ភ្នំពេញៈ​ គម្រោង​ BlocRice ដែល​​បង្កើត​ឡើ​ង​ដើ​ម្បី​ពង្រឹង​តម្លា​ភាព​ក្នុង​ជំ​នួញ​​​ស្រូវ​-អង្ករ ​តាម​រយៈ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ BlockChain ​ដើម្បី​ត​ភ្ជា​ប់​កសិ​ករ​ទៅ​ចង្វាក់​ផ្គត់​ផ្គង់​សក​ល​ ត្រូវ​បាន​ប្រ​កាស​ដាក់​ឲ្យ​ដំ​ណើរ​កា​រ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ព្រហ​ស្ប​តិ៍​​ដោយ​រំ​ពឹង​ថា​ នឹង​ជួយ​ធ្វើ​​ឲ្យ​កសិ​​ករ​ទទួល​បាន​តម្លៃ​កសិ​ផល​របស់​គេ​ខ្ពស់​ជាង​មុន​។

គម្រោង​នេះ​ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​ដោ​យ​អង្គការ Oxfam​ កម្ពុជា​ ដោយ​មាន​​​ភាគី​ចូល​រួម​ជា​កសិ​ករ​ដាំ​ស្រូវ​សរី​រាង្គ ​ក្រុម​ហ៊ុន​កែ​ច្នៃ​នាំ​ចេញ​ ក្រុម​ហ៊ុន​ផលិត​ផលិត​ផល​ពី​អង្ករ​នៅ​​​ប្រ​ទេស​ ហូឡង់​ ​និង​អ្នក​ទិញ​។ ​

គម្រោង​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ដំ​ណើរ​ការ​សាក​ល្បង​តាំង​ពី​ខែ មេសា​ ហើយ​ផ្តោត​លើ​តម្លា​ភាព និង​ភាព​ដែល​អាច​​តាម​ដាន​ព័ត៌​មាន​ និង​ទិន្ន​ន័យ​បាន​ តាម​រយៈ​ការ​បញ្ចូល​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ខាង​លើ​ចូល​ក្នុង​កម្ម​វិ​ធី​អីុ​ន​ធឺ​ណិត​តាម​ទូរ​ស័ព្ទ​ដៃ​ Smart Phone ដោយ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ BlockChain​។​

លោក​ស្រី​ លីម​ សូ​លីន​ នា​យិ​កា​​​ប្រ​ចាំ​ប្រ​ទេស​នៃ​អង្គ​ការ​ Oxfam នៅ​ក្នុង​កម្ពុជា ​បាន​ថ្លែង​ថា​៖ «​[តាម​រយៈ​បច្ចេក​វិ​ទ្យា​នេះ] ​កសិ​ករ​​ទទួល​បាន​អំ​ណាច​នៃ​ការ​ត​ថ្លៃ​ តាម​រយៈ​​សហ​ករ​ណ៍​កសិ​កម្ម​ ដែល​បាន​ធ្វើ​ជា​ភាគី​នៃ​កិច្ច​ព្រ​ម​ព្រៀង​នេះ​»​។​

គម្រោង​ BlocRice របស់​អង្គ​ការ ​Oxfam​ កំពុង​ស្ថិត​ក្នុង​​ការ​ងារ​ឆ្នាំ​ដំ​បូង​​ដោយ​មាន​កសិករ​ស្រូវ​ខ្នាត​​​តូច​ចំ​នួន​​ ៥០ នាក់​នៅ​​ក្នុង​ខេត្ត​ព្រះ​វិ​ហារ​។​ កសិករ​ទាំង​នេះ​​ផលិត​ស្រូវ​សរី​​រាង្គ​​។ ​គម្រោង​នេះ​នឹង​​ដំណើរ​ការ​​ដល់​ខែ​មីនា ​ឆ្នាំ​ ២០​១​៩​ ដែល​ជា​​​រដូវ​​ប្រ​មូល​ផល​​សំ​ខាន់​មួយ​របស់​កសិ​ករ​​។​

យោង​តាម​អង្គ​ការ​​ Oxfam បន្ទាប់​ពី​គម្រោង​ BlocRice ដំ​បូង​បញ្ចប់​ក្នុង​ឆ្នាំ​ ២០១៩ ​គម្រោង​​​នេះ​នឹង​ពង្រីក​ដល់​កសិ​ករ ១,០០០​ នាក់​ក្នុង​ឆ្នាំ​ ២០​២០ និង​ពង្រីក​ដល់​ ៥​,០០​០ ​នាក់​បន្ថែម​ក្នុង​ឆ្នាំ ២០២​២​​។​

គម្រោង​នេះ​នឹង​លើក​កម្ពស់​ «​កិច្ច​ព្រម​ព្រៀង​វៃ​ឆ្លាត​» មួយ ​ដែល​ជា​កិច្ច​ព្រម​ព្រៀង​ធ្វើ​កសិ​កម្ម​តាម​កិច្ច​សន្យា​ឌី​ជី​ថល​ត្រី​​ភា​គី​ ​ដែល​រួម​មាន​​ភាគី​​ ​កសិ​ករ​សរី​រាង្គ ​ក្រុម​ហ៊ុន​នាំ​ចេញ​ និង​អ្នក​ទិញ​អង្ករ​នៅ​ហូឡង់​។​

គម្រោង​នេះ​បាន​ធ្វើ​​ឲ្យ​មាន​លក្ខណៈ​ឌី​ជី​ថល​ ដែល​ធ្វើ​តាម​បច្ចេក​វិទ្យា​ blockchain ហើយ​ព័ត៌​មាន​លម្អិត​ដូច​ជា​​​តម្លៃ​ទិញ​បឋម​ ទំ​ហំ​ពា​ណិជ្ជ​កម្ម និង​របៀប​ដឹក​ជញ្ជូន​ ត្រូវ​បាន​កត់​ត្រា។​

ការ​ទូ​ទាត់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មិន​​​មាន​សាច់​ប្រាក់​នោះ​ទេ​ ដែល​​​កសិករ​​ស្រូវ​អង្ករ​​អាច​ទទួល​បាន​ការ​ទូ​ទាត់​តាម​រយៈ​គណនី​ធនា​គារ​ ដែល​ធ្វើ​ឲ្យ​គ្រប់​ភាគី​អាច​​​តាម​ដាន​ព័ត៌​មាន​នេះ​​។

អង្គ​ការ Oxfam ​បាន​ប៉ាន់​ប្រ​មាណ​ថា ៦០ ​ភាគ​រយ​នៃ​កម្លាំង​ពល​កម្ម​របស់​កម្ពុជា​ ត្រូវ​បា​ន​ធ្វើ​ការ​ងារ​នៅ​ក្នុង​ឧស្សា​ហ​កម្ម​កសិក​ម្ម ​ហើយ​ពួក​​គេ​​ជា​ច្រើន​​មិន​មាន​​កិច្ច​ព្រម​ព្រៀង​​សម​រម្យ​ជា​មួយ​នឹង​អតិ​ថិ​ជនរ​បស់​ពួក​គេ​នោះ​ទេ។

​លើ​ស​​ពី​នេះ​ កង្វះ​ចំ​ណេះ​ដឹង​ពី​តម្លៃ​ទី​ផ្សារ​ និង​​កម្ចី​អត្រា​​ការ​ប្រាក់​ខ្ពស់​ បាន​​​ដាក់​សម្ពាធ​​ដល់​​ពួក​គេ​​ធ្វើ​ឲ្យ​ពួក​គេ​បង្ខំ​​​លក់​ផលិត​ផល ​ដើ​ម្បី​​តែ​ជម្រះ​បំ​ណុល​ប៉ុ​ណ្ណោះ​​​៕​LA