ក្រុងតូរ៉ុនតូៈ តុលាការ​ក្នុង​ទីក្រុង​តូរ៉ុនតូ​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Volkswagen (VW) បង់ប្រាក់​ពិន័យ ១៩៦,៥ លាន​ដុល្លារ​កាណាដា (១៥០ ​លាន​ដុល្លារ​អាមេរិក​) បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​បាន​សារភាព​កំហុស​ចំពោះ​ការរំលោភច្បាប់​បរិស្ថាន​ក្នុង​រឿងអាស្រូវ​បោក​បន្លំ​ការបញ្ចេញ​កាបូន​។

តុលាការ​បាន​ទទួល​យក​កិច្ចព្រមព្រៀង​មួយ​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អាល្លឺម៉ង់​មួយ​នេះ ​សម្រេច​បាន​ជាមួយ​រដ្ឋាភិបាល​កាណាដា​ដែល​កាលពី​ខែ​ធ្នូ​បាន​ដាក់​ការចោទប្រកាន់​ជា​ផ្លូវការ​ប្រឆាំង​នឹង​ក្រុមហ៊ុន​នេះ​។

ប្រាក់​ពិន័យ​នេះ​គឺជា​ការបន្ថែម​លើ​ប្រាក់​ពិន័យ​ជិត ២,៤ ពាន់​លាន​ដុល្លារ​កាណាដា ​ដែល​ក្រុមហ៊ុន Volkswagen បាន​ព្រមព្រៀង​បង់​ក្នុង​ឆ្នាំ​ ២០១៦ ដើម្បី​សង​ជំងឺចិត្ត​ដល់​ប្រទេស​កាណាដា​ដែល​បាន​ទិញ​រថយន្ត​ប្រហែល ១៣០ ០០០ គ្រឿង​ ដែល​មិន​បាន​ឆ្លើយតប​ទៅនឹង​ស្តង់ដា​របស់​កាណាដា​ចាប់ពី​ឆ្នាំ​ ២០០៩ ​ដល់​ឆ្នាំ​ដែល​ត្រូវ​ពិន័យ​ព្រមទាំង​ប្រាក់​ពិន័យ​ចំនួន ១៧,៥ ​លាន​ដុល្លារ​កាណាដា​ សម្រាប់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្លែងក្លាយ​។

កាលពី​ខែធ្នូ​ឆ្នាំ​មុន ទីក្រុង​អូតាវ៉ា​បាន​ចោទប្រកាន់​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​ពីបទ​ដឹងឮ​អំពី​ការ​នាំចូល​រថយន្ត​ចូល​ក្នុង​ប្រទេស​កាណាដា​ដែល​មិន​ឆ្លើយតប​នឹង​ស្តង់ដា​បញ្ចេញ​កាបូន បន្ទាប់ពី​ចំណាយពេល​ស៊ើបអង្កេត​អស់​រយៈពេល ៤ ​ឆ្នាំ​។

ចៅក្រម Enzo Rodinelli បានចេញ​បញ្ជា​កាលពី​ថ្ងៃ​ពុធ​ថា ក្រុមហ៊ុន Volk-swagen មាន​ពេល​ ៣០ ​ថ្ងៃ​ដើម្បី​បង់ប្រាក់​ពិន័យ​នេះ​។

យោងតាម​ព្រះរាជអាជ្ញា​លោក Tom Lemon ទឹកប្រាក់​នេះ «​មាន​ទំហំ​ច្រើនជាង ២៦ ​ដង​ធៀប​នឹង​ប្រាក់​ពិន័យ​ខ្ពស់បំផុត​ដែល​ធ្លាប់មាន (​ដែល​ត្រូវបាន​ដាក់ពិន័យ​) សម្រាប់​បទល្មើស​បរិស្ថាន​នៅ​ប្រទេស​ កាណាដា​»​។

ប្រាក់​ពិន័យ​នេះ​តំណាង​ឲ្យ​ការពិន័យ​ចំនួន ១ ៤៥០ ​ដុល្លារ​កាណាដា​ សម្រាប់​រថយន្ត​ ១ ​គ្រឿង ​នៃ​រថយន្ត​ម៉ាក Volk-swagen, Audi និង Porsche សរុប​ចំនួន ១៣០ ០០០ គ្រឿង​ ដែល​ត្រូវបាន​នាំចូល​ក្នុង​ប្រទេស ​កាណាដា​ក្នុងអំឡុង​ពេលនោះ​ព្រមទាំង​ទឹកប្រាក់​សរុប​ចំនួន ៨ ​លាន​ដុល្លារ​កាណាដា ​ពី​បទ​បង្ក​ឲ្យ​អ្នកប្រើប្រាស់​យល់ច្រឡំ​។

ក្រុមហ៊ុន Volkswagen បាន​សារភាព​ក្នុង​ឆ្នាំ​ ២០១៥ ​ថា ខ្លួន​បំពាក់​សូហ្វវែរ​ដោយ​ចេតនា​លើ​រថយន្ត​ជាង​ ១១ ​លាន​គ្រឿង​ ដើម្បី​បន្លំ​ការបញ្ចេញ​កាបូន​ក្នុងពេល​ធ្វើតេស្ត​ដោយ​អាជ្ញាធរ​៕ KC