ក្រុង​វ៉ាស៊ីនតោនៈ មន្រ្តី​របស់​ក្រុមហ៊ុន​ Boeing និងនិយតករ​សហព័ន្ធ នៅ​សប្ដាហ៍​ក្រោយ​​នឹង​ប្រឈម​ការ​ចោទ​សួរ​ដោយ​សភា​អាមេរិក​អំពី​ការ​ធ្លាក់ចុះ​យន្តហោះ​​ Boeing 737 MAX 8 ពីរ​គ្រឿង ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​​ខែ​ថ្មីៗ​នេះ។​

លោក Ted Cruz សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​​តិចសាស មក​ពី​គណបក្ស​សាធារណរដ្ឋ​ បាន​​អំពាវនាវ​​ឲ្យ​មាន​ការ​បើក​សវនាការ​មួយ​របស់​​អនុ​គណៈកម្មាធិការ​ពាណិជ្ជកម្ម​ទទួល​បន្ទុក​​អាកាស​ចរណ៍​ និង​អវកាស​ នៅ​ថ្ងៃ​ទី ​២៧ ​ខែ ​មីនា ជាមួយ​​​មន្ដ្រី​ក្រសួង​ដឹកជញ្ជូន​ចំនួន​ ៣ ​នាក់ ជា​ពិសេស​​ប្រធាន​ស្ដីទី​រដ្ឋបាល​អាកាស​ចរណ៍​សហព័ន្ធ​ (AFF)។

លោក​ Cruz មាន​បំណង​រៀបចំ​សវនាការ​លើក​ទី​២​ ដើម្បី​ចោទ​សួរ​មន្ដ្រី​របស់​ក្រុមហ៊ុន Boeing ព្រម​ទាំង​ក្រុម​អ្នក​បើកបរ​ និង​មនុស្ស​ផ្សេងៗ​ទៀត​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​។​ នេះ​បើ​​​សេចក្ដី​ប្រកាស​​ព័ត៌មាន។​

មនុស្ស​ជាង​ ៣០០ ​​នាក់​ បាន​​ស្លាប់​​ក្នុង​ការ​ធ្លាក់ចុះ​យន្តហោះ 737 MAX 8 ​ពីរ​គ្រឿង​នេះ ដែល​បាន​កើត​ឡើង​ភ្លាមៗ បន្ទាប់​ពី​ការ​ហោះ​ឡើង​ក្នុង​ប្រទេស ​ឥណ្ឌូនេស៊ី ​កាល​ពី​ខែ​តុលា​ និង​នៅ​​ប្រទេស ​អេត្យូពី ​កាល​ពី​ដើម​ខែ​នេះ​។​

ក្រុមហ៊ុន Boeing និង​រដ្ឋបាល FAA ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ដោយ​ក្រសួង​ដឹក​ជញ្ជូន ទាក់ទង​នឹង​ការ​ធ្វើ​ការងារ​​ក្នុង​ការ​ដាក់​​បង្ហាញ​​​យន្តហោះ​នេះ ជា​ពិសេស​​​ប្រព័ន្ធ​បង្ការ​ការ​រលត់​ម៉ាស៊ីន (M​CAS)​ ថ្មី​និង​​មាន​ការ​​​ជាប់​ទាក់ទង​នៅ​ក្នុង​ការ​ធ្លាក់ចុះ​យន្តហោះ​របស់​ក្រុមហ៊ុន​​ Lion Air កាល​ពី​ខែ​តុលា​។​

ក្រុម​អ្នក​បើកបរ​បាន​ត្អូញត្អែរ​ថា ពួកគេ​មិន​ត្រូវ​បាន​ជូន​ដំណឹង​​​​អំពី​​ប្រព័ន្ធ​ថ្មី​នេះ​ទេ ដែល​​​ប្រព័ន្ធ​នេះ​​អាច​បង្ខំ​ឲ្យ​ក្បាល​​យន្តហោះ​​​នេះ​សំយុង​ចុះ ​បើ​​វា​ទទួល​សញ្ញា​​​ដោយ​ភាន់​ច្រឡំ​​ពី​សេនស័រ​ ដែល​ធ្វើ​​ឲ្យ​វា​ហាក់​ដូច​ជា​ទទួល​សញ្ញា​ថា​ យន្តហោះ​នេះ​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​នៃការ​រលត់​ម៉ាស៊ីន៕ AFP/LA