The Phnom Penh Post Search

Search form

កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា​ធ្លាក់​ចុះ

Content image - Phnom Penh Post
កសិករកំពុងច្រូតស្រូវក្នុងរដូវ​ប្រមូល​ផលនៅខេត្ត​កណ្តាល ​កាល​ពីឆ្នាំ​ ២០១៤។ ម៉ៃ វីរៈ

កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា​ធ្លាក់​ចុះ

ភ្នំពេញៈ ចំនួន​ប្រជាជន​កម្ពុជា​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​កសិកម្ម​កំពុង​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ដោយសារ​ចរន្ត​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​ទ្រង់​ទ្រាយ​ធំ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស រួមផ្សំ​នឹង​ការ​រីក​ចម្រើន​ខាង​ផ្នែក​ឧស្សាហកម្ម។ នេះ​បើ​តាម​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​កសិកម្ម​ដែល​បាន​ចេញ​ផ្សាយ​ពី​ចុង​សប្តាហ៍​មុន។

ប្រសិន​បើ​និន្នា​ការ​នេះ​នៅ​តែ​បន្ត អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​កសិកម្ម​បាន​លើក​ឡើង​ថា ​ចរន្ត​នៃ​ការ​បន្ត​ធ្លាក់​ចុះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​នេះ​អាច​នឹង​បង្ក​ជា​ក្តី​បារម្ភ​ដល់​លទ្ធភាព​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ដែល​ជា​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​មួយ​នេះ​ ប្រសិន​បើ​រដ្ឋាភិបាល​ខក​ខាន​ក្នុង​ចាត់​វិធាន​ការ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ណា​មួយ​ឲ្យ​ទាន់​​ពេល​វេលា។

ខណៈ​ដែល​កម្លាំង​ពលកម្ម​សរុប​នៅ​ក្នុង​ប្រទេស​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា មាន​ប្រមាណ ១០ លាន​នាក់ របាយការណ៍​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ដែល​ចេញ​ផ្សាយ​កាល​ពី​សុក្រ​សប្តាហ៍​មុន​បាន​ឲ្យ​ដឹង​ថា កម្លាំង​ពលកម្ម​ក្នុង​វិស័យ​នេះ​កាល​ពី​ឆ្នាំ ២០០៩ មាន​ចំនួន ៥៧,៦ ភាគរយ​នៃ​ពលកម្ម​សរុប។ ហើយ​អត្រា​នេះ​បាន​ថយ​ចុះ​មក​ត្រឹម​តែ ៥៤,៨ ភាគរយ​នៅ​ឆ្នាំ ​២០១០ និង​បន្ត​ថយ​ចុះ​មក​ត្រឹម ៤៨,៧ ភាគរយ​នៅ​ឆ្នាំ ២០១៣។

របាយ​ការ​បណ៍​បាន​លើក​ឡើង​ថា៖ «ចរន្ត​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​ពី​ជន​បទ​មក​កាន់​ទី​ក្រុង​ និង​ទៅ​ក្រៅ​ប្រ​ទេស​កំពុង​កើន​ឡើង។ ពលកម្ម​ក្នុង​វិស័យ​ឧស្សា​ហកម្ម​ដែល​មាន​តែ ១៥,៩ ភាគរយ​នៅ​ឆ្នាំ ២០០៩ បាន​កើន​ដល់​ ១៦,៩ ភាគ​រយ​ឆ្នាំ ២០១១ ហើយ​បន្ត​កើន​ឡើង​ដល់​ ១៩,៩ ភាគរយ​នៅ​ឆ្នាំ ២០១៣»។

លោក យ៉ង សាំង​កុមារ ប្រធាន​មជ្ឈមណ្ឌល​សិក្សា ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (សេដាក) បាន​ឲ្យ​ដឹង​ថា​ ការ​ធ្លាក់​ចុះ​ចំនួន​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​អាច​មាន​ច្រើន​ជាង​នេះ​ខ្លាំង​ប្រសិន​បើ​គិត​ពី​ចំនួន​ពលករ​ធ្វើ​ការ​ពេញ​ម៉ោង​ក្នុង​វិស័យ​នេះ ហើយ​កត្តា​នេះ​គឺជា​ការ​គំរាម​ដល់​វិស័យ​កសិកម្ម​កម្ពុជា។

លោក​បន្ត​ថា កម្ពុជា​នៅ​មិន​ទាន់​មាន​វិធានការ ឬ គោល​នយោ​បាយ​សម​ស្រប​ដើម្បី​ជួយ​សម្រួល​ដល់​កសិករ​ក្នុង​ការ​ពង្រឹង​លទ្ធភាព​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​នៅ​ឡើយ​។

លោក​បន្ត​ថា៖ «វា​អវិជ្ជមាន មិន​មែន​គ្រាន់​តែ​សម្រាប់​វិស័យ​កសិកម្ម​ប៉ុណ្ណោះ​ទេ តែ​ដល់​ប្រទេស​ជាតិ​ទាំង​មូល​ដោយសារ​កសិកម្ម​ជា​វិស័យ​សំខាន់​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស»។

លោក​បន្ត​ថា កាល​ណា​ក្នុង​ប្រទេស​មួយ​ដែល​ការ​ផលិត​អត់​ទៅ​មុខ ហើយ​ផលិត​ផល​ដែល​អាច​ផលិត​បាន​បែរ​ជា​​ត្រូវ​​ពឹង​លើការ​​នាំ​ចូល​ពី​គេ​ច្រើន ​ប្រទេស​នឹង​មាន​ការ​​ប៉ះពាល់​ដល់​ប្រាក់​ចំណូល និង​ការងារ​ប្រជាជន។

លោក​​អះ​អាង​ថា៖ «វា​នឹង​ប៉ះពាល់ ហើយ​ប៉ះ​ពាល់​ធ្ងន់​ទៅ​ថ្ងៃ​ខាង​មុខ។ រដ្ឋាភិបាល​ត្រូវ​មាន​អន្តរាគមន៍​ឲ្យ​បាន​ច្រើន​ដើម្បី​ឲ្យ​យើង​អាច​មាន​លទ្ធ​ភាព​ប្រកួត​ប្រជែង​ជាមួយ​គេ​បាន​ទៅ​ថ្ងៃ​ខាង​មុខ»។

លោក​ស្រី ចន្ធី​ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ឯករាជ្យ បាន​ឲ្យ​ដឹង​ថា ការ​ថយ​ចុះ​នៃ​កម្លាំង​ពលកម្ម​ដែល​ចូល​រួម​ក្នុង​វិស័យ​កសិកម្ម​គឺជា​ការ​វិវត្ត​ធម្មតា​ក្នុង​និន្នា​ការ​សេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍។

លោកបន្ត​ថា​ នៅ​ពេល​ដែល​សេដ្ឋកិច្ច​ចាប់​ផ្តើម​មាន​កំណើន ចំណែក​នៃ​វិស័យ​កសិកម្ម ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក៏​ចាប់​ផ្តើម​ថយ​ចុះ​តែ​ចំណែក​នៃ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​នឹង​កើន​ឡើង។

លោកអះអាង​ថា ​វា​នឹង​​មិន​មាន​ឥទ្ធិ​ពល​អវិជ្ជមាន​ធំដុំ​ទេ ប្រសិន​បើ​រដ្ឋាភិបាល​អាច​ធ្វើ​អន្តរាគម​ទាន់​ពេល​វេលា​ដោយ​ព្យាយាម​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​តាម​បែប​យន្តូបនីយ​កម្ម​ដែល​មាន​ន័យ​ថា​ត្រូវ​សម្រួល​ដល់​ប្រជា​កសិករ​ដើម្បី​មាន​លទ្ធ​ភាព​ប្រើ​ប្រាស់​គ្រឿង​យន្ត​ក្នុង​វិស័យ​កសិកម្ម​ឲ្យ​បាន​ច្រើន​ជាង​នេះ​ដើម្បី​ជំនួស​ដល់​ការ​ថយ​ចុះ​នៃ​កម្លាំង​ពលកម្ម។

លោក​ថ្លែង​ថា៖​ «បើ​សិន​សេដ្ឋកិច្ច​អាច​បង្កើត​ការ​ងារ​ថ្មី វា​នឹង​មិន​មាន​បញ្ហា​អី​ទេ។ សម្រាប់​វិស័យ​កសិកម្មវិញ ប្រសិន​រដ្ឋាភិបាល​អាច​ធ្វើ​ឲ្យ​អ្នក​ពាក់​ព័ន្ធ​គាត់​អាច​ប្រើ​ធន​ធាន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​តាម​រយៈ​ការ​ប្រើ​គ្រឿង​ចក្រ វា​នឹង​មិន​មាន​បញ្ហា​ធ្ងន់​ធ្ងរ​អី​នោះ​ទេ»។

តាម​របាយ​ការណ៍​ក្រសួង​កសិកម្ម វិស័យកសិកម្ម​បាន​រួម​ចំណែក​ប្រហែល ២៨,៧ ភាគរយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​នៅ​ឆ្នាំ ២០១៤។ ដោយ​ឡែក​វិស័យ​ឧស្សាហកម្ម​បាន​រួម​ចំណែក​ប្រមាណ ២៥,៥ ភាគរយ និង​វិស័យ​សេវាកម្ម​ប្រហែល ៤០,៥ ភាគរយ។

ថ្លែង​ក្នុង​ពិ​ធី​បិទ​សន្និ​បាត​បូក​សរុប​ការងារ​កសិកម្ម​កាល​ពី​ថ្ងៃ​ទី ៨ មេសា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ​បាន​លើក​ឡើង​ថា វិស័យ​កសិកម្ម​នៅ​តែ​បន្ត​តួនាទី​ជា​មូល​ដ្ឋាន​ដ៏​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា​ក្នុង​ទសវត្សរ៍​ខាង​មុខ ទោះ​បី​ជា​កម្ពុជា​បាន​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​ក៏​ដោយ។

លោក​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ​ ប្រជា​កសិករ​យើង​បាន​ផ្លាស់​ប្តូរ​ទម្លាប់​បង្ក​បង្កើន​ផល​បាន​ច្រើន​ដោយ​អនុវត្ត​ប្រពលវប្បកម្ម តាម​រយៈ​ការ​ប្រើ​ប្រាស់​យន្តូបនីយកម្ម និង​បច្ចេក​វិទ្យា​ទំនើប ដែល​ត្រូវ​ចំ​ណាយ​ដើម​ទុន​យ៉ាង​ច្រើន​រហូត​ដល់​ទៅ​ជួល​កម្លាំង​ពលកម្ម​ថែម​ទៀត។

លោក​បាន​លើក​ឡើង​ទៀត​ថា៖ «ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ក៏​ដូចជា​បង​ប្អូន​ប្រជា​កសិករ​នៅ​ទូទាំង​ប្រទេស​ត្រូវ​តែ​ខិត​ខំជួយ​រក​វិធី​បង្កើន​ទិន្ន​ផល​ឲ្យ​បាន​ខ្ពស់ និង​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត​ឲ្យ​នៅ​ទាប​បំផុត។ ធ្វើ​បាន​ដូច្នេះ យើង​នឹង​ទទួល​បាន​បរិមាណ​កសិផល​ពិសេស​ផល​ស្រូវ​ទូ​ទាំង​ប្រទេស​កាន់​តែ​ច្រើន​ក៏​ដូចជា​ការ​ជួយ​បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជាកសិករ​ផងដែរ»៕

អត្ថបទគួរចាប់អារម្មណ៍