ភ្នំពេញៈ មន្ត្រី​ក្រសួង​ការងារ​បាន​ឲ្យ​ដឹងថា ការរីក​រាលដាល​នៃ​កូវីដ​ ១៩ នៅក្នុង​ប្រទេស​ កម្ពុជា​ មិនទាន់​មានការ​គំរាមកំហែង​ដែល​នឹង​អាចឈាន​ទៅរក​ការបិទ​រោងចក្រ​នោះទេ ប៉ុន្តែ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការនាំចេញ​របស់​កម្ពុជា​។

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃ​ពុធ​ករណី​ឆ្លង​កូវីដ​ ១៩ នៅ​កម្ពុជា​បាន​កើនឡើង​ដល់​ ៣៥ ​នាក់​ នៅក្នុង​ប្រទេស ​កម្ពុជា​។ ការរីក​រាលដាល​នេះ​បាន​ធ្វើឲ្យ​មាន​ការបិទ​សាលារៀន ក្លិប​កម្សាន្ត និង​កម្មវិធី​ប្រគំ​តន្ត្រី ឬ​ការជួបជុំ​សាសនា​នៅ​ទូទាំង​ប្រទេស​ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា ការរីក​រាលដាល​វីរុស​កូវីដ​ ១៩ ហាក់ដូចជា​មិនទាន់​ប៉ះពាល់​ដែល​នឹង​នាំទៅដល់​ការបិទ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​​នៅឡើយ​ទេ​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​ឧស្សាហកម្ម​កាត់ដេរ​មិនទាន់​រង​ផលប៉ះពាល់​ដោយសារ​តែ​ការរីក​រាលដាល​វីរុស​កូវីដ​ ១៩ នៅឡើយ​ទេ ប៉ុន្តែ​ការនាំចេញ​ផលិតផល​សម្លៀកបំពាក់​នឹង​ថមថយ​ល្បឿន​ទៅ​ទីផ្សារ​អឺរ៉ុប និង​អាមេរិក ប្រសិន​បើ​វីរុស​កូវីដ​ ១៩ ​បន្ត​រីករាលដាល​»​។

លោក ហេង សួរ បាន​ឲ្យ​ដឹងថា​ក្នុង​ចំណោម​រោងចក្រ​ ៥០ បាន​ផ្អាក​ប្រតិបត្តិការ​ដោយសារ​តែ​កង្វះ​វត្ថុធាតុដើម​។ គិត​ត្រឹម​ថ្ងៃទី​ ១៧ ​ខែ​មីនា នៅពេល​នេះ​រោងចក្រ​ ១៧ កំពុង​ចាប់ផ្ដើម​សកម្មភាព​ឡើងវិញ​ដោយ​មាន​កម្មករ ១៤ ៦១៧ ​នាក់​ បន្ទាប់ពី​មានការ​ផ្គត់ផ្គង់​វត្ថុធាតុ​ដើម​ឡើងវិញ​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ឲ្យ​ដឹងថា កង្វះ​វត្ថុធាតុដើម​ទំនងជា​បញ្ចប់​នៅពេល​ឆាប់ៗ​នេះ ដោយសារ​តែ​ប្រទេស​ ចិន​ បាន​ស្ទុះ​ងើបឡើង​វិញ​។

លោក​បាន​ឲ្យ​ដឹងថា ក្នុងអំឡុង​ថ្ងៃទី​ ៩ ដល់​ថ្ងៃទី​ ១៥ ខែ​មីនា នាវា ១៣ ​គ្រឿង​ បានមក​ដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ជាមួយ​នឹង​កុងតឺន័រ​ដឹក​សម្ភារ​កាត់ដេរ និង​ស្បែកជើង​ជាង​ ៩០០ ​ទូ​។

លោក​បាន​ថ្លែងថា​៖ «​កង្វះ​សម្ភារ​នឹងត្រូវ​បាន​ដោះស្រាយ​នៅ​ខែ​ខាងមុខ​នេះ ដោយសារ​តែ​ការកែលម្អ​ស្ថានការណ៍​នៅ​ប្រទេស​ចិន​។ ការបារម្ភ​ការឆ្ពោះ​ទៅមុខ​គឺ​ទីផ្សារ​នាំចេញ​របស់​យើង​គឺ​អាមេរិក និង​អឺរ៉ុប​ដែល​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយ​វីរុស​កូវីដ​១៩»​។

ការនាំចេញ​ទំនិញ​ធ្វើដំណើរ​របស់​កម្ពុជា​ទៅ​អាមេរិក​កាលពី​ឆ្នាំមុន​មាន​តម្លៃ​ ១,២ ​ពាន់​លាន​ដុល្លារ កើនឡើង​ ២ ​ដង​កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោង​តាម​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)​។

អាមេរិក​បន្ត​ក្នុង​ការធ្វើ​ជា​ប្រទេស​ទិញ​ឈានមុខ​គេ​នៃ​ទំនិញ​ធ្វើដំណើរ​កម្ពុជា ដែល​មាន​ចំនួន​ប្រហែល​ ៨០ ​ភាគរយ ​នៃ​ការនាំចេញ​ទាំងអស់​។

ធនាគារជាតិ​នៃ​កម្ពុជា​បាន​រាយការណ៍​ថា ប្រទេស​ កម្ពុជា​ បាន​នាំចេញ​ផលិតផល​មានតម្លៃ​ ១៤,៦៣ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំមុន​កើនឡើង​ ១២,៧ ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨ ខណៈ​ការ​នាំចូល​បាន​កើនឡើង​ដល់​ ២២,៣៤ ​ពាន់​លាន​ដុល្លារ ​កើនឡើង​ ១៨,៦ ​ភាគរយ​៕LA