ភ្នំពេញៈ កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ ១៦ ​កន្លែង​បន្ថែម​ទៀត​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អនុសញ្ញា​អន្តរជាតិ​ដែល​ជា​អនុសញ្ញា​ដើម្បី​ការ​នាំ​ចេញ​ដោយ​ស្រប​ច្បាប់​ទៅ​ទីផ្សារ​អន្តរជាតិ​។ នេះ​បើ​យោង​តាម​លោក អិន ហ៊ល អនុប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​នៅ​ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​។

លោក ហ៊ល បាន​ឲ្យ​ដឹង​ថា​មាន​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ប្រហែល ៧០០ ​កន្លែង​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​នោះ​មាន​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ ៤៤៥ កន្លែង​ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្រសួង​កសិកម្ម​។

ការទទួល​ស្គាល់​ពី​អនុសញ្ញា Cites នូវ​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ ១៦ ​កន្លែង​ថ្មីៗ​នេះ​របស់​កម្ពុជា​បាន​ធ្វើឲ្យ​ចំនួន​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​សរុប​នៅ​កម្ពុជា​ដែល​ទទួល​ស្គាល់​ដោយ​ Cites បាន​កើនឡើង​ដល់​ ២១ ​កន្លែង​ដែល​អាច​ជួញដូរ​ស្បែក​ក្រពើ​ទៅ​ទីផ្សារ​អន្តរជាតិ​ដោយ​ស្រប​ច្បាប់​។ លោក​បាន​ថ្លែង​ថា​៖ «​ការទទួល​ស្គាល់​ដោយ Cites មាន​សារៈសំខាន់​សម្រាប់​ឧស្សាហកម្ម​ក្រពើ​ដែល​វា​នឹង​ជួយ​ធ្វើឲ្យ​ទីផ្សារ​មាន​ស្ថិរភាព ហើយ​កសិករ​អាច​បន្ថែម​តម្លៃ​លើ​ការនាំ​ចេញ​បាន​»​។

លោក​បន្ថែម​ថា កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ទ្រង់ទ្រាយ​ធំៗ​មាន​ទីតាំង​នៅ​ខេត្ត​សៀមរាប បាត់ដំបង កំពង់ធំ កំពង់ឆ្នាំង បន្ទាយមានជ័យ កណ្ដាល ពោធិ៍សាត់ ដែល​បាន​ប៉ាន់​ប្រមាណ​មាន​ក្រពើ​ធំ​ជាង ២០ ០០០ ​ក្បាល និង​កូន​ក្រពើ​មាន​ចំនួន ៣០០- ០០០ ​ក្បាល​។

លោក​បន្ត​ថា​៖ «​ក្រពើ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ប្រភេទ​សត្វ​ដែល​ងាយ​រងគ្រោះ​ដូច្នេះ​អង្គការ Cites គាំទ្រ​សម្រាប់​ការពារ ហើយ​និង​បញ្ជាក់​កូតា​ក្រពើ​របស់​យើង​សម្រាប់​ការនាំ​ចេញ​ដើម្បី​បន្ត​ការការពារ​ដល់​ការ​នាំ​ចេញ​»​។

លោក​បាន​ថ្លែង​ថា​៖ «​កសិករ​ចិញ្ចឹម​ក្រពើ​ភាគច្រើន​ចង់​លក់​កូន​ក្រពើ​ជា​ជាង​លក់​ស្បែក ដោយសារ​សមត្ថភាព និង​បច្ចេកទេស​អ្នក​ចិញ្ចឹម​នៅមាន​កម្រិត​»​។

លោក​បាន​បន្ថែម​ថា​ទីផ្សារ​ក្រពើ​ភាគច្រើន​គឺ​ប្រទេស​ថៃ និង​វៀតណាម​។

លោក លី ហ្វេន កសិករ​ចិញ្ចឹម​ក្រពើ​នៅ​ឃុំ​ក្របី​រៀល ស្រុក​សៀមរាប ខេត្ត​សៀមរាប​ដែល​ជា​កសិករ​មួយ​រូប​ក្នុង​ចំណោម​កសិករ​ចិញ្ចឹម​ក្រពើ​ ១៦ ​រូប​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ Cites បាន​ថ្លែង​ថា លោក​កំពុង​ស្វែងរក​ការនាំចេញ​លើក​ដំបូង​ទៅ​ប្រទេស​ថៃ​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ​។

លោក​បាន​ថ្លែង​ថា​៖ «​នេះ​គឺជា​អ្វី​ដែល​ខ្ញុំ​កំពុង​រង់ចាំ ខ្ញុំ​នឹង​នាំចេញ​កូន​ក្រពើ​របស់​ខ្ញុំ​ទៅ​ប្រទេស​ថៃ​នៅ​ខែ​មិថុនា ហើយ​កំពុង​ស្វែងរក​វិនិយោគិន​ជនជាតិចិន​សម្រាប់​ការពង្រីក​កសិដ្ឋាន​របស់​ខ្ញុំ ដោយសារ​តែ​ខ្ញុំ​ត្រូវ​បាន​ផ្ដល់​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ដោយ​អង្គការ Cites ដែល​ខ្ញុំ​អាច​ជួញដូរ​ជា​ផ្លូវការ​បាន​»​។

លោក​បាន​បន្ត​ទៀត​ថា បច្ចុប្បន្ន​កូន​ក្រពើ​មាន​តម្លៃ​ចាប់ពី ១៣ ដុល្លារ​ទៅ ១៥ ដុល្លារ​សម្រាប់​កូន​ក្រពើ​អាយុ​មួយ​ខែ​ហើយ​លោក​មាន​ក្រពើ​មេ ២ ០០០ ​ក្បាល ដែល​អាច​បង្កើត​កូន​ក្រពើ​បាន​ ១២ ០០០ ​ក្បាល​ក្នុង​ ១ ​ឆ្នាំ​៕ LA