ក្រុង​អូតាវ៉ាៈ ប្រទេស កាណាដា ​កំពុង​ពិចារណា​បន្ថែម​ពី​ឈ្មោះ​ទំនិញ​ទៅ​​ក្នុង​បញ្ជី​ដក​ហូត​ពន្ធ​របស់​ខ្លួន ដើម្បី​បង្កើន​សម្ពាធ​ទៅ​លើ​ទីក្រុង​វ៉ាស៊ីនតោន​ ឲ្យ​បោះបង់​ការ​ដក​ហូត​ពន្ធ​លើ​អាលុយមីញ៉ូម និង​ដែក​ថែប។ នេះ​​បើ​យោង​តាម​ការ​ថ្លែង​របស់​លោក​ស្រី Chrystia Freeland រដ្ឋមន្ត្រី​ក្រសួង​ការបទេស​កាណាដា។

លោក​ស្រី Freeland បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ក្នុង​ទីក្រុង​អូតាវ៉ា​ ប្រទេស ​កាណាដា ​ថា៖ «យើង​កំពុង​សម្លឹង​មើល​រក​វិធី​នានា​ដែល​យើង​អាច​​កែ​សម្រួល​បញ្ជី​ដក​ហូត​ពន្ធ​​សងសឹក​ដើម្បី​ឲ្យ​មាន​ផល​ប៉ះពាល់​​កាន់​តែ​ខ្លាំង​ថែម​ទៀត»។

កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៧ ប្រទេស ​កាណាដា ​បាន​វាយ​ប្រហារ​តបត​វិញ​ទៅ​​កាន់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​ការ​​ដក​ហូត​ពន្ធ​សងសឹក​ទៅ​លើ​ទំនិញ​របស់​អាមេរិក​រួម​ទាំង ទឹក​ក្រូច ​ទឹក​ប៉េងបោះ និង​ស្រា​វីស្គី ដែល​មាន​តម្លៃ​សរុប ១៦,៦ ពាន់​លាន​ដុល្លារ​កាណាដា (១២,៥ ពាន់​លាន​ដុល្លារ​អាមេរិក)។

ការ​ដក​ហូត​ពន្ធ​នេះ​បាន​កើត​មាន​ឡើង​​បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ដក​ហូត​ពន្ធ ២៥ ភាគរយ លើ​ការ​នាំចូល​ផលិតផល​ដែក និង ១០ ភាគរយ ​លើ​អាលុយមីញ៉ូម។

លោក David MacNaughton ឯកអគ្គ​រាជទូត​កាណាដា​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន ត្រូវ​បាន​រាយការណ៍​​ថា​បាន​ប្រាប់​អ្នក​កាសែត​ផ្នែក​​កសិកម្ម​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ចន្ទ​ថា ផលិតផល​កសិកម្ម​អាមេរិក​ចំនួន​ដ៏​ច្រើន ដូចជា​ផ្លែ​ប៉ោម សាច់ជ្រូក និង​ស្រា អាច​ស្ថិត​ក្នុង​បញ្ជី​ពន្ធ​សង​សឹក​ដែល​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​នេះ។

ប៉ុន្តែ​កាសែត Politico បាន​រាយការណ៍​ដោយ​ដក​ស្រង់​សម្តី​របស់​លោក​ ខណៈ​ដែល​លោក​បាន​ថ្លែង​ថា ​វិធានការ​នេះ​មិន​​គួរ​​ត្រូវ​បាន​បក​ស្រាយ​ថា​ជា​ការ​​បង្កើន​ជម្លោះ​ពាណិជ្ជកម្ម​នោះ​ទេ។

ជំនួស​មក​វិញ លោក MacNaughton បាន​ពន្យល់​ថា ទំនិញ​ដែល​នឹង​ត្រូវ​បន្ថែម​ទៅ​ក្នុង​បញ្ជី​នេះ​នឹង​ ជួយ​បំពេញ​ឱនភាព​​​ពន្ធ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ពេល​ប្រទេស ​កាណាដា ​បាន​លើកលែង​ពន្ធ​លើ​ទំនិញ​​អាមេរិក​ក្នុង​តម្លៃ​ជាង ២៨៥ ពាន់​លាន​ដុល្លារ​កាណាដា (២១៤ ពាន់​លាន​ដុល្លារ​អាមេរិក)។

កាល​ពី​ខែ​មុន លោកស្រី Freeland បាន​ថ្លែង​ថា ទីក្រុង​អូតាវ៉ា​នឹង​មិន​ផ្តល់​សច្ចាប័ន​ដល់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ប្រចាំ​ទ្វីប​​អាមេរិក​ដែល​ទើប​នឹង​សម្រេច​បាន​​ជាមួយ​សហរដ្ឋ​អាមេរិក និង​ប្រទេស ​ម៉ិកស៊ិក ​នោះ​ទេ លុះត្រា​តែ​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម​របស់​អាមេរិក​ត្រូវ​បាន​ដក​ចេញ៕ AFP/KC