ក្រុង​អូតាវ៉ាៈ ក្រុម​អ្នក​ស្រាវជ្រាវ​របស់​កាណាដា បាន​រក​ឃើញ​​យុទ្ធនាការ​បង្កើត​ព័ត៌មាន​​មិន​ពិត​មួយ​ដែល​អាច​មាន​ទំនាក់ទំនង​ទៅ​នឹង​​អ៊ីរ៉ង់ ដើម្បី​បាច​សាច​ព័ត៌មាន​​មិន​ពិត​ដោយ​ផ្តោត​ទិសដៅ​ជា​ចម្បង​លើ​​​អ៊ីស្រាអែល អារ៉ាប៊ីសាអ៊ូឌីត និង​សហរដ្ឋ​អាមេរិក។

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​​សាកល​វិទ្យាល័យ Toronto ឲ្យ​ដឹង​ថា ក្រុម​នេះ​បាន​ក្លែង​​ខ្លួន​ធ្វើ​ជា​ស្ថាប័ន​ព័ត៌មាន​​ស្រប​ច្បាប់ ​​ដើម្បី «សាប​ព្រោះ​ព័ត៌មាន​មិន​ពិត និង​ពង្រឹង​ព័ត៌មាន​​​នានា​ដែល​មាន​ភាព​សំខាន់​ខ្លាំង​ចំពោះ​អារ៉ាប់ប៊ីសាអ៊ូឌីត អាមេរិក និង​​អ៊ីស្រាអែល»។

ក្រុម​យុទ្ធនាការ​​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ហៅ​ថា «សត្វ​​ល្អិត​គ្មាន​ទី​បញ្ចប់» នោះ ក្រោយ​​មក​នឹង​ប្រើប្រាស់​អត្តសញ្ញាណ​​​អនឡាញ​​ក្លែងក្លាយ ដើម្បី​ពង្រឹង​​ព័ត៌មាន​ទាំង​នោះ​ តាម​​រយៈ​ការ​សរសេរ​អំពី​ព័ត៌មាន​​​ទាំង​នោះ ឬ​ចែក​រំលែក​លីង​ (link) ទៅ​កាន់​មនុស្ស​ផ្សេង​ទៀត។

ព័ត៌មាន​​ដែល​ត្រូវ​បាន​បោះ​ផ្សាយ​​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូលំទូលាយ ជា​ញឹកញាប់​ត្រូវ​បាន​ជ្រើសរើស​យក​មក​ផ្សព្វផ្សាយ​បន្ត​​ដោយ​អ្នក​កាសែត​ផ្សេង​​ទៀត។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ដក​ស្រង់​​ឧទាហរណ៍​មួយ​អំពី​រឿង​រ៉ាវ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាល​ពី​ឆ្នាំ ២០១៧ ដែល​ត្រូវ​បាន​ព័ត៌មាន​ក្លែងក្លាយ​​រាយការណ៍​ថា Reuters មាន​បំណង​បោះ​ពុម្ព​កាសែត​ឈ្មោះ​ The Local ក្នុង​ប្រទេស​ ​​ស្វ៊ីស។ ព័ត៌មាន​នេះ​ត្រូវ​បាន​​យក​មក​ផ្សាយ​បន្ត​ដោយ​កាសែត​​​ផ្សេង​ទៀត​មុន​ពេល Reuters ចេញ​មុខ​បក​ស្រាយ​អំពី​បញ្ហា​នេះ៕ AFP/KC