ប៉ៃលិនៈ កសិករនៅខេត្តប៉ៃលិនបានបន្តពង្រីកការដាំដុះដើមមៀន ពួកគេមើលឃើញពីការទទួលបានផលច្រើនពី ផ្លែឈើនេះ។ នេះបើយោងតាមអនុប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន។
លោក អ៊ឹម សុភឿន អនុប្រធានមន្ទីរកសិកម្មខេត្ត បានឲ្យដឹងថា ផ្លែមៀនត្រូវបានចាត់ទុកជាផលិតផលកសិកម្មដ៏សំខាន់នៅក្នុងខេត្តនេះ។
តួលេខបានពីមន្ទីរកសិកម្មខេត្ត បានបង្ហាញថា កសិករបានបង្កើនការដាំដុះដើមមៀនដល់ ៣ ៩៨៣,៥ ហិកតាកាលពីឆ្នាំ ២០១៨ កើនឡើង ២៤,៤ ភាគរយធៀបនឹង ៣ ២០១ ហិកតាកាលពីឆ្នាំ ២០១៧។ របាយការណ៍នេះបង្ហាញថា កាលពីឆ្នាំមុន ទិន្នផលសរុបបានកើនឡើងដល់ ៣ ៩៩៧ តោន ដែលលក់ក្នុងតម្លៃ ១ ដុល្លារក្នុង ១ គីឡូក្រាម។
លោកបានថ្លែងថា៖ «បើធៀបនឹងផ្លែឈើផ្សេង ផ្លែមៀនរកប្រាក់ចំណូលបានប្រសើរជាងផ្លែឈើផ្សេងទៀត»។ លោកបន្តថា៖ «ប៉ុន្តែ បច្ចុប្បន្នផ្លែឈើនេះនៅតែនាំចេញក្រៅផ្លូវការទៅប្រទេសថៃ ខណៈទិសដៅចុងក្រោយគឺប្រទេស ចិន»។
លោក អ៊ឹ សុភឿន បានឲ្យដឹងថា ភូតគាមអនាម័យនៅតែជាបញ្ហាប្រឈមសម្រាប់ផ្លែឈើនេះ ដើម្បីទាក់ទាញក្រុមវិនិយោគិនផ្ទាល់ចូលមកវិនិយោគ។ លោកបញ្ជាក់ថា៖ «ប្រសិនបើយើងអាចដោះស្រាយបញ្ហានេះបាន យើងនឹងទាក់ទាញក្រុមវិនិយោគិនជាច្រើន និងបន្ថែមចង្វាក់តម្លៃកាន់តែច្រើន»។
លោក អ៊ុន ថេង អនុប្រធានសហករណ៍ផលិតផលផ្លែមៀនប៉ៃលិន បានឲ្យដឹងថា ទោះបីជាតម្លៃរក្សាស្ថិរភាពរហូតដល់ពេលនេះក៏ដោយ ក៏បញ្ហាប្រឈមសម្រាប់វិស័យនេះគឺទីផ្សារ និងអាកាសធាតុ។
លោកថ្លែងថា៖ «យើងរកប្រាក់ចំណេញបានល្អ អ្នកទិញរបស់យើងគឺ ប្រទេស ចិន ដែលតាមរយៈប្រទេស ថៃ ដូច្នេះវាមានការបារម្ភបន្តិចបន្តួច សម្រាប់ពួកយើង ប្រសិនបើព្រំដែនត្រូវបានបិទ នៅពេលនោះយើងនឹងប្រឈមនឹងវិបត្តិ»។
លោកបន្តថា៖ «ប្រសិនបើយើងអាចគ្រប់គ្រងទីផ្សារប្រកបដោយស្ថិរភាព និងមានទឹកស្រោចស្រពត្រឹមត្រូវសម្រាប់កសិដ្ឋាន យើងរកប្រាក់ចំណេញបានច្រើន និងលើកកម្ពស់កំណើនសេដ្ឋកិច្ចរបស់យើង»។
សហករណ៍ផលិតផលផ្លែមៀនប៉ៃលិន មានសមាជិក ២៣៦ គ្រួសារ ដែលកាន់កាប់ផ្ទៃដី ៩៩០ ហិកតា។ កាលពីឆ្នាំមុន សហករណ៍នេះផលិតផ្លែមៀនបាន ៣ ៥០០ តោន និងរំពឹងថា នឹងផលិតបានរហូតដល់ ៧ ០០០ តោន សម្រាប់ឆ្នាំនេះ។ លោកលើកឡើងថា៖ «អ្នកទិញជាជនជាតិចិនបានបង្កើតការិយាល័យរួចហើយ ដើម្បីទិញពីពួកយើងទាំងអស់ក្នុងតម្លៃល្អ»។
លោក ស្រេង ស្រៀង កសិករដាំមៀនមួយរូប ដែលមានផ្ទៃដីដាំដុះ ៧,៥ ហិកតា សប្បាយរីករាយជាមួយទីផ្សារបច្ចុប្បន្ន ដោយថ្លែងថា លោកនឹងប្រមូលផលបាន ២៧ តោន នៅក្នុងរដូវប្រមូលផលនេះ ខណៈឆ្នាំមុនលោកទទួលបាន ១៨ តោន។
លោកបញ្ជាក់ថា៖ «ចម្ការមៀន ផ្ដល់ប្រាក់ចំណេញច្រើនជាងផ្លែឈើផ្សេង ប្រសិនបើយើងអនុវត្តតាមការណែនាំ និងបច្ចេកទេសដាំដុះ បន្ទាប់មកយើងទទួលបានផលិតផល និងប្រាក់ចំណេញខ្ពស់»។
លោកបន្តថា៖ «ខ្ញុំរីករាយនឹងតម្លៃពេលនេះ វាមិនត្រូវការរយៈពេលយូរនោះទេ ពេលនេះខ្ញុំយកចិត្តទុកដាក់កាន់តែខ្លាំងលើទឹក ដោយសារវាជារដូវប្រាំង»៕LA