
ទិដ្ឋភាពកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ) ដែលស្ថិតក្នុងខេត្តកណ្ដាល។ ហេង ជីវ័ន
ភ្នំពេញៈ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ) ដែលជាក្រុមហ៊ុនរដ្ឋចុះបញ្ជីបោះផ្សាយមូលបត្រកម្មសិទ្ធិនឹងរៀបចំកែលម្អប្លង់ចតទូកុងតឺន័រនៅលើទីលាននៃចំណតផែកុងតឺន័រ LM១៧ ដើម្បីដោះស្រាយបញ្ហាកកស្ទះការលើកដាក់ទំនិញចេញ-ចូលនាវាដោយតម្រូវឱ្យក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័រត្រូវបញ្ជាក់ឈ្មោះកំពង់ផែត្រូវឆ្លងកាត់ និងឈ្មោះក្រុមហ៊ុននាវាត្រូវដឹកនៅក្នុងប្រព័ន្ធ TOS របស់ ក.ស.ភ។
លោក ហ៊ឺ បាវី អគ្គនាយក ក.ស.ភ ផ្ញើជូនទៅក្រុមហ៊ុនដឹកជញ្ជូន បានឱ្យដឹងថា ការរៀបចំប្លង់ស្តុកទុកកុងតឺន័រនៅលើទីលាននៃចំណតផែកុងតឺន័រ LM១៧ នៅពុំទាន់មានប្រសិទ្ធភាពខ្ពស់ និងបង្កលក្ខណៈងាយស្រួលដល់ការលើកដាក់កុងតឺន័រចុះនាវានៅឡើយ។
សេចក្តីជូនដំណឹងបានបន្តថា កត្តានេះបានធ្វើឱ្យ ក.ស.ភ តែងតែជួបប្រទះបញ្ហាកកស្ទះនៅលើទីលាន និងការចំណាយខ្ពស់ដែលបណ្តាលមកពីប្រតិបត្តិការលើកដាក់កុងតឺន័រនៅលើទីលានច្រើនដង។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «[...] ក.ស.ភ ស្នើសុំការសហការពីក្រុមហ៊ុនដឹកជញ្ជូន (Shipping Lines) និងក្រុមហ៊ុននាវាផ្តល់ព័ត៌មានបន្ថែមអំពីឈ្មោះកំពង់ផែឆ្លងកាត់ដោយត្រូវបញ្ជាក់ឈ្មោះចំណតនៅកំពង់ផែនៃប្រទេសវៀតណាម និងឈ្មោះក្រុមហ៊ុននាវានៅក្នុង Booking Confirmation ឬ Booking Acknowledgement ដែលអ្នកបើកបរត្រូវប្រគល់ឯកសារនេះដល់បុគ្គលិករបស់ ក.ស.ភ នៅពេលដែលរថយន្តដឹកជញ្ជូន កុងតឺន័រទៅដល់ច្រកទ្វារនៃចំណត ផែកុងតឺន័រ LM១៧»។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ (LOBA) ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួននាពេលកន្លងមកមិនបានបំពេញគ្រប់លក្ខខណ្ឌតម្រូវរបស់ ក.ស.ភ មុននឹងដឹកទំនិញចូលកំពង់ផែនោះទេ។
លោកបញ្ជាក់ថា៖ «ប្រសិនបើមានការសហការគ្នាល្អបន្ថែមទៀត គេនឹងងាយស្រួលក្នុងការបែងចែកទូកុងតឺន័រដាក់នៅទីលានកំពង់ផែ ហើយវានឹងជួយកាត់បន្ថយការកកស្ទះនៅខាងក្រៅកំពង់ផែផងដែរ»។
សេចក្តីជូនដំណឹងរបស់ ក.ស.ភ បានឱ្យដឹងទៀតថា ដោយប្រព័ន្ធ TOS របស់ ក.ស.ភ បាននិងកំពុងកែសម្រួលទម្រង់ Booking Truck Call ថ្មី ដូចនេះ ជំហានដំបូង ក.ស.ភ ស្នើសុំក្រុមហ៊ុនជើងសាគយ ឬក្រុមហ៊ុនដឹកជញ្ជូនចូលរួមសហការការបញ្ជូនឈ្មោះកំពង់ផែឆ្លងកាត់នៅប្រទេសវៀតណាម។
ក.ស.ភ បានចាប់ផ្តើមអនុវត្តវិធានការថ្មីនេះចាប់ពីថ្ងៃទី ១៥ មីនា ឆ្នាំ ២០២១ ព្រមទាំងព្រមានគិតថ្លៃ Marshalling Fee ពីក្រុមហ៊ុនទាំងឡាយណាដែលមិនសហការ៕ LA