ភ្នំពេញ៖ កសិករ​ដាំ​មៀន​នៅ​ខេត្ត​បាត់ដំបង ​ដែល​ជា​ខេត្ត​ដាំដុះ​មៀន​ធំ​ជាង​គេ​មួយ​របស់​កម្ពុជា​កំពុង​ប្រឈម​នឹង​ធ្លាក់​ចុះ​តម្លៃ ​ខណៈ​ឈ្មួញ​ពី​ចិន​ និង​ថៃ ​បាន​កាត់​បន្ថយ​ការ​ទិញ​ដោយសារ​តែ​វិបត្តិ​វីរុស​កូរ៉ូណា។​

ផ្លែ​មៀន​ដែល​ដាំ​ភាគ​ច្រើន​នៅ​ខេត្ត​បាត់ដំបង ​និង​ខេត្ត​ប៉ៃលិន​ភាគ​ច្រើន​ត្រូវ​បាន​​នាំចេញ​ទៅ​​ចិន​ និង​ថៃ​ ខណៈ​នៅ​សល់​បាន​ប្រើប្រាស់​​ក្នុង​ស្រុក​។​

លោក​ គឹម ​ហួត ​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង​បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្ដិ៍​​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ថ្មី​ៗ​នេះ​ការ​នាំចេញ​ផ្លែ​មៀន​ទៅ​ប្រទេស ​ចិន ​តាមរយៈ​ប្រទេស ​ថៃ ​បាន​ថយ​ចុះ​ ​ដោយសារ​តែ​ផល​ប៉ះពាល់​​នៃ​​ការ​រីក​រាលដាល​វីរុស​កូវីដ ​១៩ ​ ដែល​ធ្វើ​ឲ្យ​តម្លៃ​បាន​ធ្លាក់​ចុះ​​ពី​ ៣ ៦០០ ​រៀល ​​ក្នុង​មួយ​គីឡូ​ក្រាម​កាល​ពី​ឆ្នាំ​មុន​មក​នៅ​ត្រឹម​ ២ ៥០០ ​រៀល ​​ក្នុង​មួយ​គីឡូ​ក្រាម​។​​ លោក​បាន​ថ្លែង​ថា​៖ «​​តម្លៃ​បាន​ធ្លាក់​ចុះ​​ដោយសារ​តែ​​ការ​បញ្ជា​ទិញ​របស់​ឈ្មួញ​ថៃ​ធ្លាក់​ចុះ»​។

លោក ​គឹម​ ហួត ​បាន​ឲ្យ​ដឹង​ថា ​ផ្ទៃ​ដី​ដាំ​ដុះ​មៀន​នៅ​​ខេត្ត​បាត់ដំបង​​មាន​ទំហំ​ ​៤ ២៧៩ ​​ហិកតា ​ជា​មធ្យម​ប្រមូល​ផល​បាន ​១៤ តោន​​ក្នុង ​១ ​ហិកតា​។ កាល​ពី​ឆ្នាំ​មុន ​កសិករ​​បាន​ប្រមូល​​ផល​ផ្លែ​មៀន​បាន​ ៥៤ ​៨៦៦ ​តោន​។​​

លោក ​អ៊ុង ​ប៊ុនលី ​កសិករ​ដាំ​មៀន​នៅ​ខេត្ត​បាត់ដំបង​លើ​​ផ្ទៃ​ដី​ទំហំ​ ​២០ ​ហិកតា ​បាន​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​ផ្លែ​មៀន​របស់​លោក​​លក់​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​តែ​ប៉ុណ្ណោះ ​ដោយសារ​តែ​​អតិថិជន​មក​ពី​ប្រទេស ថៃ​ ​កាត់​បន្ថយ​​ការ​បញ្ជា​ទិញ ​ដោយសារ​តែ​ការ​រីក​រាល​ដាល​វីរុស​កូវីដ ១៩​។​ ​លោក​បញ្ជាក់​ថា​​៖ «​​រដូវ​នេះ​​ខ្ញុំ​​មិន​មើល​ឃើញ​​អតិថិជន​ថៃ​ច្រើន​​មក​ទិញ​ផ្លែ​មៀន​​ពី​យើង​នោះ​ទេ។ ​ខ្ញុំ​​គិត​ថា ប្រទេស ​ចិន ​​កាត់​បន្ថយ​តម្រូវ​ការ​​ផ្លែ​មៀន​​ ដូច្នេះ​វា​មាន​ផល​ប៉ះពាល់​ដល់​​​ទីផ្សារ​របស់​យើង​។​​ ​បើ​​កម្ពុជា​​​មាន​រោងចក្រ​កែច្នៃ​ និង​វេចខ្ចប់​​ ​យើង​នឹង​​មិន​​​ពឹង​ផ្អែក​លើ​អតិថិជន​ថៃ​ទៀត​ទេ​»​។​​

ទោះបី​យ៉ាង​នេះ​សម្រាប់​ខេត្ត​ប៉ៃលិន​កសិករ​នៅ​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​កសិកម្ម​ផ្លែ​មៀន​​នេះ ​ដដែល​ទោះបី​​មាន​ការ​​ប្រឈម​នឹង​បញ្ហា​កូវីដ ​១៩ ​ក៏​ដោយ ​ព្រោះ​សហគមន៍​មៀន​នៅ​ខេត្ត​ប៉ៃលិន​បាន​ធ្វើ​កិច្ច​សន្យា​កសិកម្ម​ជាមួយ​នឹង​ក្រុមហ៊ុន​បញ្ជា​ទិញ​។

លោក ​ស្រេង ​ស្រ៊ាង ​កសិករ​ដាំមៀន​ និង​ជា​សមាជិក​សហគមន៍​កសិករ​មៀន​ប៉ៃលិន​បាន​​ឲ្យ​ដឹង​ថា ​ការ​ធ្វើ​កសិកម្ម​តាម​កិច្ច​សន្យា​​បាន​រក្សា​តម្លៃ​ផ្លែ​មៀន​​ប៉ៃលិន​​មាន​ស្ថិរភាព​​​ប្រហែល​ ​៣ ០០០ រៀល ​​ក្នុង ​១ ​គីឡូ​ក្រាម​។ បច្ចុប្បន្ន​លោក​បាន​​លក់​​​​ផ្លែ​មៀន​ប្រហែល​ ​១៥ តោន​​​រួច​ហើយ​​។​ លោក​លើក​ឡើង​ថា​៖ «​ការ​ធ្វើ​​កសិកម្ម​តាម​កិច្ច​សន្យា​​បាន​ជួយ​រក្សា​តម្លៃ​របស់​យើង​»។​​

លោក​ អ៊ុន​ ថេង​ សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​សហគមន៍​កសិករ​មៀន​ប៉ៃលិន​បាន​ឲ្យ​ដឹង​ថា ​ភាគ​ច្រើន​​ផ្លែ​មៀន​ប៉ៃលិន​ ត្រូវ​បាន​នាំចេញ​ទៅ​​ប្រទេស ​ថៃ ដែល​​ផ្លែ​មៀន​នេះ​ត្រូវ​បាន​កែច្នៃ​​ និង​វេចខ្ចប់​សម្រាប់​ការ​នាំចេញ​ទៅ​​ចិន​។​​​

លោក​​បន្ត​ថា ​ជា​រៀងរាល់​ឆ្នាំ ការ​នាំចេញ​ផ្លែ​មៀន​​ប៉ៃលិន​​ទៅ​ប្រទេស ​ចិន ​មាន​ប្រហែល ​៨ ០០០ ​​តោន​ តាមរយៈ​ប្រទេស ​ថៃ​។​ លោក​បន្ថែម​ថា ​កសិដ្ឋាន​ដាំ​ដុះ​មៀន​នៅ​ខេត្ត​ប៉ៃលិន​ មាន​ប្រហែល ​៩០០ ​​ហិកតា។​​​​

ប៉ៃលិន​ និង​ខេត្ត​បាត់ដំបង​ជា​ទីតាំង​ដាំដុះ​ផ្លែ​មៀន​ធំ​ជាង​គេ​ក្នុង​ប្រទេស​ដែល​មាន​រហូត​ដល់​​ជិត ​៨០ ​ភាគរយ នៃ​ផ្ទៃ​​ដី​ដាំដុះ​សរុប​ទូទាំង​ប្រទេស​៕​​LA