ទីក្រុង​ម៉ុងរ៉េអាល់៖ រដ្ឋាភិបាល​កាណាដា​​កាល​ពី​ថ្ងៃ​សៅរ៍​បាន​ប្រកាស​​ផ្តល់​ជំនួយ​​ឥត​សំណង​​​សរុប​ ៦៩១ ​លាន​កាណាដា (៥៣១ ​លាន​ដុល្លារ​អាមេ​រិក​) ដល់​​អ្នក​ចិញ្ចឹម​សត្វ​​​​ និង​ចិញ្ចឹម​សត្វ​យក​ស៊ុត ​ដែល​ខាត​​បង់​បណ្តាល​មក​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​ជាមួយ​អឺរ៉ុប និង​ប្រទេស​មួយ​ចំនួន​នៅ​​អាស៊ីប៉ាស៊ីហ្វិក​។

ប្រទេស​កាណាដា​ ​គ្រប់គ្រង​​ផលិតកម្ម​សត្វ​ និង​តម្លៃ​ស៊ុត ​និង​ផលិតផល​ទឹកដោះគោ​តាមរយៈ​​ការ​ចេញ​កូតា​ប្រចាំ​ឆ្នាំ​ ​និង​ពន្ធ​នាំចូល​ ដែល​ជា​ប្រព័ន្ធ​ត្រូវ​បាន​ចាត់​ទុក​ជា​អ្នក​ការពារ​និយម​ដោយ​ដៃ​គូ​បរទេស។

ប៉ុន្តែ​​ជាមួយ​ការ​ចូល​ជា​ធរមាន​​ក្នុង​ឆ្នាំ​ថ្មីៗ​នេះ នៃ​កិច្ច​ព្រមព្រៀង​​ពាណិជ្ជកម្ម​សេរី​​​ជាមួយ​​សហភាព​អឺរ៉ុប​​ ​(CETA) និង​​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ផ្សេង​​ទៀត​ជាមួយ​ប្រទេស​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​​​មួយ​ចំនួន (TPP) ទីក្រុង​ Ottawa បាន​យល់ព្រម​បើក​ចំហ​ទីផ្សារ​របស់​ខ្លួន​បន្ថែម​​ទៅ​ដល់​​អ្នក​ផលិត​បរទេស​​ ដែល​​ធ្វើ​ឱ្យ​​កសិករ​កាណាដា​មាន​ការ​ខឹង​សម្បា។ ​តាមរយៈ​ការ​ប្រកាស​អំពី​ការ​រំលោភ​បំពាន​លើ​ប្រព័ន្ធ​គ្រប់គ្រង​​ការ​ផ្គត់ផ្គង់​ដែល​បាន​បង្កើត​ឡើង​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ១៩៧០​ រដ្ឋាភិបាល​របស់​នាយក​រដ្ឋមន្រ្តី​ Justin Trudeau បាន​សន្យា​ថា​ ខ្លួន​នឹង​ផ្តល់​សំណង​ដល់​អ្នក​បង្កាត់​ពូជ​។

រដ្ឋមន្ត្រី​កសិកម្ម​ ​និង​​កសិ​ម្ហូប​អាហារ​កាណាដា​ លោកស្រី​ Marie-Claude Bibeau បាន​និយាយ​ថា ជំនួយ​របស់​រដ្ឋ​សហព័ន្ធ​​​ដល់​អ្នក​ចិញ្ចឹម​សត្វ​យក​​ស៊ុត​ និង​​​ចិញ្ចឹម​សត្វ​យក​សាច់​​​ប្រមាណ​​ ៤ ៨០០ ​​នឹង​ពង្រីក​រយៈពេល​រហូត​ដល់​ ១០ ​ឆ្នាំ​​។

លោកស្រី Bibeau ក៏បាន​ប្រកាស​​​ពី​ការ​ពន្លឿន​នៃ​ការ​ទម្លាក់​​​ថវិកា​ ១,៧៥ ​ពាន់​លាន​កាណាដា​ ដែល​បាន​សន្យា​ក្នុង​ឆ្នាំ​ ២០១៩ ​ដើម្បី​ផ្តល់​សំណង​​ដល់​កសិករ​​ផលិត​ទឹក​ដោះគោ​ជាង​​ ៨​ ឆ្នាំ។​

កសិករ​ជាង​ ១០ ០០០ ​​គ្រួសារ ​​ទទួល​បាន​ជំនួយ​ដំបូង​​​ចំនួន​ ៣៤៥ ​លាន​ដុល្លារ​​កាណាដា​កាល​ពី​ឆ្នាំ​មុន។

ទឹក​ប្រាក់​​ ១,៤ ​ពាន់​លាន​កាណា​ដា​ ​ដែល​នៅ​សល់​​នឹង​ត្រូវ​បាន​ចំណាយ​​ដល់​ពួក​​គេ​​នៅ​រយៈពេល​ ៣​ ឆ្នាំ​ខាង​មុខ​។

លោកស្រី​​ Bibeau បាន​លើក​ឡើង​នូវ​ឧទាហរណ៍​ចំពោះ​​ការ​ចំណាយ​​​ដោយ​និយាយ​ថា​ ម្ចាស់​កសិដ្ឋាន​​​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដែល​មាន​គោ​ ៨០ ​ក្បាល​ នឹង​ទទួល​បាន​ប្រាក់​សំណង​​ប្រហែល​​ ​៣៨​ ០០០ ​ដុល្លារ​កាណាដា​​ ក្នុង​ ១​ ឆ្នាំ។

លោកស្រី​ Bibeau ក៏បាន​បញ្ជាក់​ជា​ថ្មី​ថា ​គោល​បំណង​របស់​រដ្ឋាភិបាល​​ ដើម្បី​ផ្តល់​នូវ​សំណង​​ដល់​អ្នក​ចិញ្ចឹម​​ដែល​រងផល​ប៉ះពាល់​ដោយ​​ការ​បើក​ចំហ​ទីផ្សារ​​កាន់​តែ​ធំ​នេះ​ ក្រោម​កិច្ច​ព្រមព្រៀង​​ពាណិជ្ជកម្ម​​សេរី​​ថ្មី​រវាង​កាណាដា​ អាមេរិក ​និង​ម៉ិចស៊ិក ​ដែល​ចូល​ជាធរមាន​ចាប់​ពី​ដើម​ឆ្នាំ​នេះ៕​ AFP/RR