ «​យើង​សង្ឃឹម​ថា ​ក្រោយ​ពី​ដាក់​ឲ្យ​​ដំណើរការ​កម្មវិធី​នេះ​ ភ្ញៀវ​បរទេស​​​មិន​មក​លេង​តែ​ខេត្ត​សៀមរាប​​មួយ​ទេ ​ពួក​គេ​នឹង​មក​លេង​ជុំវិញ​ស្រុក​ខ្មែរ​ ព្រោះ​យើង​ក៏​ព្យាយាម​ផ្សព្វផ្សាយ​​ពី​កម្ពុជា​ដែរ»​។

លោក​ សាត​ ខ្នា​ មគ្គុទ្ទេសក៍​ទេសចរណ៍​ជា​ភាសា​អង់គ្លេស​នៅ​ទីក្រុង​ភ្នំពេញ​​ដែល​ប្រើប្រាស់​​គណនី​នៅ​ Guide Direk សង្ឃឹម​​ថា ​កម្មវិធី​នេះ​នឹង​ជួយ​ដល់​​​ទីផ្សារ​មគ្គុទ្ទេសក៍​ទេសចរណ៍ ខណៈ​ពួក​គេ​នឹង​មិន​ពឹង​ផ្អែក​ទាំង​​ស្រុង​ពី​ក្រុមហ៊ុន​ទេសចរណ៍​ និង​ពី​​ភ្នាក់ងារ​ទេសចរណ៍​ទៀត​ទេ​។

លោក​បញ្ជាក់​ថា៖​ «កន្លង​មក​​ភ្ញៀវ​គាត់​មក​តាម​ក្រុមហ៊ុន​ទេសចរណ៍ ​​ក្រុមហ៊ុន​ទេសចរណ៍​​ជា​អ្នក​ចាត់ចែង​​ទាំង​អស់​រួម​មាន​អ្នក​នាំ​ភ្ញៀវ ឡាន​ កន្លែង​ហូប​អាហារ​​​ជា​ដើម​»​។ លោក​បាន​ថ្លែង​បន្ត​ថា៖ ​«តែ​បើ​គាត់​​អាច​កក់​តាម​កម្មវិធី​នេះ ​លុយ​នឹង​ចូល​មក​គណនី​យើង​[អ្នក​នាំ​ភ្ញៀវ​]​​ ផ្ទាល់​តែ​ម្តង ​ខ្ញុំ​គិត​ថា​ App​ មួយ​នេះ​ រក​ទីផ្សារ​ឲ្យ​អ្នក​នាំ​ភ្ញៀវ​​ទាំង​អ្នក​ថ្មី​ និង​​ចាស់​»។​

លោក ​ខៀវ​ ធី​ ប្រធាន​សមាគម​​​មគ្គុទ្ទេសក៍​អង្គរ​កម្ពុជា​ បាន​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍ថា កម្មវិធី​​ Guide Direk នឹង​ជួយ​​ជំរុញ​ទីផ្សារ​មគ្គុទ្ទេសក៍​ទេសចរណ៍ ​និង​ការ​​ផ្សាព្វផ្សាយ​ផលិតផល​ទេសចរណ៍​របស់​កម្ពុជា​​នៅ​លើ​ពិភព​លោក​។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា Guid​e Direk គឺ​ជា​ច្រក​ថ្មី​មួយ​ទៀត​​សម្រាប់​ទីផ្សារ​​មគ្គុទ្ទេសក៍ ហើយ​​កម្មវិធី​នេះ​នឹង​​ជួយ​ជំរុញ​ផលិតផល​ទេសចរណ៍​របស់​យើង​ទៅ​​កាន់​ពិភព​ខាង​ក្រៅ​កាន់​តែ​ទូលំទូលាយ ព្រោះ Guide Dir​e​​k គឺ​មិន​គ្រាន់​តែ​ជា​សេវាកម្ម​មគ្គុទ្ទេសក៍​ទេសចរណ៍​ទេ ប៉ុន្តែ​វា​នឹង​​ជួយ​​ផ្សព្វផ្សាយ​ពី​ផលិតផល​ទេសរណ៍​ផង​ដែរ»។​

តាម​លោក ធី បាន​ឲ្យ​ដឹង​ថា​​ មគ្គុទ្ទេសក៍​នៅ​កម្ពុជា​សរុប​ប្រមាណ​ ៥ ០០០ ​នាក់​ ក្នុង​នោះ​ មគ្គុទ្ទេសក៍​ទេសចរណ៍​ប្រមាណ​ ៣ ​០០​០ ​នាក់​ ដែល​មាន​អាជ្ញាប័ណ្ណ​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​។

ក្នុង​ឆមាស​ទី១ ឆ្នាំ​ ២០១៩​ ភ្ញៀវ​​ទេសចរ​បរទេស​ ដែល​ទិញ​​សំបុត្រ​ចូល​​ទស្សនា​រមណីយដ្ឋាន​​អង្គរ​មាន​ចំនួន​ ​១,២៤​ លាន​​នាក់​ បាន​ធ្លាក់​ចុះ​ជាង​ ៨ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូច​​គ្នា​កាល​ពី​ឆ្នាំ​ ២០១៨​ ខណៈ​​ចំណូល​ពី​ការ​លក់​សំបុត្រ​ធ្លាក់​ចុះ​ប្រហែល​ ៩​ ភាគរយ​ មក​នៅ​ ៥៥ ​​​លាន​ដុល្លារ​៕​LA