ក្រុងអូតាវ៉ាៈ នាយករដ្ឋមន្ត្រី​ប្រទេស​កាណាដា​លោក Justin Trudeau កាលពី​ថ្ងៃ​សុក្រ​បាន​ប្រកាស​នូវ​ស៊េរី​វិធានការ (Series of Measures) ដើម្បី​បង្កើន​ការស្រោចស្រង់​សេដ្ឋកិច្ចជាតិ​កាណាដា​ដែល​ជា​ចំនួន​ស្ទើរ​ទ្វេដង​នៃ​ចំនួន​ដែល​បាន​សន្យា​ក្នុង​រយៈពេល​​ ២ ​ថ្ងៃមុន​ដោយមាន​ប្រាក់​ដល់​ទៅ ២០០ ​ពាន់​លាន​ដុល្លារ​កាណាដា​។

វិធានការ​នោះ​មាន​រួមបញ្ចូល​ទាំង​ការឧបត្ថម្ភធន​លើ​ប្រាក់ខែ​ចំនួន ៧៥ ​ភាគរយ​ ដល់​បុគ្គលិក​សហគ្រាស​ខ្នាតតូច និង​មធ្យម​ដែល​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​វីរុស​កូរ៉ូណា និង​ការផ្តល់ជូន​ច្រើន​ទៀត​ដូចជា ការពន្យារ​ការបង់ពន្ធ ការបង់​ឥណទាន និង​ការផ្តល់​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​ដល់​អាជីវកម្ម​ក្នុង​ប្រទេស​កាណាដា​ជាដើម​។

ធនាគារ​កាណាដា​កំពុង​ទម្លាក់​ការប្រាក់​គោល​នៅត្រឹម ០,២៥ ភាគរយ​ ដែលជា​ផ្នែក​មួយ​នៃ​ការបន្ថយ​ផលប៉ះពាល់​នៃ​ការ​រាលដាល​វីរុស​កូរ៉ូណា​ចំពោះ​សេដ្ឋកិច្ច​។

កញ្ចប់​ជំនួយ​ត្រូវបាន​ប្រកាស​ដាក់​ជា​របាយការណ៍​ដាក់ជូនទៅ​រដ្ឋសភា​កាលពី​ថ្ងៃ​សុក្រ​ដោយ​របាយការណ៍​នោះបាន​ព្យាករ​ថា សេដ្ឋកិច្ច​កាណាដា​នឹង​ធ្លាក់ចុះ ៥,១ ភាគរយ​ ក្នុង​ឆ្នាំ​ ២០២០ ដែលជា​ការធ្លាក់ចុះ​ដ៏អាក្រក់​បំផុត​ចាប់តាំងពី​ឆ្នាំ​ ១៩៦២​។

របាយការណ៍​សង្ខេប​ផ្ញើ​ទៅ​រដ្ឋសភា​បាន​សរសេរ​ថា​៖ «​បច្ចុប្បន្ននេះ​ទស្សនវិស័យ​សេដ្ឋកិច្ច និង​សារពើពន្ធ​មិន​ច្បាស់លាស់​ទាល់តែសោះ​។ សេណារីយោ​មួយចំនួន​កំពុង​ពិចារណា ប៉ុន្តែ​គ្មាន​សេណារីយោ​ណាមួយ​អាច​សម្រេចបាន​នោះទេ​»​។

របាយការណ៍​បាន​សន្និដ្ឋានថា វិធានការ​គម្លាត​សង្គម និង​ការ​នៅ​ដាច់​ឆ្ងាយ​បណ្តាល​មកពី​កូវីដ​ ១៩ នាពេលនេះ «​នឹង​រក្សា​រហូតដល់​ខែសីហា​ដែល​មាន​រយៈពេល ៦ ​ខែ​ពេញ​»​។

របាយការណ៍​ក៏បាន​សន្និដ្ឋាន​ដែរ​ថា តម្លៃ​ប្រេង​នឹង​នៅតែ​ធ្លាក់ចុះ​ទាប​ដូច​តម្លៃ​បច្ចុប្បន្ន​។

ក្នុង​សេណារីយោ​នេះ​ឱនភាព​ថវិកា​របស់​រដ្ឋ​សហព័ន្ធ​សម្រាប់​ឆ្នាំសារពើពន្ធ​ឆ្នាំនេះ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១ ខែ​មេសា​មាន​ចំនួន ១១២,៧ ​ពាន់​លាន​ដុល្លារ​កាណាដា​លើស​ការព្យាករ​ឆ្នាំ​ ២០១៩-២០២០ ចំនួន​ ៥ ​ដង​ដែល​សមមូល​នឹង​ ៥,២ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​កាណាដា​។

កាណាដា​ដែល​ជា​ប្រទេស​ផលិត​ប្រេង​ធំ​បំផុត​ទី ៤ ក្នុង​ពិភពលោក​ត្រូវ​បាន​បំផ្លាញ​ដោយ​តម្លៃ​ប្រេងឆៅ​ធ្លាក់ចុះ​ទាប​ដែល​បណ្តាល​ឲ្យ​សេដ្ឋកិច្ច​ជាប់គាំង ព្រោះតែ​ការរីក​រាលដាល​វីរុស​កូរ៉ូណា​ព្រម​ទាំង​សង្គ្រាម​តម្លៃ​ប្រេង​រវាង​រុស្ស៊ី និង​អារ៉ាប៊ីសាអ៊ូឌីត​។

ការិយាល័យ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា ការឧបត្ថម្ភ​ធន​ប្រាក់ខែ​ ៧៥ ​ភាគរយ​សម្រាប់​អាជីវកម្ម​ដែល​មាន​លក្ខណសម្បត្តិ​ទទួលបាន​ដោយ​កើន​ពី ១០ ​ភាគរយ​ ដែល​បានប្រកាស​កាលពី​សប្តាហ៍​មុន​គឺ​មាន​រយៈពេល​ ៣ ​ខែ​ដើម្បី​ដំណើរការ​ឡើងវិញ​រហូត​ដល់​ថ្ងៃទី​ ១៥ ខែ​មីនា​។

លោកនាយក​រដ្ឋមន្ត្រី Trudeau និយាយថា​៖ «​អាជីវកម្ម​ខ្នាតតូច​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​របស់​យើង ហើយ​ពួកគេ​កំពុង​ប្រឈម​ការលំបាក និង​ភាពមិន​ច្បាស់លាស់​ផ្នែក​សេដ្ឋកិច្ច​ក្នុង​អំឡុង​ការរីករាលដាល​កូវីដ​ ១៩»​។

លោក​បន្ថែមថា​៖ «​នេះ​ជា​ហេតុផល​ដែល​យើង​កំពុង​ចាត់វិធានការ​បន្ថែម​ដើម្បី​ជួយ​ពួកគេ​ទទួលបាន​ហិរញ្ញវត្ថុ​ដែល​ត្រូវការ​ដើម្បី​ថែរក្សា​បុគ្គលិក និង​ទូទាត់​ការចំណាយ​»​។

ប្រជាជន​កាណាដា​ជាង​ ១ ​លាន​នាក់​ បាន​បាត់បង់​ការងារ​របស់​ពួកគេ​ចាប់តាំងពី​សប្តាហ៍​មុន ដោយសារ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ដ៏មហា​អាក្រក់​បង្កដោយ​ជំងឺ​រាតត្បាត​ទូទាំង​សកលលោក​។

ធនាគារ​កាណាដា​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីប្រកាស​របស់ខ្លួន​កាលពី​លើកមុន​ដោយ​ពន្យល់ថា ការសម្រេចចិត្ត​លើ​អត្រា​ការប្រាក់​មិនទាន់​កំណត់ពេល​នោះទេ ការផ្ទុះ​ឡើង​នេះ​មាន​ផល​លំបាក​យ៉ាងខ្លាំង​សម្រាប់​ប្រជាជន​កាណាដា និង​វិស័យសេដ្ឋកិច្ច​តែម្តង​ដូចជា​តម្លៃ​ប្រេង​ក្នុង​ពិភពលោក​បាន​ធ្លាក់ចុះ ដោយ​ធនាគារ​កាណាដា​បាន​និយាយ​ក្នុង​សេចក្តីប្រកាស​របស់ខ្លួន​កាលពី​លើក​មុន​ថា ការសម្រេចចិត្ត​លើ​អត្រា​ការប្រាក់​មិនទាន់​កំណត់ពេល​នោះទេ​។

ធនាគារ​កាណាដា​បាន​ឲ្យ​ដឹងថា​៖ «​គោលបំណង​នៃ​ការ​កាត់​អត្រា​ការប្រាក់​គឺ​ដើម្បី​គាំទ្រ​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ក្នុងតួនាទី​កណ្តាល​របស់​ខ្លួន​នៃ​ការផ្តល់​ឥណទាន​ក្នុង​សេដ្ឋកិច្ច ហើយ​ដាក់ចេញ​នូវ​មូលដ្ឋានគ្រឹះ​សម្រាប់​ការវិលត្រឡប់​របស់​វិស័យសេដ្ឋកិច្ច​ទៅរក​ប្រក្រតីភាព​ឡើងវិញ​»៕ RR