ភ្នំពេញៈ ក្រុមហ៊ុនកាណាឌីយ៉ា គ្រុប បានដាក់ឲ្យដំណើរការជាផ្លូវការនូវគម្រោងលើកទឹកចិត្តដល់ក្រុមហ៊ុនចុះបញ្ជីនៅក្នុងផ្សារហ៊ុន ដែលត្រូវបានគេអះអាងថា នឹងជំរុញការចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជាកាន់តែច្រើន។
ក្រុមហ៊ុនកាណាឌីយ៉ា គ្រុប បានចុះកិច្ចព្រមព្រៀងសហការជាមួយគណៈកម្មការមូលបត្រកម្ពុជាសម្រាប់ការផ្តល់ការលើកទឹកចិត្តពិសេសទៅដល់ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារហ៊ុន កាលពីថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០១៩។
លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា (SECC) បាននិយាយថា នេះជាដំណើរវិវឌ្ឍន៍ថ្មីមួយទៀតរបស់វិស័យមូលបត្រនៅប្រទេស កម្ពុជា។
លោកនិយាយថា បច្ចុប្បន្នក្រុមហ៊ុនមកចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជានឹងទទួលបានការលើកទឹកចិត្តពិសេសផ្នែកពន្ធដារពីរដ្ឋាភិបាល។ លោកបន្តថា ជាមួយនឹងកិច្ចសហការនាពេលនេះ ក្រុមហ៊ុនដែលចុះបញ្ជី និងបុត្រសម្ព័ន្ធរបស់ខ្លួន នឹងទទួលបានបន្ថែមនូវកញ្ចប់អត្ថប្រយោជន៍ពិសេសពីលើទៀត។ លោកថ្លែងថា៖ «កិច្ចសហការជាមួយធនាគារកាណាឌីយ៉ា នឹងជួយលើកទឹកចិត្តបន្ថែមទៀតដល់ក្រុមហ៊ុនក្នុងការងាកមកចាប់អារម្មណ៍ចំពោះការចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា»។
លោកបានបន្តថា ការជួយពីវិស័យធនាគារ គឺពិតជាមានសារៈសំខាន់សម្រាប់វិស័យមូលបត្រ ព្រោះវិស័យទាំង ២ មិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ។ លោកអះអាងថា៖ «នៅពេលវិស័យមូលបត្រមានដំណើរការល្អ ធនាគារក៏នឹងមានដំណើរកាន់តែល្អផងដែរ»។
សម្រាប់កិច្ចព្រមព្រៀងនេះ ធនាគារកាណាឌីយ៉ា នឹងផ្តល់ឲ្យក្រុមហ៊ុនចុះបញ្ជី និងបុត្រសម្ព័ន្ធក្រុមហ៊ុនចុះបញ្ជីនូវអត្ថប្រយោជន៍ជាច្រើនទាក់ទងនឹងប្រតិបត្តិការជាមួយធនាគារកាណាឌីយ៉ា និងបុត្រសម្ព័ន្ធរបស់កាណាឌីយ៉ា រួមមានការទទួលបានអត្រាការប្រាក់ទាបសម្រាប់ទាំងក្រុមហ៊ុនចុះបញ្ជី និងបុគ្គលិកដែលស្នើសុំកម្ចីពីកាណាឌីយ៉ា។
លោក Raymond Sia Say Guan នាយកប្រតិបត្តិធនាគារកាណាឌីយ៉ា បានឲ្យដឹងថា ក្នុងនាមជាធនាគារដែលមានដៃគូទំនាក់ទំនងជាច្រើនជាមួយក្រុមហ៊ុនធំៗ និងអាជីវកម្មខ្នាតតូច និងមធ្យមនោះ ការផ្តល់នូវកញ្ចប់អត្ថប្រយោជន៍ពិសេសនេះនឹងរួមចំណែកអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជាឲ្យកាន់តែរីកចម្រើន។
លោកថ្លែងថា៖ «យើងមានជំនឿថា កញ្ចប់ហិរញ្ញប្បទានពិសេសនេះ នឹងជួយជំរុញលើកទឹកចិត្តបន្ថែមទៀតដល់ក្រុមហ៊ុន ក្នុងការពិចារណាធ្វើការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា»។
លោកបន្តថា កញ្ចប់អត្ថប្រយោជន៍នេះនឹងផ្តល់ជូនក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ព្រមទាំងបុគ្គលិកដែលកំពុងបម្រើការងារក្នុងក្រុមហ៊ុនចុះបញ្ជីផងដែរ។
លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឲ្យដឹងថា នេះជាការបំពេញឲ្យគ្នាទៅវិញទៅមកនៃវិស័យមូលបត្រ និងវិស័យធនាគារ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការគ្រប់គ្រងលំហូរសាច់ប្រាក់កាន់តែមានប្រសិទ្ធភាព។
លោកបញ្ជាក់ថា៖ «នេះបានបង្ហាញពីការចាប់ផ្តើមដ៏ល្អ និងភាពរីកចម្រើននៃទីផ្សារមូលបត្រកម្ពុជាប្រកបដោយស្ថិរភាព»៕ LA