ភ្នំពេញៈ ធនា​គារ ​កា​ណា​ឌី​យ៉ា ​ជា​ធនា​គារ​ឈាន​មុខ​គេ​ទី​ ២ ​របស់​កម្ពុជា​បើ​គិត​ពី​ទ្រព្យ​សកម្ម​ បាន​ប្រ​កាស​​ថា ខ្លួន​បម្រុង​ទុក​កញ្ចប់​ហិ​រញ្ញ​ប្ប​ទាន​ ១៥០ ​លាន​ដុល្លារ​ជា​ប្រ​ភព​មូល​និ​ធិ​ថ្មី​ សម្រាប់​​​សហ​គ្រាស​​ធុន​តូច ​និង​មធ្យម​ ​(SME)​។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ដ្រី​ប្រតិ​បត្តិ​ធនា​គារ​នេះ​កាល​ពី​ថ្ងៃ​ពុធ​។​

លោក ​Charles ​Vann ​អនុ​ប្រ​ធាន​ប្រតិ​បត្តិ​របស់​ធនា​គារ ​កា​ណា​ឌី​យ៉ា ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា កញ្ចប់​​ហិរញ្ញ​ប្ប​ទាន​ ដែល​ធនា​គារ​ទើប​តែ​បញ្ចេញ​នេះ​នឹង​គិត​អត្រា​ការ​ប្រាក់​ ៧,​៨៨ ​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ​​ ​ដែល​លោក​លើក​ឡើង​ថា ជា​កម្រិត​ទាប​បំ​ផុត​ ​បើ​ធៀប​នឹង​អត្រា​ការ​ប្រាក់​របស់​​គ្រឹះ​ស្ថាន​កម្ចី​ផ្សេង​ទៀត​។

លោក​ថ្លែង​ថា​៖ «​វា​​មិន​ខុស​គ្នា​ច្រើន​ទេ ពី​​ប្រ​ភេទ​កម្ចី​ដែល​មាន​ស្រាប់​របស់​យើង​ ប៉ុន្តែ​គ្រាន់​តែ​យើង​មិន​ដែល​​លៃ​ទុក​កញ្ចប់​​ហិ​រញ្ញប្ប​ទាន​ច្រើន​ដូច​នេះ​ពី​មុន​មក ​សម្រាប់​វិ​ស័យ​ជាក់​លាក់​មួយ​នេះ​​»។

​លោក​បន្ថែម​ថា​៖ «​យើង​មើល​ឃើញ​​កំ​ណើន​រឹង​មាំ​នៃ​ SME នៅ​កម្ពុជា​ ហើយ​ពួក​គេ​ត្រូវ​ការ​កម្ចី​សម្រាប់​ការ​ពង្រីក​អា​ជីវ​កម្ម​ ដូច្នេះ​យើង​បាន​សម្រេច​ចិត្ត​​ក្នុង​ការ​បម្រុង​កញ្ចប់​កាន់​តែ​ធំ​សម្រាប់​កម្ចី​ SME»​។​

ធនា​គារ ​កា​ណា​​ឌី​យ៉ា ​រក​បាន​ប្រាក់​ចំ​ណេញ​សុទ្ធ​​ប្រហែល​ ៨០,​៧៨​ លាន​ដុល្លារ​ កាល​ពី​ឆ្នាំ​ ២០១៧​។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​ត្រួត​ពិ​និត្យ​ប្រ​ចាំ​ឆ្នាំ​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា​ (NBC)​។​​ ប្រាក់​បញ្ញើ​សរុប ​នៅ​ធនា​គារ​នេះ ​បាន​កើន​ឡើង​ដល់​ ៣,៣ ​ពាន់​លាន​ដុល្លារ​ កាល​ពី​ចុង​ឆ្នាំ​ ២០១៧ ​ខណៈ​កម្ចី​​មាន​ចំនួន​ ២,៥ ​ពាន់​លាន​ដុល្លារ​កាល​ពី​ចុង​ឆ្នាំ​ ២០១​៧​។

លោក​នា​យក​រដ្ឋ​​មន្ដ្រី ​ហ៊ុន ​សែន ​កាល​​ពី​ខែ​ធ្នូ ​ឆ្នាំ​មុន​បាន​សន្យា​ថា ​នឹង​ចាប់​ផ្ដើម​ធនា​គារ​ថ្មី​ ដោយ​មាន​​មូល​ធន​ដំ​បូង ​១០០ ​លាន​ដុល្លារ ​ដើម្បី​ផ្ដល់​ហិ​រញ្ញប្ប​ទាន​សម្រាប់​សហ​គ្រាស​ធុន​តូច ​និង​មធ្យម​ (SME)។ ​ប៉ុន្តែ​​ចាប់​តាំ​ង​​​ពី​ការ​ប្រ​កាស​​រហូត​មក​ដល់​ពេល​នេះ ​ព័ត៌​មាន​​​​វិវឌ្ឍន៍​នៃ​ការ​ចាប់​ផ្តើម​ធនា​គារ​នេះ​​មិន​ត្រូវ​បាន​បង្ហាញ​​​នោះ​ទេ​៕​LA