
លោកស្រី Nancy កំពុងថ្លែងក្នុងកម្មវិធីបើកដំណើរការកម្មវិធីសិក្សា FasTracKids នៅចុងសប្តាហ៍មុន។ រូបថត ហ៊ឹន ពិសី
ភ្នំពេញៈ កម្មវិធីសិក្សា FasTracKids ដែលកំពុងមានវត្តមានក្នុងប្រទេសចំនួន ៤៥ នៅលើពិភពលោកនឹងបង្ហាញវត្តមានរបស់ខ្លួនក្នុងទីផ្សារអប់រំកម្ពុជា បន្ទាប់ពីក្រុមហ៊ុន LVLs ទទួលបានសិទ្ធិផ្តាច់មុខសម្រាប់ចែកចាយបន្តនៅកម្ពុជា។
FasTracKids គឺជាកម្មវិធីសិក្សាមួយដែលត្រូវបានបង្កើតឡើងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៩៨ សម្រាប់កុមារដែលមានអាយុចាប់ពី ៦ ខែរហូតដល់ ៨ ឆ្នាំ។ កម្មវិធីនេះនឹងជួយធ្វើឲ្យការអភិវឌ្ឍផ្នែកស្មារតី និងសតិបញ្ញារបស់កុមារកាន់តែមានភាពរឹងមាំព្រមទាំងមានភាពច្នៃប្រឌិតខ្ពស់។
លោក Lim Lork Jonhson នាយកក្រុមហ៊ុន LVLs (Lim Lork Jonhson, Chairman of LVLs) ដែលទទួលបានសិទ្ធិផ្តាច់មុខនៅកម្ពុជាពីក្រុមហ៊ុន FasTracKids International Ltd. កាលពីចុងសប្តាហ៍កន្លងមកបានថ្លែងថា ការនាំយកសិទ្ធិផ្តាច់មុខរបស់កម្មវិធី FasTracKids មកកម្ពុជានឹងធ្វើឲ្យទីផ្សារសាលារៀននៅកម្ពុជាកាន់តែមានភាពធំទូលាយ និងល្អប្រសើរឡើងថែមទៀត។
លោកបានមានប្រសាសន៍ថា៖ «នេះជាលើកទី ១ ដែលក្រុមហ៊ុនរបស់ខ្ញុំបាននាំយកសិទ្ធិផ្តាច់មុខពីក្រុមហ៊ុនលំដាប់អន្តរជាតិមកកម្ពុជា។ FasTracKids នឹងធ្វើឲ្យកម្មវិធីសិក្សាសម្រាប់កុមារនៅកម្ពុជាកាន់តែមានការវិវឌ្ឍទៅមុខលឿនបន្ថែមទៀត»។
ដោយបដិសេធប្រាប់ពីតម្លៃនៃការទិញយកកម្មវិធីសិក្សានេះលោក Lim Lork Jonhson បានថ្លែងថានៅពេលនេះមានសាលាអន្តរជាតិនៅកម្ពុជាជាច្រើនបានចាប់អារម្មណ៍ទិញសិទ្ធិកម្មវិធីសិក្សា FasTracKids នេះយកទៅបង្រៀនក្នុងសាលារបស់ពួកគេ។
លោកថ្លែងថា៖ «នៅពេលមានសាលាណាទទួលយកកម្មវិធីនេះ FasTracKids នឹងបញ្ជូនគ្រូដែលមានជំនាញពីសហរដ្ឋអាមេរិក ឬប្រទេសនានាមកធ្វើការបណ្តុះបណ្តាលគ្រូមុនពេលយកទៅអនុវត្តបន្ត»។
លោក Lim Lork Jonhson បានប្រាប់ទៀតថាក្រុមហ៊ុនរបស់លោកក៏កំពុងសម្លឹងមើលក្រុមហ៊ុនលំដាប់ពិភពលោកជាច្រើនផ្សេងទៀតដើម្បីនាំកម្មវិធីសិក្សាល្អៗមកកម្ពុជាបន្ថែមទៀតផងដែរ។
លោកស្រី Nancy Faunce ប្រធាន និងជានាយិកាប្រតិបត្តិ FasTracKidsInternational Ltd. (Nancy Faunce, President and CEO of FasTracKidsInternational Ltd.) បានថ្លែងថា FasTracKids គឺជាកម្មវិធីសិក្សាដ៏ល្អដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីឪពុកម្តាយជាច្រើននៅលើពិភពលោក។
លោកស្រី Nancy បានមានប្រសាសន៍ថា៖ «FasTracKids នឹងជួយពង្រឹងសមត្ថភាពនៃការគិតរបស់ក្មេងដោយផ្តោតជាចម្បងទៅលើសក្តានុពលពីធម្មជាតិ។ ជាធម្មតាកុមារចូលចិត្តនិយាយ និងបង្ហាញទេពកោសល្យរបស់ពួកគេដែលមានពីធម្មជាតិ ហេតុនេះការផ្តល់ឱកាសឲ្យពួកគេធ្វើអ្វីទៅតាមការយល់ឃើញពិតជាមានសារៈសំខាន់ណាស់»។
លោកស្រីបានបន្តថានៅប្រទេសខ្លះ ឪពុកម្តាយបានឲ្យកូនធ្វើអ្វីតាមបំណងរបស់ខ្លួន និងមិនឲ្យធ្វើតាមឧបនិស្ស័យរបស់កូនៗឡើយដែលការអប់រំបែបនេះមិនបានជួយឲ្យកុមាររកឃើញសក្តានុពលជីវិតរបស់ពួកគេនោះទេ តែថែមទាំងធ្វើឲ្យកម្រិតនៃការគិតធ្លាក់ចុះទៀតផង។
កម្ពុជាគឺជាប្រទេសទី ៨ ក្នុងតំបន់អាស៊ានដែលមានវត្តមានកម្មវិធីសិក្សា FasTracKids៕