The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កសិករ​ចង់​មាន​សមាគម​ទុរេន​ឲ្យ​បាន​ឆាប់

កសិករ​ចង់​មាន​សមាគម​ទុរេន​ឲ្យ​បាន​ឆាប់

កសិករ​ចង់​មាន​សមាគម​ទុរេន​ឲ្យ​បាន​ឆាប់

Content image - Phnom Penh Post

កំពតៈ លោក អ៊ឹង អ៊ុយឃាម ម្ចាស់​ចម្ការ​ទុរេន​ត​ជំនាន់​ក្នុង​ខេត្ត កំពត និយាយ​ក្នុង​ទឹក​មុខ​ប្រកប​ដោយ​មោទភាព​ថា «ទុរេន​គឺជា​ស្តេច​នៃ​ផ្លែឈើ»។ ដើរ​បណ្តើរ​និយាយ​បណ្តើរ​លោក​បន្ថែម​ថា «នរណា​ក៏​ស្គាល់​ទុរេន កំពត ដែរ។ រសជាតិ​ឆ្ងាញ់​លើស​គេ»។

លោក អ៊ឹង អ៊ុយឃាម ចាប់​ផ្តើម​ដាំ​ដុះ​ដំណាំ​ទុរេន​លើ​ដី​ចម្ការ​កន្លះ​ហិកតា ក្នុង​ស្រុក ទឹកឈូ ជា​កេរ​មរតក​ដែល​ផ្តល់​ដោយ​ឪពុក​ម្តាយ​របស់​លោក​តាំង​ពី​ឆ្នាំ ១៩៨៩។ លោក​ទើប​តែ​ពង្រីក​ផ្ទៃ​ដី​ដាំ​ដុះ​រហូត​ដល់​មួយ​ហិកតា ដោយ​រំពឹង​ថា នឹង​អាច​ប្រមូល​ផល​ទុរេន​ពេញ​លេញ​នៅ​ក្នុង ៥ឆ្នាំ​ខាង​មុខ។

សព្វ​ថ្ងៃ​លោក​មាន​ទុរេន​ចំនួន ១៣០ ដើម ហើយ​ទទួល​បាន​ប្រាក់​ចំណូល​ពី ៤ ០០០ ទៅ ៥ ០០០ ដុល្លារ​ក្នុង​មួយ​រដូវ​ប្រមូល​ផល​ដែល​ចាប់​ផ្តើម​ពីខែ ឧសភា ដល់​ខែ កក្កដា។

កសិករ​ត្រូវ​រង់ចាំ​រយៈ​ពេល ៥ ទៅ ៦ឆ្នាំ ទំរាំ​ទុរេន​ឲ្យ​ផ្លែ។ ទុរេន​មួយ​ដើម​ផ្តល់​ផ្លែ ពី ៧០ ទៅ ៨០ ផ្លែ គិត​ជា​មធ្យម​ប្រហែល ១៥០ គីឡូក្រាម​ក្នុង​មួយ​រដូវ។ ទុរេន កំពត ត្រូវ​បាន​គេ​ដាក់​លក់​ក្នុង​តម្លៃ​ពី ៤ ទៅ ៥ ដុល្លារ​នៅ​ដើម​រដូវ ហើយ​តម្លៃ​នឹង​ចុះ​មក​ត្រឹម ២ ទៅ ៣ ដុល្លារ​នៅ​ក្នុង​រដូវ​ប្រមូល​ផល​បាន​ច្រើន។

ឆ្លើយ​តប​នឹង​សំណួរ​ដែល​ថា​តើ​ទុរេន កំពត មាន​លក្ខណៈ​ខុស​ពី​ទុរេន​នៅ​តំបន់​ដទៃ​ដូចម្តេច​នោះ លោក អ៊ឹង អ៊ុយឃាម ដែល​ធំ​ធាត់​ឡើង​ជាមួយ​ដំណាំ​ទុរេន​នោះ​បាន​ឲ្យ​ដឹង​ថា៖ «ដោយ​សារ​គុណភាព​ដី និង​អាកាសធាតុ​នៅ​តំបន់​នេះ​បង្កើត​រសជាតិ​ទុរេន​ដែល​តំបន់​ផ្សេង​មិន​មាន។ សាច់​ទុរេន កំពត ទន់​ស្អិត​ល្មួត ហើយ​ផ្អែម​ទៀត។ ខុស​ពី​ទុរេន​នៅ​តំបន់​ផ្សេង​ដែល​សាច់​មិន​ល្មួត​ហើយ​ដុំៗ មិន​សូវ​ផ្អែម»។

បើ​តាម លោក អ៊ឹង អ៊ុយឃាម ដំណាំ​ទុរេន​មាន​វត្តមាន​នៅ​ក្នុង​ខេត្ត កំពត តាំង​ពី​អំឡុង​ឆ្នាំ ១៩២០ កំឡុង​សម័យ​អាណានិគម បារាំង មក​ម៉្លេះ។ លោក​ថា ដាំ​ទុរេន​នេះ​ត្រូវ​បាន​ដាំ​ដំបូង​នៅ​លើ​ទឹក​ដី កំពត នេះ ដោយ​ដូនតា​របស់​លោក​ដែល​មាន​ដើម​កំណើត​ពី​ប្រទេស ចិន។ ជំនាញ​ដាំ​ទុរេន​នេះ​ត្រូវ​បាន​បន្ត​មក​ឲ្យ​ជីតា​របស់​លោក បន្ទាប់​មក​ឪពុក​របស់​លោក។

ដោយ​សារ​កេរ្តិ៍​ឈ្មោះ​នៃ​រសជាតិ និង​គុណភាព​ល្បី​ល្បាញ​ជា​យូរ​ណាស់​មក​ហើយ​ទុរេន កំពត កំពុង​ត្រូវ​បាន​ក្រសួង ពាណិជ្ជកម្ម គ្រោង​នឹង​ដាក់​បញ្ចូល​ទុរេន​ទៅ​ក្នុង​ផលិតផល សម្គាល់​ទីតាំង​ភូមិសាស្រ្ត (G.I) បន្ទាប់​ពី​ផលិតផល​ស្ករ​ត្នោត កំពង់ស្ពឺ និង​ម្រេច កំពត ជា​ផលិតផល កម្ពុជា ដំបូង​គេ​ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​ដោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជា​ទំនិញ​សម្គាល់​ភូមិសាស្រ្ត​កាល​ពី​ឆ្នាំ ២០១០។

ម្រេច កំពត និង​ស្ករ​ត្នោត កំពង់ស្ពឺ កំពុង​តែ​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​នៃ​សហភាព​អឺរ៉ុប អាមេរិក កូរ៉េ ចិន ជប៉ុន បារាំង និង អង់គ្លេស ជាដើម ក្នុង​តម្លៃ​ខ្ពស់​មួយ។

កាល​ពី​ថ្ងៃ​អង្គារ​ក្រសួង ពាណិជ្ជកម្ម បាន​ចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​ផលិតផល​សក្តានុពល​ចំនួន ២២ មុខ​ក្នុង​ផែនការ​ដាក់​បញ្ចូល​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​នៅ​លើ​ទំព័រ ហ្វេសប៊ុក ជា​ផ្លូវ​ការ​របស់​ខ្លួន។

អ្នក​នាំ​ពាក្យ​ប្រចាំ​ក្រសួង ពាណិជ្ជកម្ម លោក កែន រដ្ឋា បាន​ឲ្យ​ដឹង​ថា៖ «មាន​ផលិតផល​ជា​ច្រើន​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា មាន​សក្តានុពល។ ទុរេន​ត្រូវ​បាន​ជ្រើសរើស​បញ្ជូល​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​បន្ទាប់​ពី​ស្ករ​ត្នោត កំពង់ស្ពឺ និង​ម្រេច កំពត ព្រោះ ឈ្មោះ​ទុរេន កំពត កំពុង​ត្រូវ​បាន​គេ​ក្លែង​បន្លំ​នៅ​គ្រប់​ទីកន្លែង​នៃ​ប្រទេស កម្ពុជា មិន​មែន​មាន​តែ​នៅ​ទីក្រុង ភ្នំពេញ នោះ​ទេ តែ​ក៏​កើត​មាន​ក្នុង​ខេត្ត កំពត ផង​ដែរ»។

លោក​បន្ត​ថា៖ «មាន​ទុរេន​មួយ​ចំនួន​ធំ​ដែល​ត្រូវ​បាន​នាំ​ចូល​ពី ថៃ និង វៀតណាម ដាក់​លក់​បន្លំ​ថា ជា​ទុរេន កំពត ក្នុង​តម្លៃ​ដែល​ថ្លៃ​មួយ។ ដូច្នេះ​ដើម្បី​ការពារ​កេរ្តិ៍​ឈ្មោះ​ដំណាំ​ទុរេន កំពត និង​ជួយ​លើក​ទឹក​ចិត្ត​កសិករ​ដែល​ដាំ​ទុរេន។ យើង​ចាំ​បាច់​ធ្វើ​ការ​ការពារ និង​ផ្សព្វ​ផ្សាយ​អំពី​ដំណាំ​ទុរេន​នេះ»។

20140228_13
កសិករ អឹុង អ៊ុយ ឃាម ម្ចាស់ចម្ការទុរេន នៅស្រុកទឹកឈូ ខេត្តកំពត មកពិនិត្យមើលដើមទុរេនក្នុងចម្ការរបស់លោក Marta Soszynska

លោក កែន រដ្ឋា បន្ថែម​ថា គោល​បំណង​នៃ​ការ​បញ្ជូល​ផលិតផល​ខាង​លើ​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​គឺ​ដើម្បី​ការពារ​ម៉ាក​ផលិតផល​តាម​ភូមិសាស្ត្រ​ប្រភព​ដើម​និង​គុណភាព ផលិតផល​ខ្មែរ​ក៏​ដូចជា​លើក​កម្ពស់​ការ​ផលិត​របស់​កសិករ និង​អ្នក​ផលិត​ផង​ដែរ។

បើ​តាម​លោក ចាន់ ចេស្តា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត កំពត នៅ​ទូទាំង​ខេត្ត កំពត មាន​ផ្ទៃ​ដី​ដាំ​ដុះ​ដំណាំ​ទុរេន​សរុប​បាន​កើន​ពី ៨៧៥ ហិកតា​ក្នុង​ឆ្នាំ ២០១២ ទៅ​ដល់ ៩៨៧ ហិកតា​គិត​ត្រឹម​ឆ្នាំ ២០១៤ ហើយ​មាន ១ ២៥៦ គ្រួសារ​ជា​កសិករ​ដាំ​ទុរេន កំពត។

ពាក់ព័ន្ធ​នឹង​ផែនការ​ដាក់​ទុរេន កំពត ជា​ដំណាំ​សម្គាល់​ភូមិសាស្រ្ត​លោក ចាន់ ចេស្តា និយាយ​ថា មន្ទីរ​កសិកម្ម​ខេត្ត កំពត តាម​រយៈ​កម្មវិធី Cavac ក្រោម​ជំនួញ​ហរិញ្ញវត្ថុ​របស់​រដ្ឋាភិបាល អូស្ត្រាលី កំពុង​ជំរុញ​ការងារ​នេះ។ លោក​ថា៖ «យើង​កំពុង​សាកល្បង​ចង​ក្រង​កសិករ។ ពួក​គាត់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការងារ​បច្ចេកទេស​ដាំដុះ។ ដល់​ពេល​នេះ បាន ១០ ក្រុម​ហើយ ក្នុង​មួយ​ក្រុម​មាន ៣០នាក់។ បើ​ការ​សាកល្បង​នេះ​ជោគជ័យ យើង​នឹង​បង្កើត​ជា​សមាគម»។

បើ​តាម​លោក កែន រដ្ឋា ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ​ផលិតផល​សម្គាល់​ភូមិសាស្រ្ត​ទំនិញ កសិករ​ឬ​ផលិតករ​ទាំង​ឡាយ​ជា​ដំបូង​ត្រូវ​ចងក្រង​ជា​សមាគម​ជា​មុន​សិន ហើយ​សមាគម​នោះ​គួរ​តែ​ជា​អង្គភាព​មិន​រក​ប្រាក់​ចំណេញ។ បន្ទាប់​មក​ត្រូវ​កំណត់​លក្ខណៈ​ជា​ពិសេស​នៃ​ទុរេន កំពត និង​របៀប​ដែល​បែង​ចែក​ភាព​ខុស​គ្នា​រវាង​ទុរេន កំពត និង​ទុរេន​ដទៃ​ទៀត។

លោក​បន្ត​ថា កសិករ ឬ​ផលិតករ មាន​នាទី​ក្នុង​ការ​បង្កើត​សៀវភៅ​បន្ទុក​ដែល​បញ្ជាក់​ពី​របៀប​ដាំ​ដុះ ការ​ថែទាំ តំបន់​កំណត់ និង​ផែនការ​ត្រួត​ពិនិត្យ​ជាដើម។ ក្រៅ​ពី​នេះ សមាគម​ត្រូវ​កំណត់​អ្នក​ត្រួត​ពិនិត្យ​ពី​ខាង​ក្រៅ​ប្រចាំ​ឆ្នាំ​ដើម្បី​ធានា​បាន​នូវ​ការ​អនុវត្ត​ការ​ដាំដុះ​ដែល​មាន​ចែង​ក្នុង​សៀវភៅ​បន្ទុក។ ជំហាន​ចុង​ក្រោយ​គឺ​ដាក់​សំណើ​ទៅ​ក្រសួង ពាណិជ្ជកម្ម។

បច្ចុប្បន្ន ទិន្នផល​ទុរេន កំពត មិន​ទាន់​អាច​ផ្គត់​ផ្គង់​ដល់​តម្រូវ​ការ​ទីផ្សារ​ក្នុង​ស្រុក​បាន​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ។ ក្រៅ​ពី​ខេត្ត កំពត ទុរេន​តាម​ទីផ្សារ​ក្នុង​ស្រុក​មាន​ប្រភព​មក​ពី​ខេត្ត កំពង់ចាម និង​មួយ​ចំនួន​ធំ​ត្រូវ​បាន​គេ​អះអាង​ថា នាំ​ចូល​មក​ពី​ប្រទេស ថៃ និង វៀតណាម។

អ្នក​ស្រី រូវ ស៊ូន ម្ចាស់​ចម្ការ​ទុរេន​ចំនួន ៥០ ដើម​ដែល​ដាំ​ដុះ​នៅ​លើ​ដី​កន្លះ​ហិកតា​នៅ​ស្រុក ទឹកឈូ តាំង​ពី​ឆ្នាំ ១៩៩៤ មក​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​មាន​អាជីវករ​ជាច្រើន​កំពុង​ក្លែង​បន្លំ​ទុរេន​នាំ​ចូល​ពី​ប្រទេស ថៃ និង វៀតណាម ថា ជា​ទុរេន កំពត។ កត្តា​នេះ​បាន​និង​កំពុង​បន្ទាប​តម្លៃ​ទុរេន កំពត ពិត​ប្រាកដ​ដែល​អ្នក​ស្រី​មាន​ក្នុង​ចម្ការ។

អ្នក​ស្រី​ថ្លែង​ថា៖ «ពិបាក​លក់​ណាស់។ ទុរេន​នាំ​ចូល​មក​គេ​ទិញ​មក​តែ ៥ ០០០ រៀល គេ​លក់​បាន​រហូត​ដល់​មួយ​ម៉ឺន​រៀល។ កសិករ​យើង​ដាំ​ខ្លួន​ឯង​ចាយ​ទុន​ច្រើន​ត្រូវ​បង្ខំ​លក់​ក្នុង​តម្លៃ​ដូច​គេ​ដែរ។ ដាំ​ណាំ​ទុរេន​ពិបាក​ថែ​ណាស់ យើង​ប្រើ​តែ​ជី​ធម្មជាតិ​ទៀត​ចាយ​ទុន​ច្រើន​ចំណាយ​លើ​ប្រេង​សាំង​ក្នុង​ការ​បូម​ទឹក​ស្រោច​ដើម មួយ​ខែៗ​អស់​ច្រើន​ណាស់»។

ដោយ​មាន​ឈាម​ជ័រ​ជា​អ្នក​ដាំ​ទុរេន​ត​ពី​ជំនាន់​ម្តាយ​អ្នក​ស្រី រូវ ស៊ូន ដែល​មាន​តូប​លក់​ទុរេន​មួយ​នៅ​រមណីយដ្ឋាន ទឹកឈូ នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​ស្រី​ចង់​ឲ្យ​មាន​សមាគម​កសិករ​ទុរេន​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ។

អ្នក​ស្រី បន្ត​ថា៖ «ខ្ញុំ​ចង់​ឲ្យ​តែ​គេ​បង្កើត​សមាគម​ហ្នឹង។ ដល់​ពេល​នោះ​មិន​មាន​អ្នក​ណា​អាច​បន្លំ​ទុរេន កំពត ទេ ហើយ​យើង​ក៏​លក់​បាន​ស្រួល​ជាង​មុន​ដែរ។ យើង​នឹង​មិន​ភ័យ​ពី​ការ​ប្រជែង​ទេ»។

លោក អ៊ឹង អ៊ុយ ឃាម ក៏​ដូចជា អ្នក​ស្រី រូវ ស៊ូន កំពុង​រង់​ចាំ​វិញ្ញាបនបត្រ​ផលិតផល​សម្គាល់​ភូមិសាស្រ្ត​ទំនិញ​សម្រាប់​ដំណាំ​ទុរេន កំពត។

លោក អ៊ឹង អ៊ុយឃាម ដែល​បាន​ចំណាយ​ប្រាក់​រាប់​ពាន់​ដុល្លារ​ក្នុង​ការ​ពង្រីក​ផ្ទៃ​ដី​ដាំដុះ​របស់​លោក​បាន​និយាយ​ថា៖ «កាល​ពី​មុន ឪពុក​ម្តាយ​ខ្ញុំ​ដាំ​ទុរេន​តែ ៣០ ដើម​ទេ តែ​គាត់​ចិញ្ចឹម​កូន ១៤ នាក់​រស់​បាន​ស្រួល តែ​សព្វ​ថ្ងៃ​នេះ​ខ្ញុំ​ត្រូវ​តែ​ដាំ​ឲ្យ​ច្រើន​ទើប​រក​ចំណូល​បាន​គ្រប់»។

លោក​ថា វិញ្ញាបនបត្រ​ផលិតផល​សម្គាល់​ភូមិសាស្រ្ត​ទំនិញ​សម្រាប់​ដំណាំ​ទុរេន កំពត ជា​ដំណឹង​ល្អ​សម្រាប់​កសិករ​ដូចជា​លោក ហើយ​ថា វិញ្ញាបនបត្រ​នេះ​នឹង​ជួយ​ឲ្យ​ទុរេន កំពត រឹត​តែ​មាន​តម្លៃ​នៅ​ទីផ្សារ៕

អត្ថបទគួរចាប់អារម្មណ៍